Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ប៉ាន សូរ​ស័ក្តិ ជំរុញ​មន្ត្រី​ប្រឹងប្រែង​សិក្សា​ជំនាញ​ចំនួន ៤ ដើម្បី​ទទួលបាន​ការផ្តល់​មុខតំណែង និង​ឱកាស​បម្រើ​ការងារ​នៅ​បរទេស​

(​ព្រះវិហារ​/​ស្ទឹងសែន​)៖ មុខជំនាញ​សំខាន់ៗ​ចំនួន ៤ រួមមាន ភាសា​អង់គ្លេស​, កុំព្យូទ័រ​, សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​នយោបាយ ត្រូវបាន លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជំរុញ​មន្ត្រី​នៅតាម​មន្ទីរ​ពាណិជ្ជកម្ម ខិតខំ​ប្រឹងប្រែង​សិក្សា ដើម្បី​ទទួលបាន​បានការ​តែងតាំង​មុខតំណែង​កាន់តែ​ខ្ពស់ ជាមួយ​ឱកាស​ចេញទៅ​បន្ត​ការសិក្សា ឬ​បំពេញការងារ​ជា​អនុព័ន្ធពាណិជ្ជកម្ម នៅតាម​បណ្តា​ស្ថានទូត​នានា​របស់​កម្ពុជា នៅក្រៅ​ប្រទេស​។​

​ការជំរុញ​របស់លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ ដែល​រៀបចំឡើង​នៅ​សាលប្រជុំ​មន្ទីរ​ពាណិជ្ជកម្ម​នៃ​ខេត្ត​ទាំងពីរ កាលពី​ព្រឹក និង​រសៀល​ថ្ងៃ​អង្គា​រ៍ ទី​១២ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ និង​ចែករំលែក​ព័ត៌មាន​អំពី​សភាពការណ៍​វិវឌ្ឍន៍​ថ្មីៗ ទាក់ទង​វិស័យ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា ជំនាញ​ទាំង​បួន​ខាងលើ ពិត​ជាមាន​សារសំខាន់ សម្រាប់​មន្ត្រី​នៅក្នុង​ក្រសួង និង​នៅតាម​មន្ទីរ​ពាណិជ្ជកម្ម ដែល​ចង់​ឡើង​ឋានៈ ឬ​ចេញទៅ​បំពេញការងារ​ជា​អនុព័ន្ធពាណិជ្ជកម្ម អម​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅឯ​បរទេស ពីព្រោះ​ពួកគេ​ត្រូវធ្វើ​ការតាមដាន វិភាគ និង​ប្រមូល​ព័ត៌មាន ទាក់ទង​នឹង​ព្រឹត្តិការណ៍​សេដ្ឋកិច្ច និង​នយោបាយ​នៅក្នុង​ប្រទេស ដែល​ពួកគេ​បម្រើ​ការងារ​។​

“​អនុព័ន្ធពាណិជ្ជកម្ម គឺជា​មន្ត្រី​ទទួលខុសត្រូវ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ដូច្នេះ​ចាំបាច់​ត្រូវមាន​ចំណេះដឹង និង​សមត្ថភាព​គ្រប់គ្រាន់ និង​ត្រូវ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ជំនាញ “​ការទូត​” ត្រឹមត្រូវ ដើម្បី​អាច​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋាភិបាល អង្គទូត និង​វិនិយោគិន សំដៅ​ស្វែងរក​អត្ថប្រយោជន៍​ជូន​ប្រទេសជាតិ និង​ប្រជាជន​” លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​។​

​ក្រៅពី​ជំរុញ​មន្ត្រី​ខិតខំ​ប្រឹងប្រែង​សិក្សា​លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​នៅក្នុង​ខេត្ត​ទាំងពីរ​ខាងលើ បន្ត​យកចិត្តទុកដាក់​ជួយ​សម្រួល​ធុរកិច្ច​របស់​សហគ្រាស​ធុន​តូច និង​តូច​បំផុត (MSMEs) ដើម្បី​លើកស្ទួយ​ការអភិវឌ្ឍ​វិស័យ​ឯកជន និង​កំណើន​សេដ្ឋកិច្ចជាតិ ពិសេស​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​បន្ថែម​លើ​នោះ លោក ប៉ាន សូរ​ស័ក្តិ ក៏​ជម្រាបជូន​ថ្នាក់ដឹកនាំ និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ទាំងអស់ អំពី​វិធានការណ៍​ចាំបាច់​មួយចំនួន ដែល​ក្រសួង​គ្រោង​អនុវត្តន៍ ដើម្បី​ពង្រឹង​តម្លៃ​កសិផល និង​ស្ថិរភាព​ផលិតកម្ម​របស់​វិស័យ MSME ដូចជា ការបង្កើត​គម្រោង​មេ ដោយ​ប្រើប្រាស់​ថវិកាជាតិ និង​ថវិកា​ជំនួយ​ប្រទេស​ចិន នៅក្រោម​ក្របខណ្ឌ​ខ្សែក្រវ៉ាត់ និង​ផ្លូវ ដើម្បី​សាងសង់​សៃ​ឡូ (​ឡស​ម្ងួ​ត​) និង​ទិញ​កសិផល​ពី​ប្រជាកសិករ​ទៅតាម​តម្លៃ​ទីផ្សារ​, ការអនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (AIMS) ដើម្បី​អភិវឌ្ឍន៍​ចង្វាក់​តម្លៃ​ផលិតផល និង​ត​ភ្ជាប់​ផលិតកម្ម ជាមួយ​ទីផ្សារ​ចាស់ និង​ថ្មី ព្រមទាំង​ការបង្កើត​ក្រុមការងារ​ពិសេស ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ ពាក់ព័ន្ធ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម នៅ​ថ្នាក់ក្រោម​ជាតិ ជាដើម​។​ល​៕ ​ដោយ​ ៖​ កូ​ឡាប​

×