កោះកុង ៖ ដើម្បីរកដំណោះស្រាយ ពីបញ្ហាកង្វះទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋ ក្នុងក្រុងខេមរភូមិន្ទ នៅ ថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ ២០១៩ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សា ជាមួយក្រុមហ៊ុន រដ្ឋាករទឹកកោះកុង និងក្រុមហ៊ុន LYP Group ព្រមទាំងសមាសភាពពាក់ព័ន្ធ។
លោកស្រីអភិបាលខេត្ត សូមឲ្យក្រុមហ៊ុន និងមន្ទីរជំនាញ ស្វែងរកដំណោះស្រាយអោយបានទាន់ពេលវេលា ដើម្បីឲ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ដោយសព្វថ្ងៃអាកាសធាតុក្តៅផង សូមក្រុមហ៊ុនស្វែងរកប្រភពទឹក ឬក៏ត្រូវមានវិធានការយ៉ាងណាសម្រាប់រក្សាទឹកទុក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការប្រកបរបរអាជីវកម្ម មួយវិញទៀតសូមក្រុមហ៊ុន និងមន្ទីរ អង្គភាព សប្បុរសជន និងអ្នកពាក់ព័ន្ធនានា ជួយដឹកដឹកសម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលនៅចុងបណ្តាញមួយចំនួន មានការខ្វះខាតទឹកប្រើប្រាស់។
នៅក្នុងកិច្ចប្រជុំពិភាក្សានេះផងដែរ តំណាងក្រុមហ៊ុនទឹកស្អាត(L.Y.P.GROUP) បានលើកឡើងថា ចំពោះបញ្ហាដែលធ្វើឲ្យមានការខ្វះខាត នូវទឹកស្អាតប្រើប្រាស់សព្វថ្ងៃ គឺបណ្តាលមកពីកត្តាអាកាសធាតុ ដែលបង្កឲ្យមានភាពរាំងស្ងួតយូរអង្វែង ខុសពីឆ្នាំមុនៗ កត្តានេះហើយដែលជាហេតុ បណ្តាលឲ្យប្រភពទឹកជាច្រើន នៅក្នុងខេត្តកោះកុង ត្រូវបានរីងស្ងួត ។ ខាងភាគីក្រុមហ៊ុន បានភិក្សាជាមួយនិងលោកឩកញ៉ា លី យ៉ុងផាត ដើម្បីធ្វើការទំនាក់ទំនង ជាមួយភាគីថៃ ក្នុងការស្នើរសុំទឹកប្រើប្រាស់ ពីខាងភាគីថៃចំនួន៣ខែ ដោយគិតចាប់ពី ខែមីនា រហូតដល់ ខែឧសភា ដើម្បីយកមកធ្វើការចែកជូន ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង បានប្រើប្រាស់ ។
ជាមួយគ្នានេះដែរ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក៏បានសំណូមពរឲ្យខាងភាគីក្រុមហ៊ុនទឹកស្អាត (L.Y.P.GROUP) ជួយខ្នះខ្នែង ក្នុងការទំនាក់ទំនង ទៅខាងភាគីថៃឲ្យបានឆាប់រហ័ស ដើម្បីឲ្យបងប្អូនពលរដ្ឋនៅក្នុងខេត្តកោះកុង បានទឹកប្រើប្រាស់ឆាប់ៗ នាពេលខាងមុខនេះ ព្រោះប្រភពទឹក នៅក្នុងខេត្តកោះកុង បានប្រឈម នឹងការរីងស្ងួតអស់ហើយ ។
គួររំលឹកថា បងប្អូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា បានប្រឈមនឹងបញ្ហាខ្វះទឹកស្អាត ប្រើប្រាស់អស់រយៈពេលជិត២ខែមកហើយ ដែលកត្តាទាំងនេះ បានធ្វើឲ្យពួកគាត់ជួបប្រទះនូវបញ្ហាជាច្រើន សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ៕ ដោយ៖កូឡាប