ប្រទេសចិន ៖ ស្របពេលដែលក្រុមហ៊ុនរបស់ប្រទេសចិន Weihai Dragon Union Agriculture ដែលកំពុងវិនិយោគ សាងសង់រោងចក្រកែច្នៃ វេចខ្ចប់ ផលិតផលផ្លែឈើកម្ពុជា និងនាំចេញផលិតផលផ្លែឈើ ពីកម្ពុជា ទៅក្រៅប្រទេស និងបើកសិដ្ឋានចិញ្ចឹមគោនោះ ត្រូវបានលោករដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញឲ្យក្រុមហ៊ុននេះ ពន្លឿនការរៀបចំឯកសារ ដើម្បីចុះអនុស្សរណៈយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន ។
នៅព្រឹកថ្ងៃទីពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឲ្យលោក Long Yunhai អគ្គនាយកក្រុមហ៊ុន Weihai Dragon Union Agriculture Co., Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារស្តីពីការនាំចេញផលិតផលផ្លែឈើពីកម្ពុជាទៅក្រៅប្រទេស និងបើកសិដ្ឋានចិញ្ចឹមគោ នៅសាលប្រជុំសណ្ឋាគារ Grand Hyatt ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
តាមការរាយការណ៍របស់លោក Long Yunhai បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនWeihai Dragon Union Agriculture កំពុងរៀបចំវិនិយោគសាងសង់រោងចក្រកែច្នៃ វេចខ្ចប់ ផលិតផលផ្លែឈើកម្ពុជា បំពាក់ម៉ាស៊ីនទំនើប ក្នុងការសម្លាប់មេរោគ តាមស្តង់ដារអនាម័យ និងភូតគាមអនាម័យអន្តរជាតិ នៅខេត្តកំពង់ស្ពឺ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុង ស្រុក និងធ្វើការនាំចេញ។ ក្រុមហ៊ុនរបស់លោក ក៏មានបំណងបើកធនាគារកសិកម្ម ដើម្បីផ្តល់សេវាជូនប្រជាកសិករ និងជំរុញការអភិវឌ្ឍន៍ វិស័យកសិកម្មកម្ពុជា ឲ្យកាន់តែរីកចម្រើន នាពេលអនាគត។
ជាការឆ្លើយតបលោករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ និងគាំទ្រចំពោះក្រុមហ៊ុន ដែលបានវិនិយោគហេដ្ឋារចនាសម្ព័ន្ធ នៅប្រទេសកម្ពុជាដែលជាកូនសោដ៏សំខាន់ ឆ្លើយតបនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការបង្កើន សមត្ថភាពកែច្នៃ តាមស្តង់ដារអន្តរជាតិ ដើម្បីធ្វើការនាំចេញផលិតផលកសិកម្មកម្ពុជា និងលើកស្ទួយសេដ្ឋកិច្ចជាតិកម្ពុជា។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យក្រុមហ៊ុនគិតគូរ ការវិនិយោគលើការចិញ្ចឹមត្រី និងគោ បម្រើដល់ការនាំចេញ ដោយកម្ពុជាមានសក្តានុពលខ្ពស់ លើវិស័យកសិកម្ម។ លោករដ្ឋមន្ត្រី បានស្នើឲ្យក្រុមហ៊ុន ពន្លឿនការរៀបចំឯកសារ ដើម្បីចុះអនុស្សរណៈយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ៕ ដោយ ៖ បញ្ញាស័ក្តិ