ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ សាកលវិទ្យាល័យសៀងហៃ (MTCC Asia) នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្ពោធដាក់ឲ្យប្រតិបត្តិការ សាខាការិយាល័យ មណ្ឌលប្រតិបត្តិការ ដឹកជញ្ជូនតាមផ្លូវទឹក តាមបច្ចេកវិទ្យានៅកម្ពុជា ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីដ សម្រាប់តំបន់អាស៊ី Maritime Technology Cooperation Center for Asia (MTCC-Asia) សិក្ខាសាលាថ្នាក់អនុតំបន់លើកទី១ របស់ MTCC-Asia និងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ក្រោមការឧបត្ថមរបស់អង្គការនាវាចរណ៍សមុទ្រអន្តរជាតិ ដែលមានតំណាងមកពីប្រទេសចំនួន៧ចូលរួម៖ កម្ពុជា ចិន វៀតណាម មីយ៉ានម៉ា ឥណ្ឌា ថៃ និងម៉ាឡេស៊ី ។
ក្នុងពិធីសម្ពោធ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារ សុខាភ្នំពេញ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រតិបត្តិការសាខាការិយាល័យ MTCC-Asia នៅកម្ពុជា គឺបានផ្ដល់អត្ថប្រយោជន៍យ៉ាងមហាសាលដល់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ី ក្នុងការលើកកម្ពស់បច្ចេកវិទ្យាដឹកជញ្ជូនតាមផ្លូវទឹកប្រកបដោយប្រសិទ្ធផល ពោលគឺការកាត់បន្ថយការបំពុលបរិយាកាសដោយឧស្ម័នកាបូនឌីអ៊ុកស៊ីដឱ្យនៅកម្រិតទាបបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីឆ្លើតបទៅនឹងបម្រែប្រួលអាសធាតុសកល និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបស់វា។
លោកទេសរដ្ឋមន្ត្រីបានប្ដេជ្ញាថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសហការយ៉ាងមុតមាំជាមួយនឹងសាខាការិយាល័យ MTCC-Asia ដើម្បីធានាឱ្យសម្រេចបាននូវគោលបំណងសម្រាប់មនុស្សជាតិដ៏ថ្លៃថ្លានេះ ព្រមទាំងសង្ឃឹមយ៉ាងកក់ក្ដៅថាសិក្ខាសាលានេះ នឹងផ្ដល់ឱកាសដល់សិក្ខាកាមមកពីប្រទេសក្នុងតំបន់អាស៊ីបានដោះដូរបទពិសោធន៍គ្នាទៅវិញទៅមកប្រកមដោយផ្លែផ្កាបំផុត។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ អង្គការនាវាចរណ៍សមុទ្រអន្តរជាតិ សហគមអឺរ៉ុប និងMTCC-Asia ដែលបានជ្រើសរើសយកប្រទេសកម្ពុជា ដើម្បីប្រតិបត្តិការសាខាការិយាល័យរបស់ខ្លួន៕ ដោយ ៖ បញ្ញាស័ក្តិ