គីម ជុងហ៊ីយុន (Kim Jong-hyun) អ្នកចំរៀងនាំមុខគេម្នាក់របស់ក្រុមចំរៀងបុរសដ៏ល្បីរបស់ កូរ៉េខាងត្បូងឈ្មោះ SHINee បានស្លាប់នៅថ្ងៃច័ន្ទម្សិលមិញ ដោយសារតែការធ្វើអត្តឃាតខ្លួនឯង។ គាត់ស្លាប់នៅអាយុ ២៨ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានកូរ៉េខាងត្បូង Yonhap។
គីម ដែលគេគ្រប់គ្នាហៅថា ជុងហ៊ីយុន ត្រូវបានគេប្រទះឃើញសន្លប់បាត់បង់ស្មារតីនៅផ្ទះជួលរបស់គាត់ក្នុងតំបន់ Cheongdam-dong ភាគខាងត្បូងទីក្រុងសេអ៊ូល នៅម៉ោងប្រហែល ៦ល្ងាច (ម៉ោងនៅកូរ៉េខាងត្បូង)។
បើតាមការបញ្ជាក់របស់ប៉ូលីសបានឲ្យដឹងថា បងស្រីរបស់តារាចំរៀងរូបនោះបានធ្វើការតេមកប្រព័ន្ធសង្គ្រោះបន្ទាន់នៅម៉ោង ៤ជាង ដោយបានរាយការណ៏ថា គាត់ជឿជាក់ថា ប្អូនប្រុសរបស់គាត់បានធ្វើអត្តឃាត។
អ្នកចំរៀងដ៏ល្បីរូបនោះ ត្រូវបានគេនាំទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរនោះ ប៉ុន្តែត្រូវបានគេប្រកាសថា ស្លាប់បាត់បង់ជីវិតទៅហើយ។ គាត់ត្រូវគេបញ្ជូនមកមន្ទីរពេទ្យដោយបេះដូងមិនធ្វើចលនាទេ ហើយក្រុមសង្គ្រោះបានព្យាយាមធ្វើចលនាបេះដូងឲ្យគាត់ ប៉ុន្តែគាត់មិនដឹងខ្លួនវិញនោះទេ។
ក្រុមអ្នកស៊ើបអង្កេតជឿជាក់ថា គាត់បានស្លាប់ដោយសារតែចំហាយផ្សែងពុល ខណៈដែលពួកគេបានរកឃើញដុំធ្យូងថ្មដុតនៅលើខ្ទះមួយ នៅពេលពួកគេទៅដល់ផ្ទះកើតហេតុ។
ចំនែកបងស្រីរបស់តារាចំរៀងរងគ្រោះដែលបានរាយការណ៏ពីករណីនោះ បានទទួលសារពីប្អូនប្រុសរបស់គាត់មុនកើតហេតុណ៏ ដោយក្នុងសារនោះប្អូនប្រុសគាត់សរសេរថា “សូមឲ្យខ្ញុំទៅចុះ។ ប្រាប់ខ្ញុំមកថា ខ្ញុំបានធ្វើល្អហើយ ហើយវាគឺជាការលាគ្នាចុងក្រោយ” ដែលនេះបញ្ជាក់ថាគាត់ទំនងចង់សម្លាប់ខ្លួនឯង។
ប៉ូលីសបញ្ជាក់ថា តារាងចំរៀងរងគ្រោះ ត្រូវបានគេដឹងថា បានសុំយោបល់ និងការណែនាំពីបងស្រីរបស់គាត់កាលពីថ្ងៃសៅរិ៍ ដោយប្រាប់បងស្រីគាត់ថា គាត់ពិបាកចិត្តខ្លាំង និងកំពុងឆ្លងកាត់ពេលវេលាដ៏លំបាក។
ចំនែកការបង្ហោះចុងក្រោយនៅលើបណ្តាញ Instagram របស់គាត់វិញនៅថ្ងៃទី ២០ ខែវិច្ឆការ គាត់បានសរសេរថា “ខ្ញុំសូមបូងសួងឲ្យអ្នកកុំឲ្យមានការឈឺចាប់”។
លោក Kim លេចមុខជាសាធារណៈដំបូងក្នុងក្រុម SHINee ក្នុងឆ្នាំ ២០០៨។ ក្រុមរបស់លោកក៏ធ្លាប់បានមកសំដែងនៅកម្ពុជាផងដែរ ហើយយុវវ័យកម្ពុជាភាគច្រើនស្គាល់រូបលោក និងក្រុមរបស់លោកតាមរយៈបទចំរៀង Ring Ding Dong ដែលមានក្បាច់រាំគួរឲ្យទាក់ទាញ៕ សុភ័ក្ត្រ