Wednesday, September 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ នឹង​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃទី​២២ ខែមីនា​

​ភ្នំពេញ ​៖ បើតាម​ការគ្រោងទុក ផ្លូវ​ល្បឿន​លឿន ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ ។ ពី​ធី​នេះ​នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។ នេះ​បើ​យោងតាម​តារាង​កម្មវិធី​ការងារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​

​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​ភ្នំពេញ​-​ព្រះសីហនុ ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា បាន​ចុះហត្ថលេខា​ជាមួយ​លោក លាវ ឈី​ថាវ ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន កាលពីដើមឆ្នាំ​២០១៨​។ ពិធី​ចុះហត្ថលេខា​នោះ​ធ្វើឡើង ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន ក្នុងពេលដែល​លោកនាយក​រដ្ឋមន្ត្រី​ចិន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ធ្វើឡើង​តាម​រូបភាព​សាងសង់​-​អាជីវកម្ម​-​ផ្ទេរ (BOT)​។ ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ CAMBODIAN PPSHV EXPRESSWAY CO.,LTD.​។​

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ គ្រោង​សាងសង់​ជា​បួន​គន្លង ដោយ​២​គន្លង​ទៅ ២​គន្លង​មក ខណ្ឌ​ដោយ​សួរ​ច្បារ​កណ្ដាល​ទ្រូងផ្លូវ មាន​ប្រវែង​សរុប​ជិត ២០០​គីឡូម៉ែត្រ ទទឹង​២៤​ម៉ែត្រ ក្រាល​កៅស៊ូ AC ហើយ​មាន​កសាង​របង​បាំង​សងខាង​ផ្លូវ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​អ្នកធ្វើដំណើរ​ផងដែរ​។ ផ្លូវ​ល្បឿន​លឿន​នេះ​គ្រោង​ប្រើពេល​សាងសង់ ៤​ឆ្នាំ​។​

​លោក ស៊ុន ចាន់ថុល បានបង្ហាញ​ក្តី​រំពឹងថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ដឹកជញ្ជូន​ទំនិញ តំបន់​ប៉ូល​សេដ្ឋកិច្ច ដ៏​សំខាន់​ពីរ គឺ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។ ជាពិសេស​ការដឹក​ទំនិញ ពី​បណ្តា​រោងចក្រ​នានា ទៅកាន់​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ សម្រាប់​ការនាំចេញ​ទៅកាន់​ប្រទេស ក៏ដូចជា​ការដឹក​ទំនិញ​ពី​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ ទៅ​តំបន់​ទៅ​តំបន់​ដទៃទៀត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×