…ប្រសិនបើអ្នកជួបក្មេងស្រីលក់ “ឈើគូសៗ នៅរដូវរងា តើអ្នកមានចាប់អារម្មណ៍ ហើយសួរគាត់ដែរឬទេ!?
នោះគឺថ្ងៃទី ១២ មករា នៅក្រុងសៀងហៃ ក្មេងស្រីស្រស់ស្អាតម្នាក់ទទូកន្សែងក្រហមអង្គុយស្ងៀមស្ងាត់នៅពីមុខគំនរឈើគូស ។ ពិតជាត្រជាក់ ព្រោះព្រិលបានធ្លាក់ ។ អ្នកខ្លះឃើញអាណិតក៏ឈប់ជួយទិញ ប៉ុន្តែក្មេងស្រីពុំលក់ទេ តែអាចជូនទទេ ដោយ…ឥតគិតថ្លៃ ។
…ព្រោះថាវាពុំមែនជាប្រអប់ឈើគូសធម្មតាទេ ។ ផ្ទៃខាងក្រោយមានបោះពុម្ពកូដ QR (កូដប្រតិកម្មរហ័ស) ។ នេះជាយុទ្ធនាការសប្បុរសធម៌ធំមួយមានឈ្មោះថា “ទូខោអាវនៃក្តីស្រឡាញ់!” ។
កូដ QR ត្រូវបានបោះពុម្ពពីក្រោយប្រអប់ឈើគូស ។
គ្រោងការណ៍នេះ បាញ់ឆ្ពោះទៅក្មេងតូចៗ នាតំបន់ព្រៃភ្នំប្រទេសចិន -ក្រុមក្មេងដែលគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ដើម្បីទប់ទល់អាកាសធាតុត្រជាក់ ។ តាមនោះអ្នកគ្រាន់តែស្កែនលើកូដ QR នេះ នោះទឹកប្រាក់ដែលជាវិភាគទានរបស់អ្នកនឹងបញ្ជូនដល់ក្រុមសប្បុរសជនផ្តួចផ្តើមធ្វើទានបែបនេះ ។
ស្រោបសំបករបស់ប្រអប់ឈើគូសត្រូវបានរចនាស្អាត ហើយគួរឲ្យរំភើបចិត្ត ។ នោះគឺរូបភាពក្មេងតូចៗ២នាក់ កំពុងរងាញ័រញាក់ ខោអាវរបស់ពួកគេ ដាច់រយ៉ៃ ។
នេះពិតជាគំនិតច្នៃប្រឌិតអស្ចារ្យ បាញ់ចំបេះដូង… មនុស្សដូចគ្នា។
ជម្រើសយកឈើគូសក៏បង្កប់អត្ថន័យជ្រាលជ្រៅមានន័យ ។ ពោលគឺការរួមវិភាគទាននោះតិចតួចក្តី ច្រើនក្តី ផ្គុំគ្នាមកនឹងក្លាយជាភ្នក់ភ្លើងធំមួយផ្តល់ឲ្យក្មេងៗនៅតំបន់ព្រៃភ្នំដាច់ស្រយាលអាច…កក់ក្តៅបាន ។
គេថាមានលុយធ្វើបុណ្យជារឿងមួយ តែនៅមិនសំខាន់ស្មើរបៀបធ្វើបុណ្យនេះឡើយ ៕ ចន្ទ្រា