ក្រចេះ ៖ បើកវេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍លើកទី៨ រវាងប្រទេសទាំង៣ គឺប្រទេសកម្ពុជា ឡាវ វៀតណាម ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃអង្គារ ទី៥ខែមីនាឆ្នាំ២០១៩ នៅសណ្ឋាគារមេគង្គដលហ្វីន ខេត្តក្រចេះ ដោយមានគណៈប្រតិភូទាំងបីប្រទេសចូលរួមផងដែរ។
លោកបណ្ឌិតសភាចារ្យ បានថ្លែងថា ការបើកវេទិកានេះ គឺជាកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់នៃប្រទេសទាំងបី សម្រាប់ផ្សារភ្ជាប់នឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពល្អ អភិវឌ្ឍយុវជនទាំងការអប់រំ វប្បធម៌ សន្តិភាព និងការផ្សព្វផ្សាយទូលំទូលាយដល់គ្រប់ស្រទាប់យុវជននៃប្រទេសទាំង៣ ជាពិសេសយុវជនដែលស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។
លោកវ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងថា វេទិកានេះពិតជាមានសារសំខាន់បំផុត ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងយុវជននៃបណ្តាប្រទេសទាំង៣ ឲ្យកាន់តែរឹងមាំ និងបន្តប្តេជ្ញាចិត្តរួមគ្នា ដើម្បីចែករំលែកផ្លាស់ប្តូរបទពិសោធន៍ ការងារក្នុងផ្លាស់ប្តូរអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ស្តង់ដារជីវភាពរស់នៅ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ទាំងមូល។ យុវជនគឺជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត។ គោលនយោបាយរបស់រាជរដ្ឋាភិបាល បានលើកស្ទួយធនធានមនុស្ស ឲ្យមានមុខជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រខ្ពស់ ដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងតម្រូវការទីផ្សារពលកម្ម មានស្មារតីសហគ្រិនភាព និងគំនិតច្នៃប្រឌិតខ្ពស់ មានវិន័យ សីលធម៌ ដើម្បីលើកស្ទួយការងារ អភិវឌ្ឍន៍ប្រទេសជាតិ។
លោកបានបន្តថា ការរៀបចំកម្មវិធីនេះ ដើម្បីឲ្យយុវជនកម្ពុជា ឡាវ វៀតណាម បានស្គាល់និងជិតស្និទ្ធនឹងគ្នា ចងមិត្តភាពនឹងគ្នា បានផ្លាស់ប្តូរវប្បធម៌ប្រពៃណី និងមានសាមគ្គីភាពរឹងមាំរវាងគ្នា នឹងគ្នា យូរអង្វែងទៅអនាគត។ យើងនឹងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ត្រីកោណរួមគ្នា ឲ្យមានការរីកចម្រើនឆាប់រហ័ស និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឲ្យបានសម្បូររុងរឿង។
ស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម គឺពិភាក្សាលើប្រធានបទ ៣ សំខាន់ៗ៖ ១-យុវជននិងបច្ចេកវិទ្យា, ២- យុវជននិងជំនាញសតវត្សទី២១ និងទី៣-យុវជននិងសហគ្រិនភាព។ គណៈប្រតិភូយុវជនទាំងអស់ នឹងធ្វើទស្សនកិច្ចសិក្សា លើទីតាំងចំនួន ៣ កន្លែង ក្នុងក្រុងក្រចេះ រួមមាន៖ ១ -សហគមន៍ផលិតក្រឡានថ្មគ្រែ ២-សិប្បកម្មឡឥដ្ឋ និងទី៣- សិប្បកម្មកែឆ្នៃវត្ថុអនុស្សាវរីយ៍ ។ នឹងរៀបចំសេចក្តីថ្លែងការណ៍រួម ដែលមានខ្លឹមសារ និងអត្ថន័យ ផ្តោតលើការអភិវឌ្ឍសមត្ថភាព ជំនាញ បច្ចេកវិទ្យា សហគ្រិនភាព ជំនាញទន់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលយុវជន ដើម្បីបំពេញបាននូវតម្រូវការរបស់យុវជន និងសហគមន៍ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា យុវជននៃប្រទេសទាំង៣នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នា ក៏ដូចជាការបង្កលក្ខណៈ ដើម្បីឲ្យយុវជនននៃប្រទេសទាំង៣ បានផ្លាស់ប្តូរនូវបទពិសោធន៍ និងដាក់ចេញនូវផែនការសកម្មភាព អនុវត្តន៍រួមគ្នា ។ ការពិតណាស់ ប្រទេសយើងទាំង៣ បានសហការគ្នាលើគ្រប់វិស័យ តាំងពីអតីតកាលមកម្ល៉េះ ហើយជាពិសេសនៅដើមឆ្នាំ២០០០ ថ្នាក់ដឹកនាំនៃប្រទេសយើងទាំង៣ បានសម្រេចរៀបចំឲ្យមានជំនួបកំពូលនាយករដ្ឋមន្ត្រី ដើម្បីបង្កើតឲ្យមានតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម នេះឡើង ក្នុងគោលដៅពង្រឹងអភិវឌ្ឍន៍ខេត្តនៅជាប់ព្រំដែន ដែលជាខេត្តមិនសូវមានលក្ខណៈអំណោយផល ផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីជំរុញឲ្យមានកិច្ចសហប្រតិបត្តិការនេះឡើង និងលើកកម្ពស់ការវិនិយោគ ក្នុងខេត្តនៅតាមតំបន់ព្រំដែន នៃប្រទេសយើងទាំង៣។ លោកបានបន្តថា តាមរយៈ ការដាក់ចេញនូវផែនការសកម្មភាពច្បាស់លាស់ ផ្នែកសាងសង់ ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៏ដូចជា ផ្នែកកសិកម្ម និងឧស្សាហកម្ម នាពេលកន្លងមក ឃើញថា ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណ បានធ្វើឲ្យមានការប្រែមុខមាត់តំបន់ត្រីកោណនេះ ពីតំបន់មួយដែលមានការអភិវឌ្ឍកម្រិតទាប ឲ្យក្លាយជាតំបន់មួយ ដែលមានការអភិវឌ្ឍក្នុងផ្លូវទូរគមនាគមន៍ ដឹកជញ្ជូន និងលើកកម្ពស់ពាណិជ្ជកម្ម ។ ដូច្នេះប្រធានបទដែលបានពិភាក្សានាលើកនេះ គឺបង្ហាញពីការអភិវឌ្ឍឈានមួយកម្រិតទៀត នៃប្រទេសតាមតំបន់ព្រំដែន ដើម្បីអាចឲ្យយុវជន អាចប្រើប្រាស់ នូវវឌ្ឍនភាពខាងបច្ចេកវិជ្ជា ដើម្បីទៅដោះស្រាយបញ្ហាផ្សេងៗនៅក្នុងតំបន់ព្រំដែននៃប្រទេសទាំង៣ ជាអាទិ៍ ការរកទីផ្សារ ការប្រើប្រាស់បច្ចេកវិជ្ជារកទីផ្សារសម្រាប់កសិករនៅតាមតំបន់ព្រំដែន កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ ដោយផ្តោតជាពិសេសទៅលើបំណិនទន់ បំណិតសតវត្សរ៍ទី២១ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ។ ម្យ៉ាងវិញទៀត សហគ្រិនភាព មានការបណ្តុះបណ្តាលយុវជននៅតាមតំបន់ព្រំដែន ចេះបង្កើតសហគ្រាស ដែលអាចបង្កើតការងារធ្វើ ។
លោករដ្ឋមន្ត្រី បានបន្ថែមថា យើងត្រូវធ្វើយ៉ាងណាឲ្យយុវជនក្នុងតំបន់ត្រីកោណ មានចំណេះដឹងខ្ពស់ និងត្រូវយកចិត្តទុកដាក់ បង្ការ និងលើកកម្ពស់វិស័យអប់រំ ចាប់តាំងពីមតេ្តយសិក្សា បឋមសិក្សា មធ្យមសិក្សា និងហួសឧត្តមសិក្សា ក៏ដូចជារួមបច្ចេកទេសនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងអាចប្រែក្លាយតំបន់ត្រីកោណនេះ ឲ្យក្លាយទៅជាតំបន់អភិវឌ្ឍដូចនៅក្នុងខេត្តផ្សេងៗទៀត ៕ ដោយ៖កូឡាប