ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនិងលោក ហួត ឃាង វ៉េង រដ្ឋលេខាធិការក្រសួងព័ត៍មាន បានធ្វើការជំរុញដល់ក្រុមការងារអនុគណៈកម្មការសង្ក្រាន្តស្វាយរៀងត្រូវសហការអនុវត្តតួនាទីភារកិច្ចដូចមានកំណត់ក្នុងសេចក្ដីសម្រេចឲ្យបានល្អប្រសើរ ចាត់ចែងរៀបចំកិច្ចប្រជុំធ្វើផែនការលម្អិត និងឡើងគម្រោងចំណាយនៅក្នុងផែនអនុគណៈកម្មការ និងក្រុមការងារនីមួយៗឲ្យបានច្បាស់លាស់ ដើម្បីសម្រេចអោយរួចរាល់តាមផែន ការមុនថ្ងៃសង្ក្រាន្តស្វាយរៀងចូលមកដល់ ។
លោកអភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាការងាររៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនិងការងាររៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀងលើកទី៣ឆ្នាំ២០១៩ដែលបានរៀបចំនៅសាលប្រជុំរបស់សាលាខេត្តស្វាយរៀង ។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អស់លោកជាអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកសាកលវិទ្យាធិការ សាកលវិទ្យាធិការរង សាកលវិទ្យាល័យស្វាយរៀង លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារ ស.ស.យ.ក.ខេត្ត និងគណៈកម្មាធិការ ស.ស.យ.ក ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធដែលជាសមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការដែលជាក្រុមការងារសង្ក្រាន្តស្វាយរៀងជាច្រើនរូបទៀត។
សូមជម្រាបជូនថា សង្ក្រាន្តស្វាយរៀងឆ្នាំនេះមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅនៅបរិវេណរង្វង់ មូលខាងមុខសណ្ឋាវ៉ៃគោ និងតាមបណ្តោយផ្លូវមួយចំនួនទៀត ក្នុងក្រុងស្វាយរៀង ហើយការរៀបចំឆ្នាំនេះ មានលក្ខណៈធំជាងឆ្នាំមុន ដោយមានកម្មវិធីកម្សាន្ត ជាច្រើនដើម្បីបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកអបអរសាទរ និងទទួលទេវតាឆ្នាំថ្មីនៅទីនេះ ៕ ដោយ ៖ វ៉ៃកូ