មណ្ឌលគិរី ៖ ក្រសួងបរិស្ថាន បានផ្សាយថា ជារឿយៗក្នុងរដូវក្តៅ គេតែងសង្កេតឃើញវត្តមានហ្វូងសត្វដំរីព្រៃ បានបង្ហាញវតត្តមាន ចូលមកក្បែរភូមិរបស់អ្នកស្រុកក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋ បានអោយដឹងថា កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៩ ដំរីព្រៃមួយហ្វូងមានប្រហែល៤ក្បាល បានចូល មកដល់បរិវេណសាលាស្រុកកែវសីមា ហើយពួកវាពុំដែលធ្វើទុកបុកម្នេញដល់ពលរដ្ឋនោះទេ គឺមកហើយទៅវិញៗតាមតែទម្លាប់ជាប្រចាំរបស់វា។
មន្ត្រីសាលាស្រុកកែវសីមា បានថតជាវីដេអូសកម្មភាព របស់ហ្វូងសត្វដំរីដោយផ្ទាល់ នៅពេលដែលបានចូលដល់ បរិវេណសាលាស្រុកកែវសីមា។ ក្នុងវីដេអូជិត២នាទី នៃសកម្មភាពរបស់សត្វដំរី៤ក្បាល កាលពីម្សិលមិញនោះ គឺពួកវាទំនងជាចង់មកមុជ និងផឹកទឹកស្រះក្នុងសាលាស្រុកកែវសីមា ប៉ុន្តែពុំបានចុះក្នុងទឹកស្រះនោះទេ ដោយពុំមានផ្លូវចុះ។ ពួកវាបានត្រឡប់ចូលទៅក្នុងព្រៃជ្រៅវិញ ដោយពុំមានការដេញពីប្រជាពលរដ្ឋនោះឡើយ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដំរីមួយហ្វូងដែលមានជាង១០ទៅ២០ក្បាល តែមានដំរីប្រមាណ៤ក្បាល បានចូលមកដល់ទីធ្លារសាលាស្រុកកែវសីមា កាលពីព្រឹកមិញ។ លោកថា ការចូលមករបស់ហ្វូងដំរីទាំងនេះ គឺតែងតែកើតឡើងរៀងរាល់ឆ្នាំ ព្រោះកន្លែងនេះ ជាទីតាំងរបស់វាពីមុន ទើបវាត្រូវចូលមក ឲ្យតែដល់ខែនេះ។
លោកប្រធានមន្ទីរបរិស្ថានបានបញ្ជាក់ថា “វត្តមានហ្វូងសត្វដំរីនៅពេលនេះ គឺជារឿងល្អប្រសើរ សម្រាប់ដែនជម្រកការពារសត្វព្រៃកែវសីមា ដោយអាចបញ្ជាក់បានថា ព្រៃនេះនៅមានសត្វព្រៃគង់វង្សច្រើន”។
ដំរីព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃក្នុងស្រុកកែវសីមា ក៏ត្រូវបានគេបញ្ជាក់ថា បានបង្ហាញខ្លួនក្រោយផ្ទះពលរដ្ឋ តាមបណ្តោយផ្លូវជាតិលេខ៧៦ ក្រោយទីបញ្ជាការអាវុធហត្ថ ឬស្រះនិងត្រពាំង មុខស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា។
លោកប្រធានមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី បានសម្តែងការព្រួយបារម្ភផងដែរ បើសិនជាពួកវាចូលដល់តំបន់ប្រជុំជន ដែលមានមនុស្សរស់នៅច្រើន នៅពេលមនុស្សទៅដេញឬទៅគប់ពួកវា វាហ្នឹងអាចតតាំងជាមួយមនុស្សវិញ។
លោក កែវ សុភគ៌ បានឲ្យដឹងថា បច្ចុប្បន្នចំនួនសត្វដំរីព្រៃនៅខេត្តមណ្ឌលគិរី មានចន្លោះពី៣៧០ក្បាល ទៅ៥០០ក្បាល គឺមានការកើនឡើង ហើយដំរីព្រៃនៅខេត្តមណ្ឌលគិរី គឺមានតែមួយប្រភេទ គឺដំរីអាស៊ី។
លោកប្រធានមន្ទីរបរិស្ថានក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទៅមើលឬថតរូបហ្វូងដំរីទាំងនេះ សូមកុំបង្កការំខានដល់ពួកវា ដែលអាចមានគ្រោះថ្នាក់នានា ព្រោះចរិកដំរីព្រៃនេះ បើយើងមិនរំខានវាទេ វាក៏មិនធ្វើអីដល់មនុស្សដែរ ៕ ដោយ៖បញ្ញាស័ក្តិ