ភ្នំពេញ ៖ ការបង្កើតមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាថ្មីនេះគឺដើម្បីពង្រីកនិងបង្ខិតសេវាសាធារណៈ ឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការចំណាយផ្សេងៗ។ ប្រជាពលរដ្ឋដែលរស់នៅខណ្ឌជ្រោយចង្វា និងខណ្ឌដែលនៅជាប់ អាចយកយានយន្តរបស់ខ្លូន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅទីតាំងថ្មីនេះបាន។
ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ ២០១៧ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(សាខាជ្រោយចង្វា) ដែលមានអាសយដ្ឋាន ផ្ទះលេខ ២៩១ ផ្លូវជាតិលេខ ៦ អា ភូមិគៀនឃ្លាំង សង្កាត់ ជ្រោយចង្វា ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ ។ ទីតាំងថ្មីនេះមានទំហំប្រមាណ៥ពាន់ម៉ែត្រការ៉េ ដែលបានចាប់ផ្តើមសាងសង់ នៅដើមខែមិថុនាឆ្នាំ២០១៧នេះ។ មណ្ឌលបំពាក់ឧបករណ៍ត្រួតពិនិត្យលក្ខណៈបច្ចេកទេសទំនើប២ខ្សែ ផលិតនៅប្រទេសចិន ឆ្នាំ២០១៧ ដែលខ្សែនីមួយៗមានឧបករណ៍វាស់ផ្សែងសាំង ឧបករណ៍វាស់ផ្សែងម៉ាស៊ូត ឧបករណ៍វាស់ល្បឿន រណ្តៅមើលបាតយាន ឧបករណ៍វាស់ភ្លើង ហ្វាកូត ឧបករណ៍វាស់ស៊ីផ្លេ ឧបករណ៍វាស់លំងាកចង្កូត ឧបករណ៍ថ្លឹងទម្ងន់ និងឧបករណ៍វាស់កម្លាំងហ្វ្រាំង។ ខ្សែនីមួយៗអាចឆៀករថយន្តបានជាមធ្យម៩៥គ្រឿង ក្នុងរយៈពេល៨ម៉ោង ឬត្រូវចំណាយពេល៥នាទីក្នុងរថយន្ត១ៗគ្រឿង បើកកាត់ឧបករណ៍ត្រួតពិនិត្យប្រវែង៥០ម៉ែត្រ។
ក្រុមហ៊ុនមានគ្រូបង្គោលបណ្តុះបណ្តាលបុគ្គលិកគ្រប់ផ្នែកឲ្យមានវិជ្ជាជីវៈត្រួត ពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។ បុគ្គលិកម្នាក់ៗត្រូវទទួលការបណ្តុះបណ្តាល ពី៣ខែ ទៅ៦ខែ ទើបអាចក្លាយជាអ្នកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានបាន។ ទន្ទឹមនឹងការអប់រំបច្ចេកទេស យើងអប់រំលើផ្នែកសីលធ៌ម ក៏ជាកត្តាចម្បងផងដែរ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ ដល់ក្រុមហ៊ុនCMVIC ដែលបាននិងកំពុងបន្តពង្រីកបន្ថែម មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ជាបន្តបន្ទាប់ ដើម្បីផ្តល់សេវាជូនបងប្អូន ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងកាត់បន្ថយពេលវេលារង់ចាំទទួលសេវាយូរ។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ សូមយកយានយន្តរបស់ខ្លួន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីបញ្ហាបច្ចេកទេសយានយន្តរបស់ខ្លួន និងបានស្នើឱ្យប្រជាពលរដ្ឋ ប្រើប្រព័ន្ធអនឡាញ ដើម្បីស្នើសុំឆៀកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការចុះបញ្ជីយានយន្ត និងការស្នើសុំសេវាចាំបាច់ផ្សេងទៀត។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុនឯកជននានា បង្កើតប្រព័ន្ធអនឡាញ ដើម្បីស្នើសុំសេវាត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ការចុះបញ្ជីយានយន្ត ការចេញប័ណ្ណបើកបរ និងបានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ខិតខំប្រឹងប្រែងប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីកាត់បន្ថយចំណាយក្រៅផ្លូវការ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើឱ្យមន្ត្រីដែលផ្តល់សេវាទាំងអស់ ត្រូវតាំងខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ធ្វើឱ្យមានតម្លាភាព ធ្វើឱ្យមានប្រសិទ្ធភាព និងចំណាយពេលវេលាកាន់តិច។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋថា៖ ក្រសួងបានបង្កើតមណ្ឌលផ្តល់ព័ត៌មាន ដែលមានទីតាំងស្ថិតនៅក្នុងក្រសួង ដើម្បីដោះស្រាយបញ្ហាទាក់ទង នឹងការស្វែងរកសេវាសាធារណៈ សម្រាប់បងប្អូនប្រជាជន តាមរយៈការហៅទូរស័ព្ទទៅកាន់លេខ (០១៥៩២៩០៩០) (០៨៥៩២៩០៩០) (០៦៧៩២៩០៩០) និងបានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំពឹងផ្អែកលើអ្នករត់ការដើម្បីដោះស្រាយបញ្ហាដែលបងប្អូនប្រជាពលរដ្ឋជួបប្រទះ។
សូមជម្រាបជូនថា ក្រុមហ៊ុនCMVIC បានចាប់ផ្តើមការត្រួតពិនិត្យយានយន្ត តាំងពីឆ្នាំ២០០០ រហូតមកដល់ពេលនេះ មានចំនួន១៤មណ្ឌល ព្រមទាំងមានម៉ាស៊ីន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ចល័តចំនួន២គ្រឿងបន្ថែម ដើម្បីការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត រថយន្តនៅតាមបណ្តាខេត្តនានា ដែលមិនទាន់មានមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត៕ ដោយ ៖ បញ្ញាស័ក្តិ