Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អភិបាលខេត្ត​ព្រះសីហនុ ស្នើ​ដល់​ក្រុមហ៊ុន​អាន​កូ ត្រូវ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​រដ្ឋាករទឹក​ខេត្ត​នេះឲ្យ​គ្រប់​ចំនួន ដើម្បី​ផ្តល់​ជូន​ពលរដ្ឋ​ប្រើប្រាស់​តាម​តម្រូវការ​

​ខេត្ត​ព្រះសីហនុ​ ៖ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ស្នើ​ទៅ​ក្រុមហ៊ុន​អាន​កូ ដែល​គ្រប់គ្រង​ប្រភព​ទឹកស្អាត នៅ​តំបន់​ក្បាល​ឆាយ ត្រូវ​ផ្តល់​ទឹក​ទឹក​ស្អាត ឲ្យបាន​គ្រប់​ចំនួន​ជូន​ទៅ​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ទឹក​ខេត្ត​នេះ ឲ្យបាន​គ្រប់​ចំនួន ដើម្បី​ឲ្យ​ស្ថាប័ន​មួយ​នេះ មានទឹក​គ្រប់គ្រាន់ ស្រាប់​ចែកជូន​ប្រជាពលរដ្ឋ រស់​នៅ​ទីប្រជុំជន​នេះ ប្រើប្រាស់​ឲ្យបាន​គ្រប់​ចំនួន​ឡើងវិញ​។​

​បញ្ហា​នេះ លោក យន្ត មីន កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ បាន​ដឹកនាំ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព អាង​ស្តុក​ទឹកស្អាត​នៅ​តំបន់​ក្បាល​ឆាយ របស់​ក្រុមហ៊ុន​អាន​កូ ព្រមទាំង​បាន​ចុះទៅពិនិត្យ​មើល​ទីតាំង​ស្តុក​ទឹក តាម​ទីតាំង​មួយចំនួនទៀត​។ ក្នុងនោះ​លោក​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ការតភ្ជាប់​បណ្ដាញ​ទុយោ​ទឹក នៅ​តាម​ទីតាំង​ខ្លះទៀត របស់​ក្រុមហ៊ុន​អាន​កូ និង​អង្គភាព​រដ្ឋាករទឹក​ខេត្ត​នេះ ដើម្បី​រក​មូលហេតុ​ពិត ដែល​បណ្តាល​ឲ្យ​ទីប្រជុំជន​ក្រុងព្រះសីហនុ មិន​មាន​ទឹក​ស្អាត​ចែក​ជូន​ពលរដ្ឋ ឲ្យបាន​គ្រប់គ្រាន់​។​

​បញ្ហា​ខ្វះ​ទឹក​នេះ គឺ​មិនមែន​ខ្វះ​តែ​នៅតាម​ផ្ទះ របស់​ប្រជាពលរដ្ឋ​ទេ សូម្បី​នៅតាម​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន ជា​ពិសេស​សូម្បី​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​ព្រះសីហនុ ក៏​ខ្វះ​ទឹក​សម្រាប់​ផ្តល់ជូន​អ្ន​ជំងឺ និង​បុគ្គលិក​ពេទ្យ គ្មាន​ទឹក​ប្រើប្រាស់​រាប់​ខែ​មក​ហើយ​ដែរ​។​

​ចំណុច​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏​បាន​ជំរុញ​ទៅ​ក្រុមហ៊ុន​អាន​កូ ធ្វើ​យ៉ាងណា​ត្រូវ​ផ្គត់ផ្គង់​ទឹកស្អាត ឲ្យបាន​គ្រប់​ចំនួន ជូន​ទៅ​រដ្ឋាករទឹក​ស្វយ័ត​ខេត្ត​ព្រះសីហនុ ឲ្យបាន​គ្រប់​ចំនួន ដើម្បី​មាន​ទឹក​ចែកចាយ​ជូន​ពលរដ្ឋ មាន​ទឹក​ប្រើប្រាស់​គ្រប់​ចំនួន​ឡើង​វិញ​។​

​ករណីនេះ លោក​អភិបាល ក៏​បាន​សុំ​កិច្ច​អន្តរាគមន៍​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​កម្ម និង​សិប្បកម្ម ដើម្បី​ស្នើសុំ​ឲ្យជួយ​អន្តរាគន៍​ដោះ​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើប្រាស់ នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ ឲ្យបាន​ឆាប់​ផង​។​

​បញ្ហា​ខ្វះ​ទឹក​នេះ ប្រជាពលរដ្ឋ អាជីវករ និង​ភ្ញៀវទេសចរ បាន​រិះគន់​ដល់​ការដឹកនាំ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ថា​មិន​បាន​ជួយ​រវល់​អើពើ​ដល់​សុខទុក្ខ របស់​ពួកគេ​នោះទេ ដោយ​ទុកឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ក្នុង​ក្រុង​ព្រះសីហនុ ខ្វះ​ទឹកស្អាត​ប្រើប្រាស់​អូស​បន្លាយ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ​ជូន​ពួកគេ​ទៀត​។​

​ប្រជាពលរដ្ឋ អះអាងថា រាល់ថ្ងៃនេះ ចំពោះ​បញ្ហា​ទឹកស្អាត នាទី​ប្រជុំជន​ក្រុង​ព្រះសីហនុ គឺ​មាន​តំបន់​ខ្លះ​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ប៉ុន្តែ​មូលដ្ឋាន​មួយចំនួន គឺ​មិន​មាន​ទឹក​ស្អាត​ប្រើប្រាស់​ទេ ហើយ​មាន​ពលរដ្ឋ​បាន​បង្ខំចិត្ត​ទិញ​ទឹកស្អាត ដែល​គេ​ដឹក​លក់​តាម​រថយន្ត និង​លក់​តាម​រទេះ​ជាដើម​យកមក​ប្រើប្រាស់​។​

​ជាងនេះទៀត ក៏​មាន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ក្រុងព្រះសីហនុ បាននាំគ្នា​ជីក​អណ្ដូងស្នប់ ដើម្បី​យក​ទឹក​ប្រើប្រាស់​ជំនួយ​វិញ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ​មួយចំនួន បាន​អះអាង​ថា នា​មូលដ្ឋាន​ក្រុងព្រះសីហនុ គឺ​មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក ដែល​បើក​ធ្វើ​អាជីវកម្ម​ចែកចាយ​ទឹកស្អាត​មាន​ចំនួន​២​ក្រុមហ៊ុន រួមមាន​៖​បណ្តាញ​ចែកចាយ​ទឹក រដ្ឋ របស់​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ខេត្ត​ព្រះសីហនុ និង​បណ្តាញ​ចែកចាយ​ទឹក របស់​ឯកជន គឺ​ក្រុមហ៊ុន​អាន​កូ​។​

​បណ្តាញ​ផ្តត់ផ្គង​ទឹ​កទាំង​២​នេះ ត្រូវបាន​មតិ​មួយចំនួន​អះអាងថា សម្រាប់​ប្រជាពលរដ្ឋ ឬ​អ្នក​ត​ភ្ជាប់​បណ្តាញ​ទឹកស្អាត ចេញ​ពី​ក្រុម​ហ៊ុន​អាន​កូ គឺ​ពួកគេ​មាន​ទឹក​ប្រើប្រាស់​បាន​គ្រប់គ្រាន់ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ ដែល​ត​ភ្ជាប់​បណ្តាញ​ទឹក​រដ្ឋ របស់​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ខេត្ត​ព្រះសីហនុ​វិញ គឺ​ភាគច្រើន​មិន​មាន​ទឹក​ប្រើ​ឲ្យបាន​គ្រប់​ចំនួន​ទេ​។ ហើយ​ថា ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​នេះ គឺ​មាន​រយៈ​​ច្រើន​ខែ​កន្លង​មក​ហើយៗ នៅឡើយ​មិនទាន់មាន​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ​ទេ គិត​មកដល់​ថ្ងៃ​ចន្ទ ទី​១១ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។​

​ទាក់ទិន​បញ្ហា​នេះ លោក ផន រតនៈ ប្រធាន​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា រាល់ថ្ងៃនេះ ប្រភព​ទឹកស្អាត​ធំ ដែល​អង្គភាព​រដ្ឋាករ​ទឹក​ខេត្ត​នេះ​មាន គឺ​បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​អាន​កូ ដើម្បី​យក​មក​ចែកចាយ​បន្ត ជូន​ប្រជាពលរដ្ឋ​ប្រើ​នៅ​តាម​តំបន់​មួយចំនួន នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ​។​

​លោក​បន្តថា សម្រាប់​ក្រុង​ព្រះសីហនុ​ទាំងមូល គឺ តម្រូវការ​ប្រើប្រាស់​ទឹក ក្នុង​មួយ​ថ្ងៃៗ អាច​ប្រមាណ ៤​ម៉ឺន​ម៉ែត្រគូប ទើប​គ្រប់គ្រាន់​តម្រូវការ​ប្រើប្រាស់​។ ប៉ុន្តែ​រាល់​ថ្ងៃនេះ ក្រុមហ៊ុន​អាន​កូ បាន​ផ្តល់​ទឹក​ជូន​អង្គភាព​រដ្ឋាករទឹក បាន​ចន្លោះ​ពី ២៨,០០០ ទៅ​៣០,០០០​ម៉ែត្រគូប​តែប៉ុណ្ណោះ​។​

​ត្រង់​ចំណុច​នេះ លោក ផន រតនៈ បញ្ជាក់ថា ការផ្តល់​បរិមាណ​ទឹក មិន​គ្រប់​ចំនួន​នេះ ទំនងជា​អាច​ជា​ដើមហេតុ នាំឲ្យ​ប្រជាពលរដ្ឋ រស់នៅ​តាម​តំបន់​មួយចំនួន ខ្វះ​ទឹក​ប្រើប្រាស់ អូស​បន្លាយពេល​យូរ​ខែ​។ លោក​បន្តថា បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​នៅ​ក្រុងព្រះសីហនុ​រាល់ថ្ងៃនេះ ប្រសិន​បើ​ក្រុមហ៊ុន​អាន​កូ ជួយ​ពន្លឿ​ន សម្មភាព​ត​ភ្ជាប់​បណ្តាញ​ទុយោ​ទឹក​មាន​ទំហំ​ធៗ ដើម្បី​ចែកចាយ​ទឹកស្អាត ឬ​បញ្ជូន​ទឹក មកឲ្យ​អង្គភាព​រដ្ឋាករទឹក​ខេត្ត​ព្រះសីហនុ​បាន​គ្រប់​ចំនួន នោះ​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​នៅ​ទី​ប្រជុំជន​ក្រុង​ព្រះសីហនុ នឹង​លែង​ជា​បញ្ហា​ចោទ​ទៀតហើយ​។​

​ចំណែក តំណាង​ក្រុមហ៊ុន​អាន​កូ លោក ស៊ុន ងី បាន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដឹងថា ក្រុមហ៊ុន​នេះ បាន​ផ្គត់ផ្គង់​ទឹក ជូន​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ខេត្ត​ព្រះសីហនុ ប្រមាណ​៣​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃៗ​។ លោកន្ត​ថា​ រាល់ថ្ងៃនេះ ប្រភព​ទឹកស្អាត​នៅ​តំបន់​ក្បាលឆាយ គឺ​មាន​ទឹក​មិន​ខ្វះ​ទេ សម្រាប់​ចែក​ជូន​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​។ ប៉ុន្តែ​លោក​ថា មូលហេតុ​នៃ​ការបញ្ជូន​ទឹក ឲ្យ​មិន​គ្រប់​ចំនួន​នា​ពេល​កន្លងមក​នេះ អាច​ដោយសារ​ការតភ្ជាប់​ទុយោ​មេ ឆ្ពោះ ទៅ​ស្ថានីយ៍​ស្តុក​ទឹក​មួយ​ចំនួន គឺ​អ្នកបច្ចេកទេស​ស្ថាបនា​មិនទាន់​មិនទាន់​រួចរាល់​។​

​លោក ស៊ុន ងី បន្តថា បញ្ហា​នេះ​ក្រុម​អ្នកបច្ចេកទេស​ជំនាញ របស់​ក្រុមហ៊ុន​អាន​កូ បាន​បន្ត​សកម្មភាព​ចុះ​ត​ភ្ជាប់​បណ្តាញ​ទុយោ​មេ​មមាញឹក​រាល់ថ្ងៃ ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹកស្អាត ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ រស់​នៅក្នុង​ក្រុងព្រះសីហនុ ឲ្យមាន​ទឹក​ប្រើប្រាស់​គ្រប់​ចំនួន​វិញ​។​

​យ៉ាងនេះក្តី លោក ស៊ុន ងី មិន​បាន​បញ្ជាក់ថា ក្រុម​ការងារ​បច្ចេកទេស​ក្រុមហ៊ុន​អាន​កូ នឹង​បញ្ចប់​ការងារ​ត​ភ្ជាប់​បណ្តាញ​ទុយោ​មេ សម្រាប់​ចែកចាយ​ទឹក​ឲ្យ​រួចរាល់ និង​អាច​ឈាន​ដល់​ផ្តល់​ប្រភព​ទឹកស្អាត ចែកចាយ​ជូន​ប្រជាពលរដ្ឋ​មាន​ទឹក​ប្រើប្រាស់ ឲ្យបាន​គ្រប់​ចំនួន​នៅ​ខែ​ណា ឬ​ឆ្នាំ​ណា ឲ្យ​ពិតប្រាកដ​នោះទេ​..?​។​

​ទោះជា​បែប​នេះ​ក្តី ប្រជាពលរដ្ឋ​មួយចំនួន បាន​អះអាង​ថា រាលថ្ងៃនេះ គេ​ឃើញ​សកម្មភាព ក្រុម​ការងារ​បច្ចេកទេស របស់​ក្រុមហ៊ុន​អាន​កូ បាន​មមាញឹក​ក្នុង​ការចុះ​ភ្ជាប់​ទុយោ​មេមាន​ទំហំ​ធំៗ ឆ្ពោះទៅ​កាន់​ការដ្ឋាន​សំណង់​អគារ​ធំៗ​ទើប​សាងសង់​ថ្មីៗ ដែល​ភាគច្រើន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​។ ហើយ​ថា អតិថិជន​ទាំងឡាយណា ដែល​ត​ភ្ជាប់​បណ្តាញ​ទឹក​ចេញ​ពី​ក្រុមហ៊ុន​អាន​កូ គឺ​ពួកគេ​មិន​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​នោះទេ​។ វា​លើកលែងតែ​ប្រជាពលរដ្ឋ ឬ​អ្នក​ត​ភ្ជាប់​បណ្តាញ​ទឹក​ចេញ​ពី​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ខេត្ត​ព្រះសីហនុ គឺ​ភាគច្រើន​មិន​មាន​ទឹកស្អាត​ប្រើប្រាស់​ឲ្យបាន​គ្រប់​ទេ​រហូត​មកដល់​ពេលនេះ​។​

​ចំណុច​នេះ ប្រជាពលរដ្ឋ និង​អ្នក​ឃ្លាំ​មើល​សង្គម​មួយចំនួន យល់ថា បញ្ហា​អង្គភាព​រដ្ឋាករទឹក​ខេត្ត​ព្រះសីហនុ មិន​មាន​ទឹក សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​រស់នៅ​ទី​ប្រជុំជន​ក្រុង​ព្រះសីហនុ ប្រើប្រាស់ ឲ្យបាន​គ្រប់​ចំនួន អាច​ទំនង​ជា​បណ្តាលមកពី ការ​មិន​សហការ ឬ​ការ​ចាច់​កុង​គ្នា​ក្នុង​របរ​រកស៊ី រវាង​ក្រុមហ៊ុន​អាន​កូ និង​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ខេត្ត​ព្រះសីហនុ​។​

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ក៏​បាន​សំណូមពរ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា ឲ្យជួយ​អន្តរាគន៍​ទៅ​ក្រុមហ៊ុនអាន​កូ ធ្វើយ៉ាងណា ត្រូវ​ផ្គត់ផ្គង់​ទឹកស្អាត ជូន​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ខេត្ត​ព្រះសីហនុ ឲ្យមាន​ទឹកស្អាត​គ្រប់គ្រាន់ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ រស់​នៅ​ទីប្រជុំជន​ក្រុងព្រះសីហនុ ឲ្យមាន​ទឹក​ប្រើប្រាស់​ឡើងវិញ នៅ​គ្រា​អាង​ស្តុក​ទឹកស្អាត ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អាន​កូ នៅ​តំបន់​ក្បាល​ឆាយ មានទឹក​ស្តុក​មិន​ខ្វះ ប៉ុន្តែ​មិនគួរណា ប្រជាពលរដ្ឋ​ភាគច្រើន រស់​នៅ​ទីប្រជុំជន​ក្រុង​ទេសចរណ៍​មួយ​នេះ មិន​មាន​ទឹក​ប្រើប្រាស់​ឲ្យបាន​គ្រប់​ចំនួន​នោះ​ទេ​..?៕ ដោយ ​៖ ដែន សីមា​

    

×