Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកួត​បង្កើត​ឡូហ្គោ សម្រាប់​ខួប​អនុស្សាវរីយ៍​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​មិត្តភាព​ជប៉ុន​-​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ស្ថានទូត​ជប៉ុន បាន​ផ្តល់ឱកាស​ឱ្យ​សាធារណជន ឲ្យចូល​រួម​ការប្រកួត​ប្រជែង បង្កើត​ឡូហ្គោ សម្រាប់​ការ​ប្រារព្ធ “​ខួប​អនុស្សាវរីយ៍​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​រវាង​ជប៉ុន និង កម្ពុជា​” និង​បាន​ទទួល​នូវ​ការ​ដាក់​ពាក្យ​ជាច្រើន​ពី​ប្រជាជន​កម្ពុជា​។

​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ប្រកាស​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ថា ឆ្នាំក្រោយ ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ខួប​អនុ​ស្សវ​រីយ៍​៦៥​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ជប៉ុន និង​កម្ពុជា​។

​ឆ្លៀត​ក្នុង​ឱកាស​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​សាងសង់​វិទ្យាស្ថាន​គរុកោសល្យ​ដែល​បាន ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០ ខែ​ធ្នូ​លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី​-​រដ្ឋមន្ត្រីការបរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង លោក ហូ​រីណូ​អ៊ុជិ ហ៊ី​ដេ​ហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន បានប្រកាស ឡូហ្គោ​ដែល​ត្រូវ​បាន​ជាប់​ជ័យលាភី​ជា​ផ្លូវការ ក្នុងចំណោម ៣១​ឡូហ្គោ ដែល​ត្រូវ​បាន​ដាក់ពាក្យ គឺជា​ឡូហ្គោ​របស់​លោក ចាន់ ទេព​ខេមរិន្ទ អាយុ​១៥​ឆ្នាំ រៀន​ថ្នាក់​ទី​១០ នៃ​សាលា​អន្តរជាតិ​ភ្យូ​ឆឺ​រ​ប្រាយ ក្នុង​ខេត្ត​សៀមរាប​។​

យោង​តាម​អត្ថន័យ នៃ​ឡូហ្គោ​ដែល​ត្រូវ​បាន​សរសេរ​រៀបរាប់ ដោយ​បេក្ខជន​ជ័យលាភី ចាន់ ទេព​ខេមរិន្ទ​គឺ ឡូហ្គោ​នេះ​មាន​ទម្រង់​ជា​រូប​ផ្លិត​ក្រដាស​ជប៉ុន និង​កម្ពុជា ដោយ​រចនា​ផ្សំ​ទង់ជាតិ ប្រទេស​ទាំង​ពីរ​នៅ​លើ​ផ្លិត ដើម្បី​បង្ហាញ​អំពី​មិត្តភាព បើក​យ៉ាង​ទូលំទូលាយ​រវាង​កម្ពុជា និង​ជប៉ុន​។​

​លោក ហូ​រីណូ​អ៊ុជិ ហ៊ី​ដេ​ហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​បាន​ថ្លែងថា ឡូហ្គោ នេះ​មាន​គូរ​ទង់ជាតិ​កម្ពុជា និង​ជប៉ុន​នៅលើ​ផ្លិត​ដ៏​ស្រស់ស្អាត​។ លោក​សង្ឃឹមថា មិត្តភាព ជប៉ុន​-​កម្ពុជា​នឹង រីកសាយ​ធំ​ឡើង​ដូច​ផ្លិត​បើក​នេះ​ពេញ​មួយឆ្នាំ​។​

​សូមបញ្ជាក់​ថា កម្មវិធី ”​ខួប​អនុស្សាវរីយ៍​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ជា​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា​” នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​។ ក្នុង​កំឡុង​ពេល​ដ៏​សំខាន់​នេះ ស្ថានទូត​ជប៉ុន រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ស្ថាប័នឯកជន នឹង​រៀបចំ​ព្រឹតិ្តការណ៍​អនុស្សាវរីយ៍​ជាច្រើន និង សង្ឃឹមថា នឹង​មាន​ការចូលរួម​ពី​សំណាក់​ប្រជាជន​យ៉ាងច្រើន​កុះករ ដើម្បី​អបអរសាទរ​ខួប អនុស្សាវរីយ៍​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​នេះ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×