Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ប៉ាន សូរ​ស័ក្តិ ស្នើ​មន្ត្រី​កាំកុងត្រូល​រឹតបន្តឹង​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ និង​វែកមុខ​ឈ្មួញ​ខិលខូច ដើម្បី​ដាក់ទោស​តាមច្បាប់​

ខេត្តរតនគិរី​៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​មន្ត្រី​កាំកុងត្រូល​ទាំងអស់ រឹតបន្តឹង​ការត្រួតពិនិត្យ​សុវត្ថិភាព​ម្ហូបអាហារ​ឱ្យបាន​ហ្មត់ចត់ ដោយ​មិន​គ្រាន់តែ​ដកហូត​ទំនិញ​ខូចគុណភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​បន្ត​វែកមុខ​ឈ្មួញ​ខិលខូច​ដែល​នាំចូល​ទំនិញ​ទាំងអស់ និង​អ្នកពាក់ព័ន្ធ យកមក​ផ្តន្ទាទោស​តាមច្បាប់​ថែមទៀត ដើម្បី​ការពារ​សុវត្ថិភាព​ជូន​អ្នកប្រើប្រាស់​ទូទាំងប្រទេស​។​

​លោក​រដ្ឋមន្ត្រី បាន​លើកសំណើ​នេះ​ឡើង នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល​ខេត្តរតនគិរី​, ស្ទឹងត្រែង​, ព្រះវិហារ និង​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​១១ និង​១២ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​តាមដាន​វឌ្ឍនភាព​ការងារ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ ដែល​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល​ខេត្ត បាន​កំពុង​ជួបប្រទះ​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ពី​សារៈសំខាន់​នៃ​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​មន្ត្រី​សាខា​កាំកុងត្រូល​ទាំងអស់ ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន តាមរយៈ​ការពង្រឹង​សុវត្ថិភាព​ម្ហូបអាហារ​, ការ​គាំពារ​អ្នកប្រើប្រាស់ និង​ការបង្ក្រាប​សកម្មភាព​ធុរកិច្ច​មិន​ស្មោះត្រង់ ដែល​អាច​បង្ក​នូវ​ហា​នី​ភ័យ​ផ្សេងៗ ដល់​សុខមាលភាព​ប្រជាជន បរិស្ថាន និង​សេដ្ឋកិច្ចជាតិ​។​

“​នៅក្នុង​អាណត្តិ​ទី​៦​នេះ រាជ​ដ្ឋា​ភិ​បាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​អភិក្រម​ចំនួន ៥​គឺ​៖ ឆ្លុះកញ្ចក់​, ងូតទឹក​, ដុសក្អែល​, ព្យាបាល និង​វះកាត់​! ដូច្នេះ​មិនត្រូវ​បន្ធូរដៃ​ឡើយ ព្រោះនេះ​ជា​ឱកាស​មាស សម្រាប់​មន្ត្រី​កាំកុងត្រូល​យើង ក្នុងការ​បញ្ចេញស្នាដៃ​ជូន​ជាតិ និង​ប្រជាជន​! កុំ​គ្រាន់តែ​ដកហូត​ទំនិញ ប៉ុន្តែ​ត្រូវ​បន្ត​វែកមុខ និង​ចាប់​ឱ្យបាន​នូវ​ឈ្មួញ​ទុច្ចរិត​ដែល​នាំចូល​” លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា បច្ចុប្បន្ន​ក្រសួងពាណិជ្ជកម្ម កំពុង​ចងក្រង​ច្បាប់​សំខាន់ៗ​ចំនួន​បី ដើម្បី​ពង្រឹង​តួនាទី​ភារកិច្ច និង​ពង្រីក​ដែន​សមត្ថកិច្ច​របស់​អគ្គ​នាយកដ្ឋាន​កាំ​កុង ឱ្យមាន​លក្ខណៈ​ច្បាស់លាស់ និង​កាន់​តែមាន​ប្រសិទ្ធភាព សំដៅ​លើកកម្ពស់​សុវត្ថិ​ភាព​ម្ហូបអាហារ ការពារ​អ្នកប្រើប្រាស់ និង​ធានា​ការធ្វើ​ពាណិជ្ជកម្ម​ប្រកបដោយ​សមធម៌ នៅក្នុង​ប្រទេស​កម្ពុជា​។​

“​នៅពេល​ច្បាប់​ទាំងបី​នេះ​អនុម័ត មន្ត្រី​កាំកុងត្រូល​របស់​យើង នឹងមាន​សមត្ថកិច្ច​កា​ន់​តែ​ខ្លាំង ក្នុងការ​ទប់ស្កាត់​ការផលិត និង​ចែកចាយ​ទំនិញ​ក្លែងក្លាយ គ្មាន​គុណភាព ឬ​ខូចគុណភាព ព្រមទាំង​ផ្អាក​សកម្មភាព​ធុរកិច្ច​ទុច្ចរិត ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់​ទំនិញ ឬ​សេវាកម្ម និង​លើកទឹកចិត្ត​អ្នករកស៊ី​ត្រឹមត្រូវ ឱ្យ​ពង្រីក​ធុរកិច្ច ឬ​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាមួយ​រាជរដ្ឋាភិបាល​” លោក​រដ្ឋមន្ត្រី បាន​បន្ថែម​។​

​សូម​ជម្រាប​ដែរ​ថា នៅក្នុង​ពិធី​បំផ្លាញ​ទំនិញ​ក្លែងក្លាយ និង​ខូចគុណភាព​សរុប​ជាង ៧០​តោន កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ទាំងអស់ ត្រូវតែ​រួមគ្នា​បង្ក្រាប​បទល្មើស “​ទំនិញ​ក្លែងក្លាយ និង​ខូចគុណភាព​” ឱ្យខាងតែបាន ដោយ​មិនត្រូវ​បញ្ឈប់​នោះឡើយ ហើយ​នៅពេល​បង្ក្រាប​លើក​ក្រោយ ប្រសិនបើ​ដកហូត​បានតែ​វត្ថុតាង តែ​ចាប់​មិនបាន​អ្នកប្រព្រឹត្ត មក​ផ្ដន្ទាទោស​ទេ សម្ដេច​នឹងមិន​ចូលរួម​ជា​អធិបតី នៅក្នុង​ពិធី​ដុតបំផ្លាញ​នោះឡើយ​៕ ដោយ ​៖ ​កូ​ឡាប​

×