ភ្នំពេញ ៖ មន្ត្រីផ្សព្វផ្សាយអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា មជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវការឈាមក្នុងមួយថ្ងៃ ប្រមាណជាង២០០សាក់ ហើយក្រុមចល័ត នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានស្វែងរកឈាម សម្រាប់ផ្គត់ផ្គង់ ជូនមជ្ឈមណ្ឌល គឺនៅមានកម្រិតនៅឡើយទេ គឺបានន័យថា បានប្រហែលជា៣០ភាគរយ ទៅ៤០ភាគរយ ជារៀងរាល់ខែ ពោលគឺនៅតែមានកង្វះខាតឈាម ប្រមាណ៦០ភាគរយ ។
ក្នុងកម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំរបស់ធនាគារស្ថាបនា នាព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០១៧ នៅការិយាល័យកណ្តាល ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស្ថាបនា លោក Kato Norihiko បានថ្លែងថា ជាមួយនឹងពាក្យស្លោក “បរិច្ចាគឈាមគឺចែករំលែកក្តីស្រឡាញ់” ធនាគារស្ថាបនា រួមសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាមដែលមានការចូលរួម ពីសំណាក់បុគ្គលិករបស់ខ្លួនមកពីគ្រប់សាខាទាំងអស់។ កម្មវិធីបរិច្ចាគឈាមនេះ ត្រូវបានប្រារព្ធឡើងនៅ៤ទីតាំងផ្សេងៗគ្នា គឺនៅការិយាល័យកណ្តាល សាខាខេត្តសៀមរាប សាខាខេត្តកំពង់ចាម និងសាខាខេត្តបាត់ដំបងនៃធនាគារស្ថាបនា។ គោលបំណងនៃកម្មវិធីបរិច្ចាគឈាមនេះគឺ ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យសុខាភិបាល នៅកម្ពុជាតាមរយៈសកម្មភាពស្ម័គ្រចិត្ត របស់បុគ្គលិកក្នុងការបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។
លោកអ៊ូ សុខលាង មន្ត្រីផ្សព្វផ្សាយអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា ដូច្នេះហើយបានជាមជ្ឈមណ្ឌលជាតិផ្តល់ឈាមចេញស្វែងរកឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស ។ លោកបានអំពាវនាវដល់ធនាគារស្ថាបនាក្តី និងវិស័យឯកជនផ្សេងៗក្តី សាកលវិទ្យាល័យក្តី និងអង្គភាពដែលពាក់ព័ន្ធ គឺសូមឲ្យជូនគាំទ្រដល់កម្មវិធីផ្តល់ឈាម ដើម្បីឆ្លើយតបនិងធ្វើយ៉ាងណា នៅឆ្នាំ២០២០ ត្រូវតែឲ្យបានឈាម១០០ភាគរយ គឺមានន័យថានរណាត្រូវការឈាម គឺមជ្ឈមណ្ឌលជាតិផ្តល់ឈាមមានឈាម១០០ភាគរយសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស។
លោកបានថ្លែងបញ្ជាក់ថា “ការបរិច្ចាគឈាមរបស់យើងនាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ហើយនេះក៏ជាការកសាងកម្លាំងមនុស្សធម៌មួយសម្រាប់ជាតិ និងសង្គមជាតិរបស់យើងផងដែរ។ នេះគឺជាវប្បធម៌នៃការចែករំលែកមួយធំធេងបំផុត ។ ការបរិច្ចាគឈាមដោយកាយវិការមនុស្សធម៌របស់យើង បានឆ្លុះបញ្ចាំងឲ្យឃើញថា យើងបានប្រសូតចេញពីប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជនហើយការបរិច្ចាគឈាមជាកាដូ ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស និងជាការចូលរួមនឹងជាកាដូនៃក្តីស្រឡាញ់ ហើយកាដូរបស់យើងនាពេលនេះ បានចេញពីបេះដូងរបស់យើងពិតប្រាកដ ជូនដល់មនុស្សជាតិ និងជនជាតិយើង”។
លោកបានថ្លែងបញ្ជាក់ថា ឈាមដែលត្រូវការចាំបាច់នោះ គឺឈាមគ្រប់ក្រុមឈាមទាំងអស់មានចំនួន៤ គឺក្រុមឈាមអា ក្រុមឈាមបេ ក្រុមឈាមអាបេ និងក្រុមឈាមអូ។ ឈាមទាំង៤ក្រុមនេះយើងត្រូវការទាំងអស់ គ្រាន់តែភាគរយនៃឈាមដោយបានចែកខុសៗគ្នា គឺក្រុមឈាមអូ មានតម្រូវការ៤៤ភាគរយ ក្រុមឈាមអាបេមានតម្រូវការ២៦ភាគរយ ក្រុមឈាមអា មានតម្រូវការ២៤ភាគរយ និងក្រុមឈាមអាបេមានតម្រូវការ៦ភាគរយ។ បន្ទាប់ពីមានការបរិច្ចាគឈាមរួចហើយ ក្រុមគ្រូពេទ្យបានយកឈាមទាំងនោះទៅពិនិត្យរកមេរោគចំនួន៤ គឺមេរោគរលាកថ្លើមប្រភេទបេ រលាកថ្លើមប្រភេទសេ កាមរោគ និងអេដស៍ ហើយបើឈាមពិនិត្យទៅរកឃើញថាល្អ គឺយើងទុកក្នុងកន្លែងមួយដែលមានសីតុណ្ហភាព៦អង្សាសេក្នុងរយៈពេល៣៥ថ្ងៃ ហើយពិនិត្យរកឃើញឈាមមិនល្អ គឺត្រូវតែយកទៅដុតចោល។
សូមបញ្ជាក់ថា ឆ្នាំនេះ បុគ្គលិកសរុបចំនួនប្រមាណជាង៣០០នាក់ មកពីសាខាទាំង១៦៨របស់ធនាគារ ស្ថាបនា នៅទូទាំងប្រទេសបានស្ម័គ្រចិត្តចុះឈ្មោះចូលរួមបរិច្ចាគឈាម ។ បើយោងតាមការសិក្សាស្រាវជ្រាវ ឈាមមួយផ្លោកដែលមនុស្សម្នាក់បានបរិច្ចាគអាចជួយសង្គ្រោះអាយុជីវិតមនុស្សបានចំនួនបីនាក់។ ធនាគារស្ថាបនា តែងតែរៀបចំកម្មវិធីបរិច្ចាគឈាមជារៀងរាល់ឆ្នាំ។ដោយឡែកឆ្នាំនេះ គឺជាការចូលរួមបរិច្ចាគឈាមលើកទី១០ របស់ខ្លួន ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់ និងដើម្បីជួយបង្កើតបរិមាណឈាមក្នុងស្តុក របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ទុកប្រើប្រាស់ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស ឲ្យបានទាន់ពេលវេលា៕ ដោយ ៖ កូឡាប