Wednesday, September 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជួបពិភាក្សា​ការងារ​ជាមួយ​អនុរដ្ឋមន្ត្រី​ចិន និង​អូស្ត្រាលី ក្នុង​កិច្ចប្រជុំ RCEP នៅ​កម្ពុជា​

​នៅ​រសៀល​ថ្ងៃ ទី​២ ខែមីនា ឆ្នាំ​២០១៩ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​គណៈប្រតិភូ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ លោក លី ឆេង​កាង (Li Chenggang) អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន និង​គណៈប្រតិភូ​អូស្ត្រាលី ដឹកនាំ​ដោយ លោក ម៉ាក ខូ​ល​ថុ​ន (Mark Coulton) អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ​នៃ​ប្រទេស​អូស្ត្រាលី ដែល​បាន​ចូលរួម​នៅក្នុង​អន្តរ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧ ស្ដីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែល​រៀបចំឡើង​នៅ​ទីក្រុង​សៀមរាប​។​

​នៅក្នុង​កិច្ចពិភាក្សា​ទ្វេភាគី​ខាងលើ លោក រដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ការងារ​មួយចំនួន​មក​ពិភាក្សា​ជាមួយ​ភាគី​ចិន​រួមមាន ការជំរុញ​រៀបចំ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន ដែលមាន​សារៈសំខាន់​សម្រាប់​ភាគី​ទាំងពីរ ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ទៅវិញទៅមក តាម​ក្របខណ្ឌ​នៃ​ច្បាប់​។ ក្រៅពីនេះ លោក​រដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ស្នើសុំ​ភាគី​ចិន​សម្រួល​នីតិវីធី ដើម្បី​អនុវត្ត​គោលការណ៍​នាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន​ឲ្យ​បាន ៤០០,០០០ តោន តាម​ការផ្ដល់ជូន​រប​ស់​ចិន ក៏ដូចជា​ពិភាក្សា​លើ​លទ្ធភាព​ចុះហត្ថលេខា​លើ​វិធី​សារ​ជា​កញ្ចប់​សម្រាប់​សម្រួល​ដ​ល់​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​។

​លោក លី ឆេង​កាង បាន​ឯកភាព​លើ​សារៈប្រយោជន៍​នៃ​ចំណុច​ពិភាក្សា​ទាំងអស់​ដែល​ភាគី​កម្ពុជា បាន​លើក​។ ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន លោក យល់ថា​ជា​គំនិត​ផ្ទួ​ច​ផ្ដើម​សំខាន់​មួយ​សម្រាប់​ប្រទេស​ទាំងពីរ ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀត រួមមាន​វិនិយោគ សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ​។ ជាមួយនឹង​ការនាំចេញ​អង្ករ ភាគី​ចិន និង​កម្ពុជា​នឹង​បន្ត​កិច្ចសហការ​ជាមួយគ្នា​ឲ្យ​រឹតតែ​ស៊ីជម្រៅ ដើម្បី​សម្រេចបាន​គោលដៅ​នាំចេញ​នេះ ហើយ​ជាមួយ​នោះដែរ ភាគី​ទាំងពីរ​នឹង​បន្ត​ប្រឹក្សា ជាមួយគ្នា​បន្ថែមទៀត​លើ​ឯកសារ​ដែល​ចាំបាច់ សម្រាប់​សម្រួល​ដល់​វិស័យ​កសិកម្ម​កម្ពុជា​។​

​នៅក្នុង​ការជួប​ទ្វេភាគី​ជាមួយ​គណៈប្រតិភូ​អូស្ត្រាលី ដឹកនាំ​ដោយ លោក ម៉ាក ខូ​ល​ថុ​ន (Mark Coulton) អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ​នៃ​ប្រទេស​អូស្ត្រាលី ភាគី​ទាំង​ពីរបាន​ពិភាក្សា​ចម្បង​លើ​ការងារ​វិនិយោគ ជាពិសេស​ក្នុង​វិស័យ​កសិកម្ម និង​រ៉ែ ដែល​ប្រទេស​អូស្ត្រាលី​មាន​ជំនាញ និង​បច្ចេកទេស​ខ្ពស់ ដោយ​ក្រៅពីនោះ​ក៏មាន​វិស័យ​ទូរគមនាគមន៍ និង​សត្តឃាត​ដែល​សុទ្ធតែជា​ការវិនិយោគ ដែល​អូស្ត្រាលី​ធ្លាប់ធ្វើ​រួចមកហើយ​នៅ​កម្ពុជា​។ ទាក់ទង​នឹង​ការវិនិយោគ​នេះ ភាគី​អូស្ត្រាលី ក៏បាន​ជម្រាប​ផងដែរ​ថា មាន​ក្រុមហ៊ុន​អូស្ត្រាលី​មួយ​កំពុង​តែមាន​ចំណាប់អារម្មណ៍​វិនិយោគ​ក្នុងការ​ចិញ្ចឹមសត្វ​យក​ទឹកដោះ ដើម្បី​លក់​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​។​

​សូមជម្រាបថា​កិច្ចប្រជុំ​ទ្វេភាគី​ទាំងពីរ បាន​ប្រព្រឹត្តទៅ​ក្នុងអំឡុងពេល​នៃ​អន្តរ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧ ស្ដីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែល​រៀបចំឡើង​នៅ​ទីក្រុង​សៀមរាប និង​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ភាគី​ចរចា​ទាំង​១៦ រួមមាន​អាស៊ាន ១០ និង​អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន សាធារណរដ្ឋ​កូរ៉េ និង​នូ​វែ​ហ្សេ​ឡង់​​ ៕​ ដោយ​:​កូ​ឡាប​

×