ភ្នំពេញ៖ ក្នុងជំនួបជាមួយតំណាងរបស់សហភាពអឺរ៉ុប លោកឧបនាយករដ្ធមន្ត្រីប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បើរំលឹកថា កម្ពុជាសោកស្តាយចំពោះសេចក្តីសម្រេច របស់គណៈកម្មការអឺរ៉ុប ក្នុងការបើកដំណើរការនីតិវិធីជាផ្លូវការ សម្រាប់ការព្យួរជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដែលសេចក្តីសម្រេចនោះ មិនបានឆ្លើយតបទៅនឹងការកិច្ចខិតខំប្រឹងប្រែងជាក់ស្តែង និងវឌ្ឍនភាពសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានឡើយ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា EBA មានសារសំខាន់ ចំពោះសេដ្ឋកិច្ចកម្ពុជា ជាពិសេសបានជួយលើកកម្ពស់ ជីវភាពរបស់កម្មកររោងចក្រ ជាងប្រាំមួយសែននាក់ និងអ្នកអាស្រ័យពឹងពាក់ពីពួកគេប្រមាណ 2 លាននាក់ទៀត។ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបគណៈប្រតិភូ អំពីវិធានការចុងក្រោយមួយចំនួន ដែលរាជរដ្ឋាភិបាល បាននិងកំពុងកាន់យក ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភ របស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងលំហូរនៃប្រជាធិបតេយ្យ សេរីភាព សង្គមស៊ីវិល សិទ្ធិការងារ និងបញ្ហាដីធ្លី។ រាជរដ្ឋាភិបាល នឹងបន្តអនុវត្តវិធានការទាំងឡាយ ដែលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី 3 ខែធ្នូ ឆ្នាំ 2018 ។
នៅក្នុងឱកាសនោះដែរ លោកស្រី Paola Pampaloni តំណាងគណៈប្រតិភូសហភាពអឺរ៉ុប បានបញ្ជាក់ថា នេះគឺជាការជួបគ្នាលើកទី 1 នៅក្នុងដំណើរការ នៃនីតិវិធីត្រួតពិនិត្យ និងការបង្កើនកិច្ចសន្ទនា ជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងក្របខ័ណ្ឌ EBA ហើយសហភាពអឺរ៉ុប នឹងបន្តបញ្ជូនគណៈប្រតិភូ មកកម្ពុជាទៀត នៅក្នុងក្របខ័ណ្ឌ នៃកិច្ចសន្ទនានេះ។ លោកស្រីក៏បានលើកឡើងដែរថា កិច្ចសន្ទនានេះ គឺដើម្បីកំណត់ផែនទី និងបង្ហាញផ្លូវ នៃកិច្ចសហប្រតិបត្តការកម្ពុជា និងសហភាពអឺរ៉ុប នៅក្នុងដំណើរការនីតិវិធី EBA ទាំងមូល។
ជារួមភាគីទាំងពីរបានបង្ហាញគោលជំហររួម ក្នុងការខិតខំរួមគ្នា ដើម្បីរក្សាគេនិយាយមិនឲ្យបាត់បង់ និងបន្តលើកកម្ពស់ ទំនាក់ទំនង ភាពជាដៃគូដ៏សំខាន់ រវាងកម្ពុជា និងសហភាពអឺរ៉ុប។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលជុំវិញជំនួប ពិភាក្សារវាងឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ជាមួយប្រតិភូសហភាពអឺរ៉ុប ដែលដឹកនាំដោយ លោកស្រី Paola Pampaloni នាយករងផ្នែកគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក កាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩៕ ដោយ៖កូឡាប
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖