Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គម​ស៊ីវិល​បន្ត រិះគន់​អភិបាលខេត្ត​ព្រះសីហនុ​ថា​គ្មាន​លទ្ធភាព​ការពារ​ដី​គម្រប​ព្រៃឈើ​បៃតងឆ្នាំ​២០០២

spot_img

​ខេត្ត​ព្រះសីហនុ ៖ អ្នក​ឃ្លាំ​មើល​ការងារ​អភិវឌ្ឍ​សង្គម​មួយចំនួន ប្រចាំ​ខេត្ត​ព្រះសីហនុ ស្នើ​ដល់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយ​ដកហូត​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ មាន​ទីតាំង​ចុង​ឆ្នេរ​អូរត្រេះ ឬ​តំបន់​ពយ​ម៉ាចូ​វ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ដែល​ត្រូវ​ផ្នែក​ពាក់ព័ន្ធ បាន​គេ​ឃុបឃិត​គ្នា កាប់​ព្រៃ​រាន យក​ដី​ធ្វើ​កម្មសិទ្ធិ​ទាំងស្រុង​កន្លងមក ដើម្បី​ដកហូត​យក​មក​ដាក់​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​ដាំ​កូនឈើ​ឡើងវិញ​។​

​បញ្ហា​នេះ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​នា​ខេត្ត​ព្រះសីហនុ មាន​អង្គការ​លីកាដូ (LICADHO) និង​សមាគម​អាដហុក (ADHOC)​ជាដើម បាន​ស្នើ​ដល់​ប្រមុខ​ដឹកនាំ រាជរដ្ឋាភិបាល ឲ្យជួយ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ រឹបអូស​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​ត្រូវ​ជន​អនាធិបតេយ្យ កាប់​រាន​ធ្វើ​កម្មសិទ្ធិ​កន្លងទៅ យកមក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់​វិញ ឲ្យបាន​ឆាប់ ព្រោះ​បទល្មើស​កាប់​រាន បរិវេណ​ដីព្រៃ​បម្រុង​ទុក​ជា​គម្រប​ព្រៃឈើ​បៃតង​នេះ បច្ចុប្បន្ន ត្រូវ​កាន់កាប់​ទាំងស្រុង​ដោយ​ឯកជន ដោយ​មាន​ការ​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ រវាង​ជនល្មើស ជាមួយ​មន្ត្រី​ខ្លះ​បំរើ​ការងារ​នៅតាម​ស្ថាប័ន​ជំនាញ​មួយចំនួន នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។​

​ផ្តើម​ពី​បញ្ហា​នេះ មន្ត្រី​អង្គការ​លីកាដូ និង​សមាគម​អាដហុក បាន​ស្នើ​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាពិសេស សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយ​ពិនិត្យ​ឈាន​ដល់​និរាក​រណ៍ ឬ​រំលាយ​ប័ណ្ណកម្មសិទ្ធិ ដែល​បុគ្គល​មួយចំនួន ឃុបឃិត​ធ្វើ​ប្លង់​កម្មសិទ្ធិ និង​កំពុង​រត់​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ រំលោភ​កាន់កាប់​ដី​រដ្ឋ ឬ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដោយ​ខុសច្បាប់​នៅ​តំបន់​ពយ​ម៉ាចូ​វ
ដើម្បី​ដកហូត​យក​ដី​ទន្ទ្រាន​កាន់កាប់​ទាំងនោះ យក​មក​អភិរក្ស​ដាំ​កូន​ឈើ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នា​ថ្ងៃ​អនាគត​វិញ​។​

លោកស្រី ជៀ​ប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (ADHOC)​ប្រចាំ​ខេត្ត​ព្រះសីហនុ ស្នើឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធ នៃ​រាជរដ្ឋាភិបាល ឲ្យជួយ​ថែរក្សា​ការពារ​បរិវេ​ណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ឲ្យនៅ​គង់វង្ស ព្រោះ​បច្ចុប្បន្ន បរិវេណ​ដី​គម្រប​ព្រៃឈើ​បៃតង​មាន​ទីតាំង​នៅ​តំបន់​ពយ​ម៉ាចូ​វ ចុង​ឆ្នេរ​អូរត្រេះ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ត្រូវ​ជន​អនាធិបតេយ្យ​ចូល​ទន្ទ្រាន​កាន់កាប់ និង​ពុះ​ច្រៀក​ជា​ឡូៗ លក់ដូរ​បន្ត​យ៉ាង​អនាធិបតេយ្យ រលាយ​ហិនហោច​គ្មាន​សល់​។​

​លោកស្រី ជៀ​ប សុធា​រី មាន​មន្ទឹល​ថា បទល្មើស​ព្រៃឈើ ដែល​គ្មាន​ការបង្ក្រាប និង​អាច​ធ្វើ​សកម្មភាព​ដោយ​រលូន ហើយ​គ្មាន​អាជ្ញាធរ ឬ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ហាមឃាត់​បែបនេះ ទំនងជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ខ្លះ​កំពុង​បម្រើ​ការងារ​នៅតាម​មន្ទីរ ឬ​ស្ថាប័ន​ជំនាញ ក្រោម​ឱវាទ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ក៏​ថា​បាន​។ ពិសេស​ជាង​នេះ ក៏​ទំនង​ជា​អាច​មាន​មន្ត្រី​មាន​ឋានៈ​បុណ្យស័ក្តិ​ខ្ពស់ ឬ​មាន​អំណាច​មួយចំនួន កំពុង​បំរើ​ការងារ​នៅ​ស្ថាប័ន​កំពូលៗ​ថ្នាក់ជាតិ អាច​មានឈ្មោះ មាន​ចំណែក​ក្បាលដី នៅលើ​បរិវេណ​ដី​គម្រប​ព្រៃឈើ​បៃតង​ឆ្នាំ​
២០០២​នេះដែរ ទើប លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មិន​ហ៊ាន​ចេញមុខ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាប់​ព្រៃឈើ​ទាំង​នេះ​កន្លងមក ដោយ​ទុក​ឲ្យ​វិនាស​ហិនហោចបែបនេះ​នោះ​។

​ត្រង់​ចំណុច​នេះ លោកស្រី សុធា​រី ក៏​ស្នើ​ដល់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ឲ្យ​លើកសំណើរ ឬ​ស្នើសុំ​គោល​ការ​ពី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​លោក​ជួយបញ្ចេញ​កណ្តាប់ដៃ​ដែក ឬ​ជួយ​មាន​វិធានការ​តាម​ផ្លូវច្បាប់ បន្ត ដើម្បី​ឈាន​ទៅ​ដកហូត​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​ត្រូវ​ជន​ខិលខូច​ទន្ទ្រាន​កាន់កាប់​ធ្វើ​កម្មសិទ្ធិ​កន្លងមក ដើម្បី​ដក​ហូត​ដី​រដ្ឋ ដែល​ទន្ទ្រាន​ខុសច្បាប់​ទាំងនោះ យក​មក​ដាំ​កូន​ឈើ អភិវឌ្ឍ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នា​ថ្ងៃ​ខាង​មុខ​វិញ​។​

​អ្នកឃ្លាំមើល​សង្គម​រូបនេះ ព្រួយបារម្ភ​ថា បើ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល មិន​ដកហូត​យក​ដី​គម្រប​ព្រៃឈើ​បៃតង មាន​ទីតាំង​នៅ​ចុង​ឆ្នេរ​អូរត្រេះ ឬ​តំបន់​ពយ​ម៉ាចូ​វ ដែល​ត្រូវ​គេ​រាន​កាន់កាប់​អនាធិបតេយ្យ យក​មក​រដ្ឋ​គ្រប់គ្រង និង​ដាំ​ដើមឈើ​ឡើងវិញ​ទេ ទំនង​ជា​ជម្លោះ​ដណ្តើម​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​នេះ នឹង​កើតមាន​កាន់តែ​ច្រើន និង​ធ្ងន់ធ្ងរ​ថែម​ទៀត​នា​ថ្ងៃ​អនាគត​។​

ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានឲ្យ​អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ​ដឹង​តាម​ទូរស័ព្ទ​ថា រដ្ឋបាល​ខេត្ត​នេះ នឹង​ចុះ​ពិនិត្យ ឬ​មូលស្ថិតិ​ប្រជាពលរដ្ឋ ដែល​សង់ផ្ទះ និង​មាន​ដី​ឡូ​ហ៊ុំ​ព័ទ្ធ​របង នៅលើ​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ តំបន់​ពយ​ម៉ាចូ​វ ឬ​ចុង​ឆ្នេរ​អូរត្រេះ នា​ថ្ងៃ​ខាងមុខ​។ លោក​សង្កត់ធ្ងន់​ថា រដ្ឋបាល​ខេត្ត​នេះ នឹង​ពិនិត្យ ឈាន​ទៅ​វិធានការ​តាម​ផ្លូវច្បាប់ ទៅលើ​ជន​អនាធិបតេយ្យ ដែល​ចូល​ទៅ​កាប់​ព្រៃឈើ នៅក្នុង​បរិវេណ​ដី​គម្រប​ព្រៃឈើ​បៃតង ដែល​រដ្ឋាភិបាល​បម្រុង​ទុក​ជា​គម្រប​បៃតង ឲ្យបាន​ធ្ងន់ធ្ងរ​។

លោក យន្ត មីន បន្តថា ការងារ​នេះ អាជ្ញាធរ​នឹង​ចាប់ផ្តើម​អនុវត្ត បន្ទាប់​ពី អាជ្ញាធរ បាន​ចុះ​ដោះស្រាយ​បញ្ហា​ជម្លៀស​ប្រជាពលរដ្ឋ ដែល​ទៅ​តាំង​ទីលំនៅ​ខុសច្បាប់ នៅលើ​បរិវេណ​ដី​រដ្ឋ​ហាមឃាត់ នៅ​តំបន់ រក្សា​ប្រភព​ទឹកស្អាត​ក្បាល​ឆាយ ឲ្យ​រួចរាល់​ជា​មុន​សិន ទើប​អាជ្ញាធរ នឹង​ចុះ​ទៅ​អនុវត្ត​វិធានការ​ផ្លូវ​ច្បាប់​ជា​បន្ត​ទៀត នៅ​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​តំបន់​ពយ​ម៉ាចូ​វ ឬ​ចុង​ឆ្នេរ​អូរត្រេះ​ជា​បន្ត​ទៀត នៅ​ឆ្នាំ​២០១៨​ខាងមុខ​។​

​ទាក់ទិន​បញ្ហា​នេះ​កន្លងមក លោក យន្ត មីន ធ្លាប់​ព្រមាន​ថា អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​រាន​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នឹង​ត្រូវ​ផ្ដន្ទាទោស​ឲ្យបាន​ធ្ងន់ធ្ងរ ព្រោះ​ជា​ទង្វើ​ខុសច្បាប់ ហើយ​លោក​ស្នើ​ឲ្យ​អ្នក​ជាប់​ពាក់ព័ន្ធ ត្រូវ​ដកខ្លួន​ជា​បន្ទាន់​បើ​ចង់​សុខ​ខ្លួន​។
​ទោះជា​បែប​នេះ​ក្តី សារ​គំរាម របស់លោក យន្ត មីន គ្មាន​ប្រសិទ្ធភាព​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ បរិវេណ​ដី​ព្រៃឈើ​ធម្មជាតិ ដែល​មាន​ដើម​ដុះ​ធំៗ​ដូច​ម្រាមដៃ នៅក្នុង​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ត្រូវបាន​គេ​កាប់​ទន្ទ្រាន និង​សង់ផ្ទះ​ធំ​តូច​រាប់រយ​ខ្នង ព្រមទាំង​បាន​ធ្វើ​របង​រឹងមាំ​ហ៊ុំព័ទ្ធ ហើយ​បាន​ពុះ​ច្រៀក​ជា​ឡូៗ លក់ដូរ​បន្ត​យ៉ាង​អនាធិបតេយ្យ និង​គ្មាន​សមត្ថកិច្ច​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ចេញមុខ​ទប់ស្កាត់​ទេ គិត​មក​ត្រឹម​ថ្ងៃ​ពុធ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧​។

​ចំណុច​នេះ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ពោល​ចំអក​ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ គ្មាន​លទ្ធភាព​ការពារ​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ មាន​ទីតាំង​នៅ​ចុង​ឆ្នេរ​អូរត្រេះ ស្ថិតក្នុង​ឃុំបិត​ត្រាំ​ង ស្រុក​ព្រៃនប់ ដែល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់​ជំនាន់ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ការពារ​ប៉ុន្មាន​អាណត្តិ​មកនេះ ត្រូវ​ថែរក្សា​ការពារ​ឲ្យ​គង់វង្ស ទុក​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នា​ថ្ងៃ​អនាគត​នោះ ប៉ុន្តែ​បែរជា​នៅក្នុង​អាណ​តិ្ត​នេះ ព្រៃឈើ​ទាំងនោះ ត្រូវ​បំផ្លាញ​ទាំងស្រុង​។

​មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ដល់​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ត្រូវមាន​វិធានការ តាម​ផ្លូវច្បាប់ ឈាន​ទៅ​នាំ​ខ្លួន​មេខ្លោង ឬឈ្មួញ​ដី ដែល​បំផុស​ឲ្យចូល​ទៅ​ទិញ​ដី​បរិវេណ​ដី​គម្រប​ព្រៃឈើ​បៃតង​ឆ្នាំ​២០០២ ដែល​រដ្ឋ​ហាមឃាត់ យក​មក​ផ្តន្ទាទោស ឲ្យបាន​ធ្ងន់ធ្ងរ ទើប​រាងចាល​។

​ត្រង់​ចំណុច​នេះ អ្នកឃ្លាំមើល​សង្គម ថ្លែងថា បទល្មើស​នេះ ប្រសិនបើ​រដ្ឋបាលខេត្ត​ព្រះសីហនុ ចង់​មាន​ឆន្ទៈ​ចង់​ទប់ស្កាត់ ឬ​រក្សា​ការពារ​ដី​បរិវេណ​គម្រប់​ព្រៃឈើ​ឆ្នាំ​២០០២ ឲ្យ​គង់វង្ស​ពិតមែន​នោះ គឺ​មិន​ពិបាក​រក​មុខ​ជន​ខិលខូច ឬ​ឈ្មួញ​ចូល​ទៅ​ទិញ​ដី ឬ​អ្នក​ចូល​កាប់​រាន​ដី​គម្រប​ព្រៃឈើ​ទាំងនោះ​ទេ ព្រោះ​ជន​ទាំងនោះ គឺ​អាជ្ញាធរ​ខេត្ត​បាន​ស្គាល់​មុខ និង​ឈ្មោះ​ទាំងអស់ ហើយ​ភាគច្រើន​កំពុង​រស់នៅ​ខេត្ត​ព្រះសីហនុ​ថែមទៀត​ផង​។ ក្នុងនោះ ក៏​មាន​បុគ្គល​ជា​មន្ត្រី​កំពុង​បំរើ​ការងារ​នៅតាម​មន្ទីរ​ស្ថាប័ន​ជំនាញ និង​កំពុង​បំរើ​ការងារនៅ​សាលាខេត្ត​ព្រះសីហនុ មួយចំនួន ក៏​មាន​ជាប់​ពាក់ព័ន្ធ​ការឃុបឃិត កាប់បំផ្លាញ​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដើម្បី​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​នេះដែរ ដោយ​ពួកគេ​ម្នាក់ៗ មាន​ចំណែក​ក្បាល​ដី​ជា​ច្រើន​ឡូ ឬ​ច្រើន​ហិច​តារ នៅ​តំបន់​ពយ​ម៉ាចូ​វ​ស្ទើរ​គ្រប់ៗ​គ្នា ទើប​គ្មាន​ការបង្ក្រាប​។

​បញ្ហា​នេះ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​អះអាង​ថា បច្ចុប្បន្ន បរិវេណ​ដី​គម្រប​ព្រៃឈើ​បៃតង​ទាំងនោះ ត្រូវ​ជន​ខិលខូច​ឃុបឃិត​គ្នា​កាប់​បំផ្លាញ​រាន​ដី​ធ្វើ​កម្មសិទ្ធិ​ទាំងស្រុង ហើយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅតែ​គ្មាន​វិធានការ​ទប់ស្កាត់​ដដែល ទោះបី​បទល្មើស និង​ភស្តុតាង​ជាក់ស្តែង កំពុង​កើតមាន​នៅ​លើ​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​រដ្ឋ​បាន​ហាមឃាត់​បែបណា​ក្តី​៕ ដែន សីមា

 

spot_img
×