ភ្នំពេញ ៖ ដើម្បីចូលរួមបង្ការសុខភាព ដែលអាចកើតមាន នៅក្នុងអំឡុងពេលអាកាសធាតុក្តៅ ក្រសួងសុខាភិបាល សូមអំពាវនាវ ដល់សាធារណជនទាំងអស់ ឲ្យចូលរួម អនុវត្តន៍វិធានការបង្ការ ដើម្បីសុខភាពល្អ មួយចំនួន។
វិធានការបង្ការ ដើម្បីសុខភាពល្អ រួមមាន៖ ១. ពិសាទឹកឲ្យបានច្រើន៖ បង្កើនការទទួលទានជាតិទឹកឆ្អិន ឲ្យបានច្រើននិងញឹកញាប់ តាមដែលអាចធ្វើទៅបាន ដោយមិនត្រូវរង់ចាំរហូតដល់ស្រេកទឹកទេ ។ កុំពិសាវត្ថុរាវដែលមានជាតិអាល់កុល ឬជាតិស្ករច្រើនពេក ពីព្រោះសារធាតុទាំងនេះបង្កឲ្យអ្នកកាន់តែបាត់បង់ជាតិទឹកច្រើន។ ជៀសវាងកុំពិសាភេសជ្ជៈត្រជាក់ខ្លាំង ពីព្រោះវាអាចបណ្តាលឲ្យរមូលក្រពះ ។
២. ការបែកញើសច្រើនហូរចេញអំបិល និងសារធាតុរ៉ែ ចេញពីរាងកាយរបស់អ្នកដែលត្រូវតែបង្គ្រប់វិញ។ ប្រសិនបើអ្នក ហាត់ប្រាណចូរពិសារទឹកភេសជ្ជៈ ឬទឹកមានជាតិរ៉ែ ឲ្យបានពីរទៅបួនកែវរៀងរាល់១ម៉ោងម្តង មិនត្រូវពិសារជាតិអាល់កុលឡើយ ។
៣. ស្លៀកពាក់សំលៀកបំពាក់ស្តើងៗ ឬមានពណ៌ស្រាលនិងស្លៀកពាក់រលុង និងលាបឡេការពារកម្តៅថ្ងៃ បើអាវធ្វើទៅបាន។ ការរលាកស្បែកដោយសារពន្លឺព្រះអាទិត្យ ប៉ះពាល់ដល់រាងកាយនិងធ្វើឲ្យរាងកាយ បាត់បង់ជាតិទឹក។ វាក៏បណ្តាលឲ្យស្បែកមានការឈឺចាប់ និងខូចស្បែកផងដែរ។ ប្រសិនបើអ្នក ចេញក្រៅចូរការពារខ្លួនអ្នកពីព្រះអាទិត្យដោយពាក់មួកធំទូលាយ និង វ៉ែនតាការពារ។ ស្លៀកពាក់ឲ្យទារកនិងកុមារខោអាវស្តើង ពណ៌ស្រាល រលុង គ្របក្បាល និងបាំងថ្ងៃឲ្យម្លប់ ដោយមួកឬឆ័ត្រ ។ ហាមទុកទារកកុមារចោលនៅក្នុងឡានដែលចត។
៤. ប្រសិនបើអ្នកត្រូវចេញទៅខាងក្រៅផ្ទះ យកល្អគួរទៅនៅពេលព្រឹកនិងពេលល្ងាចបើអាចធ្វើទៅបាន។ សូមព្យាយាមសម្រាកឲ្យបានញឹកញាប់នៅកន្លែងម្លប់ដូច្នេះ រាងកាយរបស់លោកអ្នកនឹងមានឱកាសមានកំលាំងឡើងវិញ។
៥. ប្រសិនបើលោកអ្នកទើបហាត់ប្រាណដំបូង ឬហាត់ប្រាណនៅក្នុងបរិយាកាសក្តៅ អ្នកត្រូវចាប់ផ្តើមសកម្មភាពហាត់ប្រាណដោយយឺតៗ បន្ទាប់មកបង្កើនល្បឿនបន្តិចម្តងៗ ដើម្បីជៀសវាងការប្រឹងប្រែងធ្វើទាំងក្តៅ ដែលបណ្តាលឲ្យបេះដូង របស់លោកអ្នកលោតញាប់ និងដង្ហក់ហត់ ត្រូវបញ្ឈប់សកម្មភាពទាំងនោះ ភ្លាមបើមានកើតឡើង រួចចូលទៅក្នុងតំបន់ត្រជាក់ឬយ៉ាងហោចណាស់ចូលទៅក្នុងម្លប់ហើយសម្រាក ពីព្រោះវាបណ្តាលឲ្យលោកអ្នក ខ្សោយឬដួលសន្លប់បាន។
៦. ជៀសវាងអាហារក្តៅៗ និងជៀសវាងពិសា អាហារច្រើនពេក ពីព្រោះ វាបង្កើនកម្តៅដល់រាងកាយរបស់ លោកអ្នក។
៧. កាត់បន្ថយការប៉ះនឹងកម្តៅព្រះអាទិត្យផ្ទះ ជាពិសេសក្នុងកំឡុងពេលថ្ងៃនិងនៅកន្លែង ដែលប្រឈមនិងកំដៅខ្លាំង ដូចជានៅមាត់ទន្លេឬសមុទ្រជាដើម។
៨. ដោយរួមនិងវិធានការអាកាសធាតុក្តៅខាងលើ សូមបងប្អូនប្រជាពលរដ្ឋអនុវត្តវិធានការបន្ថែមដូចខាងក្រោម ដើម្បីជៀសផុតពីជំងឺរាក ក្អួត ក្តៅខ្លួន ៖ លាងសំអាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ សំអាតសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ។
ក. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ
ខ. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅគឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ ៖ កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ ត្រូវប្រកាន់អនាម័យជាប់ជានិច្ច ដូចជាៈ លាងដៃជាមួយសាប៊ូនិងទឹក ក្រោយពេលចេញពីបង្គន់ មុនពេលរៀបចំអាហារ មុនពេលបញ្ចុកកូន និងមុនពេលពិសាអាហារ ។ អាហារត្រូវគ្របជានិច្ច ដើម្បីជៀសវាងរុយរោម ។ រក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក្នុងពេលរដូវក្តៅ រាំងស្ងួតនិងសូមគ្របផង ដើម្បីជៀសវាងមូសខ្លាពងដាក់ កុំឲ្យកើតជំងឺគ្រុនឈាម។
បើមានបញ្ហាសុខភាពដែលបណ្តាលអោយមានរាក ក្អួត ក្តៅខ្លួន និងសន្លប់ សូមស្វែងរកការព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក។
នាយកដ្ឋានសូមលើកទឹកចិត្ត ឲ្យសាធារណជនទូទៅ អនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារអ្នកនិងក្រុមគ្រួសារ និងសូមជូនពរអ្នកទាំងអស់គ្នាជួបនូវសុខភាពល្អ ។
នាយកដ្ឋាន និងបន្ដធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តនៃបញ្ហាសុខភាពតាមគេហទំព័ររបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh និងហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល។
សូមអានសេចក្តីប្រកាសព័ត៌មានសុខាភិបាល ភ្ជាប់មកជាមួយនេះ ៖