Tuesday, November 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ​(Expressway) ភ្នំពេញ​-​ក្រុងព្រះសីហនុ​

​កំពង់ស្ពឺ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ២​រោច ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​លោក ខុង សៀន​យ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​(Expressway) ភ្នំពេញ​-​ក្រុងព្រះសីហនុ ដោយ​ត្រូវ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក ជា​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd​។​

​មុន​សម្រេច​សាងសង់​ផ្លូវ​នេះ គឺ​ត្រូវ​ចំណាយពេល​សិក្សា​អស់​ជាច្រើន​ឆ្នាំ តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ​។ ដំបូង​ឡើយ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​ខ្ចី​ថវិកា​របស់​រដ្ឋាភិបាល​ចិន ដើម្បី​សាងសង់​ផ្លូវ​នេះ តែ​ដោយសារ​គម្រោង​ត្រូវការ​ថវិកា​រហូតដល់ ២​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ធំ​ជាង​ពិ​ដាន​នៃ​ការខ្ចី​ប្រចាំឆ្នាំ​អនុញ្ញាត​ដោយ​ច្បាប់ និង​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​២០១៥-២០១៨ ក៏​សម្រេច​ឲ្យមាន​ការវិនិយោគតា​មរូប​ភាព​សាងសង់ ធ្វើ​អាជីវកម្ម និង​ផ្ទេរ ជំនួស​វិញ​។ ផ្លូវ​នេះ តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពេល​ដាក់​អោយ​ដំណើរការ​នោះ ក្រុមហ៊ុន​ក៏​បាន​ឯកភាព​មិន​យក​ថ្លៃ​យានយន្ត​គ្រប់​ប្រភេទ​ដែល​បើកបរ​លើ​ផ្លូវ​ល្បឿន​លឿន​នេះ ក្នុង​រយៈពេល​១ ខែ​ដំបូង និង​បញ្ចុះតម្លៃ​២០% សម្រាប់​រយៈពេល​១​ឆ្នាំ​ថែមទៀត​។ លើសពីនេះ​ទៀត ក្រុមហ៊ុន​បាន​យល់ព្រម​កែសម្រួល​កម្រៃ​សេវា​ឆ្លងកាត់​ក្នុង​រយៈពេល ៥​ឆ្នាំ​ម្តង នៃ​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម​របស់​ខ្លួន​ផងដែរ​។​

​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។ ផ្លូវ​នេះ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រវែង ៨.៣០​គីឡូម៉ែត្រ ខេត្ត​កណ្តាល ប្រវែង ៩.១០​គីឡូម៉ែត្រ ខេត្ត​កំពង់ស្ពឺ​ប្រវែង ៨០.៨០​គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង ១.៩២​គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​ប្រវែង ៨៩.៨៩​គីឡូម៉ែត្រ​។​

​សម្តេច​តេជោ បាន​ថ្លែងថា​ កម្ពុជា​ត្រូវ​ប្រឹងប្រែង​ទាំងអស់គ្នា​។​ ​យើង​ពិតជា​ត្រេកអរ និង​អរគុណ​ចំពោះ​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​ដែល​បាន​ផ្តល់​នូវ​ភាព​អនុគ្រោះ​ដល់​ការរីកលូតលាស់​នៃ​សេដ្ឋកិច្ច​កម្ពុជា​។ ច្បាស់​ណាស់ ភាពអនុគ្រោះ​នឹងមិន​នៅ​ស្ថិតស្ថេរ​ជានិច្ច​និរន្តរ៍​ឡើយ ហើយ​ភាព អនុគ្រោះ​នេះ​ទៀតសោត ក៏​មិន​អាច​ធ្វើអោយ​យើង​ក្លាយជា​អ្នកមាន​បាន​ទេ​។​

​សមិទ្ឋផល​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​លើ​គម្រោង​ថវិកា​២​ពាន់​លាន​ដុល្លារ ដែល​ចាប់ផ្តើម បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃនេះ គឺ​នឹង​ជួយ​ពង្រឹង​សេដ្ឋកិច្ច​ជាតិ​អោយ​កាន់តែ​រឹងមាំ​។​

​ច្បាស់​ណាស់ បើ​យើង​ចង់​ក្លាយជា​អ្នក​មាន​ពិតប្រាកដ គឺ​ត្រូវ​ខិតខំ​តស៊ូ​ប្រឹង​ធ្វើ​អោយបាន​ដោយ​ខ្លួនឯង ទើប​អាច ធ្វើ​ជា​អ្នកមាន​បាន​។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ត្រូវ​ប្រឹងប្រែង​ទាំងអស់គ្នា​។ យើង​មិន​ទុក ប្រទេស​មួយ​នេះ​អោយស្លាប់ ឬ​អោយ​ជន​ណា​​មក​បំផ្លាញ​បាន​ឡើយ​៕ ដោយ ​:​ កូឡាប​

 

×