មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អាចនឹងឈប់ចរចាររឿងរំសាយនុយក្លេអ៊ែរជាមួយអាមេរិច និងបន្តបាញ់សាកល្បងមីស៊ីល និងនុយក្លេអ៊ែរឡើងវិញ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃរបបនេះ។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង អ្នកស្រី Choe Sun-hui បានថ្លែងប្រាប់អ្នកការទូតបរទេសថា អាមេរិច “បោះបង់ចោលឱកាសមាស” នៅក្នុងកិច្ចប្រជុំកំពុលកាលពីពេលថ្មីៗនេះ។
នៅកិច្ចប្រជុំកំពូលកាលពីចុងខែមុននៅប្រទេសវៀតណាម បានបរាជ័យ ក្រោយពេលលោក ដូណាល់ ត្រាំ បដិសេធដកទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ប្រសិនជាប្រទេសនេះមិនបំផ្លាញកន្លែងបាញ់នុយក្លេអ៊ែររបស់ខ្លួនចោល។
ចំណែកភាគីខាងកូរ៉េខាងជើង សុំឲ្យមានការដកទណ្ឌកម្មសេដ្ឋកិច្ចខ្លះៗប្រឆាំងខ្លួន ជាថ្នូរនឹងការរុះរើ កន្លែងសាកល្បងនុយក្លេអ៊ែរ Yongbyon។
អ្នកស្រី Choe Sun-hui ថ្លែងនៅក្នុងទីក្រុងព្យុងយ៉ាងថា គីម ជុងអ៊ុននឹងត្រូវធ្វើការប្រកាសជាផ្លូវការពីជំហររបស់លោក ជុំវិញកិច្ចចរចារនាពេលអានាគតជាមួយនឹង អាមេរិចនៅពេលឆាប់ៗនេះ។
អ្នកស្រីនិយាយថា “ពួកយើងគ្មានបំណងបន្ទន់ខ្លួនទៅតាមការទាមទារគ្រប់ទម្រង់របស់អាមេរិចឡើយ ហើយពួកយើងក៏មិនមានឆន្ទៈចូលរួមការចរចាររបៀបនោះឡើយ”។
ទោះយ៉ាងណា អ្នកស្រីថ្លែងថា “ទំនាក់ទំនងផ្ទាល់ខ្លួនរវាងមេដឹកនាំកំពូលទាំង ២នៅតែល្អដដែល”។
អ្នកស្រីបញ្ជាក់ថា អ្វីដែលកូរ៉េខាងជើងទាមទារក្នុងកិច្ចប្រជុំកំពូលនោះគឺការដកទណ្ឌកម្មសេដ្ឋកិច្ចសំខាន់ ៥ មិនមែនទាមទារឲ្យដកទណ្ឌកម្មទាំងអស់នោះទេ។
“អ្វីដែលកាន់តែច្បាស់គឺថា អាមេរិចបោះបង់ចោលឱកាសមាសនៅពេលនេះ។ ខ្ញុំមិនយល់សោះហេតុអ្វីអាមេរិចមានការលើកឡើងខុសគ្នាបែបនេះ។ ពួកយើងមិនដែលស្នើឲ្យមានការដកទណ្ឌកម្មទាំងស្រុងនោះឡើយ”៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC