Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្រកទ្វារ​ឆ្លង​ព្រំដែន មួយចំនួនទៀត នៃ​ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ​ត្រូវបាន​បើក​បន្ថែម ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​

​សៀមរាប ​៖ ថ្ងៃ​ពុធ ទី​១៣ ខែមីនា ឆ្នាំ​២០១៩​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក Hideaki Iwasaki នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​ប្រទេស​ថៃ ជា​សហប្រធាន បាន​អញ្ជើញ​ជា អធិបតី​ក្នុង​ពិធី​បើក ដឹកនាំ និង​បិទ​កិច្ចប្រជុំ​លើក​ទី​៧ នៃ​គណៈកម្មាធិការ​រួមការ​ងារ​ដឹកជញ្ជូន​ឆ្លងកាត់ ព្រំដែន​ក្របខ័ណ្ឌ​មហា​អនុតំបន់​មេគង្គ ដែល​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​គណៈប្រតិភូ ជា​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​បច្ចេកទេស មកពី​ប្រទេស​ក្នុង​តំបន់​មហា​អនុតំបន់​មេគង្គ រួមមាន​៖ ប្រទេស​កម្ពុជា ចិន ថៃ វៀតណាម ឡាវ និង​ប្រទេស​មី​យ៉ាន់​ម៉ា រួមទាំង​ក្រុមការងារ​ADB អង្គការ​DFAT និង​អង្គការ GIZ ផងដែរ​។​

​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ពិភាក្សា​លើ​ការបន្ត​សុពលភាព​ក្នុងការ​អនុវត្ត​ការប្រមូល​ផល​ដំបូង នៃ​ការ អនុវត្ត​កិច្ចព្រមព្រៀង​ឆ្លងកាត់​ព្រំដែន​របស់​ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ ការបញ្ចប់​លើ​សេចក្ដីព្រាង អនុស្សរណៈ​នៃ​ការយោគយល់​ស្ដីពី​ការបើក​ច្រកទ្វារព្រំដែន​បន្ថែម ការកំណត់​បន្ថែម​ខ្សែ​ផ្លូវ​ឆ្លងកាត់​ប្រទេស នីមួយៗ និង​ការពិនិត្យ​លើ​ការអនុវត្ត​ការប្រមូល​ផល​ដំបូង​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​លើ​ការដឹកជញ្ជូន ឆ្លងកាត់​ព្រំដែន ព្រមទាំង​ការលើកទឹកចិត្ត​ឱ្យ​ប្រទេស​មី​យ៉ាន់​ម៉ា ចូលរួម​អនុវត្ត​កិច្ចព្រមព្រៀង​ខាងលើ នេះ​ផងដែរ​។ លើសពីនេះ​ទៀត កិច្ចប្រជុំ​នេះ ក៏បាន​ពិភាក្សា​ស្វែងរក​វិធី​ល្អៗ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម នានា និង​ធ្វើដំណើរ​ឆ្ពោះទៅមុខ​ក្នុងការ​អនុវត្ត​ការប្រមូល​ផល​ដំបូង​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ការដឹក ជញ្ជូន​ឆ្លងកាត់​ព្រំដែន​ប្រកបដោយ​ភាពរលូន និង​ចីរភាព​ផងដែរ​។​

​ជា​លទ្ធផល​ ៖ កិច្ចប្រជុំ​នេះ​បានសម្រេច ឯកភាព​និង​អនុម័ត​របាយការណ៍​មន្ត្រី​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​កិច្ចប្រជុំ​លើក​ទី​៧​គណៈកម្មការ​រួម ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន GMS សម្រេច​លើ​ផែនការ​សកម្មភាព​ដល់​ឆ្នាំ ២០២៣ ពន្យា​ពេល​សុពលភាព​អនុវត្ត​អនុស្សរណៈ ការប្រមូល ផល​ដំបូង​នៃ​កិច្ចព្រមព្រៀង​GMS​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន ដល់​ថ្ងៃទី ៣១ ខែ​ឩ​សភា ឆ្នាំ​២០២១ ឯកភាព​ទុកពេល​ឱ្យ​ប្រទេស​GMS​រហូតដល់​ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​នីតិវិធី​ផ្ទៃក្នុង និង ចុះហត្ថលេខា​ជា​ចុងក្រោយ នូវ​អនុស្សរណៈ​ស្តីពី​៖ ការបន្ថែម​ផ្លូវ​របៀង ខ្សែ​ផ្លូវ និង​ច្រកទ្វារ​ឆ្លងកាត់​ព្រំដែន​សម្រាប់​កិច្ចព្រមព្រៀង GMS ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន ឯកភាព​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​កិច្ចព្រមព្រៀង GMS ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​CBTA 2.0 និង​អនុវត្ត​ពេញលេញ​ឆ្នាំ ២០២៣​។​

​ក្រៅពីនេះ កម្ពុជា​បាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មការ​រួម​កិច្ចព្រមព្រៀង​GMS​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៅ​ខែតុលា ឆ្នាំ​២០១៩ នៅ​ខេត្ត​ព្រះសីហនុ​។ ប្រទេស​មី​យ៉ាន់​ម៉ា បាន​សន្យា​ចូលរួម​អនុវត្ត​ការប្រមូល​ផល​ដំបូង​នៃ​កិច្ចព្រមព្រៀង​GMS ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ ២០២១ ។ សាធារណរដ្ឋ​ប្រជាមានិត​ចិន យល់ព្រម​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៨ គណៈកម្មការ​រួម​នៃ​កិច្ច​ព្រម ព្រៀង​GMS​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៅ​ឆ្នាំ​២០២០​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖ លទ្ធផល​ជា​ផ្លែផ្កា​ទាំងនេះ នឹង​បង្ហាញ​សហគម​អន្តរជាតិ​ថា ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ បាន​ព្យាយាម និង​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​បើក​ច្រកព្រំដែន​បន្ថែមទៀត និង ដាក់​បន្ថែម​ខ្សែ​ផ្លូវ​មួយចំនួនទៀត​ដើម្បី​ត​ភ្ជាប់​ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ ព្រមទាំង​ធ្វើ​សមា​ហរ​ណ កម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​សំដៅ​លើកកម្ពស់​គុណភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​ថ្លែង​ក្នុង​សុន្ទរកថា​បិទ​អង្គប្រជុំ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​លើកឡើងថា​៖ ការបើក​ច្រក​ឆ្លងកាត់​ព្រំដែន និង ការដាក់​បន្ថែមចំនួន​ខ្សែ​ផ្លូវ​ឆ្លងកាត់​របស់​បណ្ដា​ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ គឺជា​កត្តា​សត្យានុម័ត​ក្នុង ការពង្រីក និង​ពង្រឹង​ការតភ្ជាប់​រវាង​ប្រទេស​នីមួយៗ ព្រោះថា​វិស័យ​ដឹកជញ្ជូន​គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច របស់​ប្រទេស​ក្នុង​តំបន់​មហា​អនុតំបន់​ទន្លេមេគង្គ ជំរុញឱ្យមាន​រំហូរ​ទេសចរ​កាន់តែច្រើន​ឡើង លើកកម្ពស់ ការធ្វើ​ពាណិជ្ជកម្ម​ជាតិ និង​អន្តរជាតិ ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​រក្សា​កំណើន​សេដ្ឋកិច្ចជាតិ​ប្រចាំឆ្នាំ ប្រកបដោយ​ចីរភាព​។​

​ទោះជា​យ៉ាងនេះ​ក្ដី ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា​៖ ការធ្វើ​បច្ចុប្បន្នភាព​កិច្ចព្រមព្រៀង​ឱ្យស្រប តាម​ការរីកចម្រើនរ​បស់​ប្រទេស​នីមួយៗ និង​ពិភពលោក ក៏ដូចជា​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា នឹង ជួយ​សម្រួល​ដល់​នីតិវិធី​គយ និង​នីតិវិធី​ដឹកជញ្ជូន ព្រមទាំង​បង្កើត​ឱកាស​បន្ថែមទៀត​ក្នុង​ការរក ឱ្យឃើញ​នូវ​វិធី​ថ្មីៗ​ដើម្បីឱ្យ​ការដឹកជញ្ជូន​ទទួលបាន​ជោគជ័យ​ខ្ពស់​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​សំណូមពរ​ឱ្យ​ប្រទេស​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ គោរព​នីតិវិធី​ចាំបាច់​នានា​ក្នុង​ការដាក់​បន្ថែម បណ្ដាញ​ខ្សែ​ផ្លូវ​របស់​ប្រទេស​នីមួយៗ និង​ផ្ដោ​សំខាន់​លើ​សុវត្ថិ ភាព​ចរាចរណ៍​ជា​ចម្បង​៕ ដោយ​ ៖​ កូ​ឡាប​

×