ខេត្តស្វាយរៀង៖ លោក សរ វណ្ណា នាយកសាខា តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា សហការជាមួយក្រុមគ្រូពេទ្យស្មគ្រ័ចិត្តទីក្រុង ហូជីមិញ ដឹកនាំដោយលោក ឡេ ខ្វាងទ្រុង ប្រធានសមាគមកាកបាទក្រហមខេត្តតៃនិញ ។ នៅថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៩ នេះបានមកពិនិត្យជម្ងឺទូទៅ ផ្តល់ថ្នាំព្យាបាលដោយឥតគិតថ្លៃ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ ចំនួន ៣០០ នាក់ មកពី ៤ ឃុំក្នុងស្រុករំដួល គឺឃុំ កំពង់ចក ពងទឹក សង្កែរ និងឃុំស្វាយចេក ដែលពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករំដួលខេត្តស្វាយរៀង។
ក្នុងឱកាសនោះលោក សរ វណ្ណា បានថ្លែងថាៈដើម្បីអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសមាគមកាកបាទក្រហមខេត្តតៃនិញ និងសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ទាក់ទងទៅនឹងវិស័យសុខភាពសាធារណៈ លោកសូមសំដែងនូវការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាគមកាកបាទក្រហមខេត្តតៃនិញ និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តទីក្រុងហូជីមិញ ដែលបានមកបំពេញបេសកម្មមនុស្សធម៌ នៅលើទឹកដីកម្ពុជា នៃខេត្តស្វាយរៀងដើម្បីធ្វើការពិនិត្យព្យាបាលជម្ងឺ ផ្តល់ថ្នាំព្យាបាល ជូនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ នាពេលនេះ ។
លោកនាយកសាខា ជំនួសមុខឲ្យប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត និងកាកបាទក្រហមខេត្តតៃនិញ ដែលបានមកពិនិត្យជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។ លោកនាយកសាខាបានពាំនាំនូវបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ចំពោះបងប្អូនទាំងអស់ដែលមកពិនិត្យជម្ងឺនាពេលនេះដោយក្តីនឹករលឹក និងជូនពរឲ្យឆាប់បានជាសះស្បើយបន្ទាប់ពីបានពិនិត្យ និងព្យាបាលជម្ងឺរួចត្រូវលេបថ្នាំតាមវេជ្ជបញ្ជារ និងត្រូវប្រុងប្រយត្ន័ក្នុងការការពារសុខភាពពិសេសកុមារត្រូវដេកក្នុងមុង ដើម្បីកុំឲ្យមូសខាំជៀសវាងកើតជម្ងឺគ្រុណចាញ់ ត្រូវពិសារទឹកដាំពុះដើម្បីការពារជម្ងឺដង្កាត់ផ្សេងៗដែលបណ្តាលមកពីការកង្វះអនាម័យ ។ បន្ទាប់ពីពិនិត្យជម្ងឺក៍បានចែកថ្នាំ និងអំណោយមនុស្សធម៌ដល់ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ ៣០០ នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ១០ គ.ក្រ មី ១ កេស អំបិល ១ គ.ក្រ មុង ១ ទឹកស៊ីអ៊ីវ ១ ដប ស្មាយួរខោអាវ ១ ឡូ ។ ដោយ ៖ វ៉ៃកូ