ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងស្តារលូទាំងអស់មិនថាលូខ្នាតតូចឬធំឡើយ ដែលមានប្រវែងប្រមាណជិត៥០០គីឡូម៉ែត្រនៅក្នុង៤ខណ្ឌកណ្តាលក្រុងភ្នំពេញដែលនឹងចាប់ផ្តើមអនុវត្តនៅដើមខែមករាខាងមុខនេះ ដោយប្រើរយៈពេល៥ខែ ។
គម្រោងថ្មីនៃការស្តាលូនេះបានបង្ហាញអោយដឹង ក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី១៨ ធ្នូ ២០១៧ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង៤ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។
លោក ម៉េត មាសភ័ក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំនេះថា បញ្ហាទឹកភ្លៀងជន់លិចនៅរាជធានីភ្នំពេញជាបញ្ហាប្រឈមមួយដែលអាជ្ញាធររាជធានីបាននឹងកំពុងធ្វើការដោះស្រាយ ខណៈបញ្ហានេះដោះស្រាយមិនទាន់បានល្អប្រសើរនៅឡើយ ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះទើបលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ពិភាក្សានេះឡើង ដើម្បីស្វែងរកដំណោះស្រាយអោយបានល្អ កាត់បន្ថយបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងជាអតិបរិមានៅរដូវវស្សាឆ្នាំក្រោយ។
លោកបន្តថា បញ្ហាដែលយើងបានដោះស្រាយនោះ គឺយើងស្តាប្រឡាយទឹក បង្កើនស្ថានីយបូមទឹក កសាងបណ្តាញលូមេ ពិសេស៤ខណ្ឌនៅកណ្តាលក្រុង ។
លោកបន្តទៀតថា លើបញ្ហានេះក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង បានដាក់ចេញជាផែនការថ្មីមួយ ដោយអោយស្តាលូទាំងខ្នាតតូចនិងធំ ដែលមានប្រវែង៤៦០គីឡូម៉ែត្រនៅក្នុង៤ខណ្ឌកណ្តាលក្រុងភ្នំពេញ ហើយគម្រោងនេះ លោកអភិបាលជម្រុញអោយអនុវត្តនៅដើមខែមករាឆ្នាំ២០១៨ខាងមុខនេះ ដោយប្រើរយៈពេល៥ខែ ដើម្បីអនុវត្តផែនការនេះអោយបានរួចរាល់មុនរដូវវស្សាមកដល់។
លើកិច្ចការងារនេះ លោក ម៉េត មាសភ័ក្តី បានបញ្ជាក់ឲ្យដឹងថា គម្រោងដែលដាក់ចេញដោយលោកអភិបាលរាជធានីនេះ គឺមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជាអ្នកទទួលបន្ទុកទាំងស្រុងលើការស្តារលូនៅតាមផ្លូវធំៗ នៅក្នុងខណ្ឌទាំង៤ កណ្តាលក្រុង ក្នុងនោះរួមមានខណ្ឌទួលគោក ខណ្ឌចំការមន ខណ្ឌ៧មករានិងខណ្ឌដូនពេញ ។ចំណែកអាជ្ញាធរខណ្ឌនីមួយៗវិញជាអ្នកទទួលខុសត្រូវលើការស្តាលូនៅតាមបណ្តោយផ្លូវតូចៗនៅក្នុងមូលដ្ឋានរបស់ខ្លួនរាងៗខ្លួន ហើយកិច្ចការងារនេះត្រូវអនុវត្តអោយបានរួចរាល់ក្នុងរយៈពេល៥ខែ ដោយចាប់ផ្តើមចេញដំណើរពីខណ្ឌទួលគោកមុនគេ៕ ដោយ ៖ កូឡាប