ខេត្តស្វាយរៀង ៖ នៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០១៩ មានករណីក្មេងលង់ទឹកស្លាប់ ចំនួន ៣ នាក់ នៅព្រែកដូនស ស្ថិតក្នុងភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ មូលហេតុ ជិះទូកទៅរាវរកគ្រំ ក្នុងព្រែក ។ ជនរងគ្រោះទាំងបីនាក់ ១.ឈ្មោះ ជុន ស្រីនាង អាយុ ១៤ ឆ្នាំ ភេទស្រី ២.ឈ្មោះ ជុន ស្រីនីត អាយុ ១២ ឆ្នាំ ភេទស្រី (ជាបងប្អូនបង្កើត)រងគ្រោះពេល ម្តាយ ឪពុក មកមើលថែរកូនឈឺនៅមន្ទីពេទ្យ ៣.ឈ្មោះ លី ធារ៉ា អាយុ ១២ ឆ្នាំ ភេទប្រុស រស់នៅជាមួយជីដូន ម្តាយ ឪពុក ទៅរកស៊ីនៅភ្នំពេញ អ្នកទាំងបីជាសិស្សសាលាបឋមសិក្សាល្ងើន រស់នៅភូមិឃុំកើតហេតុ ។
បន្ទាប់ពីទទួលបានព័ត៌មានដ៏សែនក្រៀមក្រំនេះមក នៅរសៀលថ្ងៃដដែលនោះដែរ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខាដឹកនាំ ដោយលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខានាំយកបច្ច័យ ទេយ្យទានទៅចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសព ។
ក្នុងឱកាសនោះលោកលោកស្រី ពៅ សុភាព បានចូលរួមសម្តែងនូវក្តីរន្ធត់ក្រៀមក្រំឥតឧបមា លោកជំទាវបានដឹកនាំ ក្រុមការងារសាខាយកថវិកា និងសម្ភារៈមួយចំនួន ជូនដល់គ្រួសារនៃសព លោកជំទាវតំណាង គណៈកម្មាធិការសាខា សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ហើយថវិកាដ៏តិចតួចស្តួចស្តើងទាំងនេះមិនអាចជួយទុក្ខលំបាកដល់បងប្អូនទាំងស្រុងនោះទេ គ្រាន់តែអាចជួយសម្រួលបានមួយគ្រាតែប៉ុណ្ណោះ និងសូមបួងសួង សូមវិញ្ញាណក្ខ័ន្ធអ្នកដែលបានស្លាប់ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ នៅក្នុងឳកាសចូលរួមរំលែកទុក្ខនោះលោកស្រីបានប្រគល់ជូនដល់គ្រួសារសព មានអង្ករ ១០០ គ.ក្រ ទៀន ២ គ.ក្រ ធូប ២ ដុំ ទេយ្យទាន ២ កញ្ចប់ ទឹកបរិសុទ្ធ ២ កេស ទឹកក្រូច ២ កេស និងថវិកាចូលបុណ្យ ៣០០,០០០ រៀល ៕ ដោយ ៖ វ៉ៃកូ