ភ្នំពេញ ៖ នគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ករណីផ្ទុះអាវុធចំនួន២គ្រាប់ នៅក្បែរភូមិគ្រឹះរបស់អគ្គស្នងការនគរបាលជាតិ នាយឩត្តមសេនីយ៍ នេត សាវឿន ក្នុងសង្កាត់វាលវង់ កាលពីយប់ថ្ងៃទី១៨នោះ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ មានជនរងគ្រោះដែលជានិស្សិត សាលានីម២នាក់ បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដែលម្នាក់ត្រូវបានលោកមេធាវី អ៊ិត ពិសិដ្ឋរង្សី បាញ់រងរបួសមេជើងខាងស្ដាំ និងម្នាក់ទៀតត្រូវមេធាវី អ៊ិត ពិសិដ្ឋរង្សីគំរាមបាញ់សម្លាប់។
ករណីនេះ គឺដំបូងលោកមេធាវីបង្ក និងជនរងគ្រោះទាំង២ជាមនុស្សស្គាល់គ្នា ហើយបានញ៉ាំការជាមួយគ្នានៅយប់កើតហេតុ តែពេលញ៉ាំការនោះជនបង្កចេញមកមុន ហើយបានទូរស័ព្ទហៅជនរងគ្រោះទៅទទួលទានបន្តនៅហាងទារខ្វៃនៅជិតផ្ទះអគ្គស្នងការនគរបាលជាតិស្ថិតនៅតាមបណ្ដោយផ្លូវមុនីរ៉េត ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា តែជនរងគ្រោះមិនទាន់ចេញទៅភ្លាមៗទេ។ រហូតយប់បន្តិចជនរងគ្រោះក៏ចេញទៅជួប ពេលទៅដល់មុខហាងក៏ឃើញសន្តិសុខហាងគ្រាលោកមេធាវីឡើងឡានទំនងស្រវឹង ជនរងគ្រោះក៏ទៅនិយាយសុំជូនទៅផ្ទះ ក៏ស្រាប់តែលោកមេធាវីដកកាំភ្លើងខ្លីម៉ាកឡុកបាញ់ទៅដី២គ្រាប់បណ្ដាលឲ្យមួយគ្រាប់បានទៅត្រូវមេជើងខាងស្ដាំ ជនរងគ្រោះឈ្មោះ លី តុលា ភេទប្រុស អាយុ២២ឆ្នាំ ហើយក៏បានយកកាំភ្លើងទៅភ្ជុងជនរងគ្រោះម្នាក់ទៀតឈ្មោះ សិដ្ឋ ព្រមទាំងបាននិយាយថា ហែង កុំចេះប្រយ័ត្នអញបាញ់ងាប់។ បន្តិចក្រោយមកក៏ត្រូវនគរបាលទៅដល់ ឃាត់ខ្លួនជនបង្កយកទៅសួរនាំ។
ជនបង្កជាមេធាវី ឈ្មោះ អ៊ិត ពិសិដ្ឋរង្សី ភេទប្រុស អាយុ៣៥ឆ្នាំមានទីលំនៅសង្កាត់ភ្នំពេញថ្វីខណ្ឌ័សែនសុខ ។ នៅចំពោះមុខសមត្តកិច្ចលោកមេធាវីដែលជាជនសង្ស័យនោះបានសារភាពថា មុនកើតហេតុរូបគាត់បានចេញពីហូបការ រួចជិះរថយន្តរបស់ខ្លួន ម៉ាក Lexus 470 ពណ៌ស ពាក់ស្លាកលេខ 2AP-8254 តែម្នាក់ឯង ទៅផឹកបន្តជាមួយមិត្តភក្តិ នៅចំណុចកើតហេតុ ផ្លូវលេខ២១១ កែងផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ក្រោយមកក៏មានការបង្អាប់គ្នាជាមួយមិត្តិភក្តិទៅវិញទៅមក ដោយទ្រាំនឹងពាក្យបង្អាប់របស់មិត្តភក្តិមិនបានក៏ដកកាំភ្លើងរបស់ខ្លួន ម៉ាក GLOCK បាញ់ទៅលើចំនួន២គ្រាប់ តែមិនបណ្តាលឲ្យត្រូវនរណាទេ គ្រាន់តែបង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋក្បែរនោះប៉ុណ្ណោះ ។
ប្រជាពលរដ្ឋម្នាក់បាននិយាយថា ការបាញ់បោះពីមុនមានតែកូនអ្នកធំ កូនអ្នកមានលុយចាយអត់អស់និងកូនអ្នកមានអំណាចអាវ៉ាសែក្មេងស្ទាវ បងតូចបងធំ ក្មេងទំនើងទេដែលយកកាំភ្លើងបាញ់ប្រហារគ្នា បាញ់សម្លាប់គូជម្លោះបាញ់បង្អួតស្រីស្នេហ៍តាមទីសាធារណៈពេលរាត្រី ឥឡូវនេះដោយស្រុកខ្មែរសេរីភាពហួសសូម្បីតែមេធាវីក៏យកកាំភ្លើងមកបាញ់បោះអនាធិបតេយ្យដែរគ្រាន់តែខឹងមិត្តភក្តិបង្អាប់ ពេលកំពុងផឹកស៊ី។
មេធាវីមានតួនាទីគ្រាន់តែជាអ្នកការពារឬស៊ីឈ្នួល ការពារក្ដីជូនជនរងគ្រោះសោះបែរជាពេលនេះមានកាំភ្លើងបាញ់បោះសេរីបង្កភាពអនាធិបតេយ្យដូចក្រុមក្មេងទំនើងអស់ទៅហើយ។ពីមានមានឧកញ៉ាទំនើង ឯកឧត្ដមទំនើង ឧត្ដមសេនីយ៍ទំនើងបាញ់បោះទេ។តើសមត្ថកិច្ចអស់សមត្ថភាពទប់ស្កាត់ឬបង្ក្រាបឬក៏ក្រុមអនាធិបតេយ្យកក្រើកឡើងវិញនៅទីក្រុងភ្នំពេញ។ ចាំមើលៗតើក្រុមអនាធិបតេយ្យមានឱកាសបានយូរឬសមត្ថកិច្ចបង្ក្រាបបានលឿននោះទេសូមរង់ចាំមើលទាំងអស់គ្នា៕ ដោយ ៖ កូឡាប