ភ្នំពេញ ៖ ក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី៥ខែមីនា ឆ្នាំ២០១៩ នៅលើផេកហ្វេសប៊ុកផ្លូវការ បានផ្សាយថា លោក អ៊ឹង ឌីប៉ូឡា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានដឹកនាំក្រុមការងារអធិការកិច្ច្ម របស់ក្រសួងរ៉ែនិងថាមពល ចុះពិនិត្យតាមដានសកម្ម ភាពប្រកបអាជីវកម្មរ៉ែថ្ម និងខ្សាច់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងបានរកឃើញថា ក្រុមហ៊ុនចំនួន០៦ (ក្រុមហ៊ុនរ៉ែថ្មសំណង់ចំនួន០២ ក្រុមហ៊ុនខ្សាច់បកចំនួន០១ និងក្រុមហ៊ុនខ្សាច់ស្ទឹងចំនួន៣) ពុំបានគោរពតាមស្មារតីនៃអង្គប្រជុំណែនាំ ពិសេសសារាចរណែនាំ របស់ក្រសួងពាក់ព័ន្ធនឹងការធ្វើអាជីវកម្មរ៉ែ ដូច្នេះក្រសួងបាន សម្រេចព្យួរអាជ្ញាប័ណ្ណរយៈពេល១សបា្តហ៍ជាការព្រមាន និងអាចឈានដល់ ការបញ្ចប់អាជ្ញាប័ណ្ណតែម្តងក្នុងករណីមិនរាងចាល។ ការចុះពិនិត្យកាលពីថ្ងៃអង្គារ៍ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។
គួរបញ្ជាក់ផងដែរថា មុននឹងសម្រេចដល់ការព្យួរអាជ្ញាបណ្ណនេះ ក្រុមការងារអធិការកិច្ចក្រសួង ធ្លាប់បានបើកកិច្ចប្រជុំណែនាំ ដល់ក្រុមហ៊ុនទាំងអស់រួចម្តងហើយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ រួមជាមួយនឹងការប្រជុំម្តងទៀតជាមួយ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលមានការចូលរួមពីតំណាង ក្រសួងរ៉ែនិងថាមពល អាជ្ញាធរខេត្ត-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងក្រុមហ៊ុន ដើម្បីពិភាក្សាដោះស្រាយបញ្ហាប្រឈមនានា កាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩ កន្លងទៅនេះ ៕ ដោយ៖បញ្ញាស័ក្តិ