ភ្នំពេញ-ម្ចាស់ផលិតកម្ម Galaxy ដែលគ្រប់គ្នាបានដឹងថា វិវឌ្ឍន៍ខ្លួនពីពលករធ្វើការនៅប្រទេសកូរ៉េក្លាយជាថៅកែផ្ទះល្វែង និងពុះដីឡូតិ៍លក់ លោក ឡេង ណាវ៉ាត់ត្រា ពេលនេះទទួលបានគោរម្យងារ នឹងត្រូវប្រកាសឡើងជាផ្លូវការ ជាលោក ឧកញ៉ា នាពេលខាងមុខនេះហើយ។
យោងតាមការប្រកាសរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រី នៅក្នុងកម្មវិធីខួប១០ឆ្នាំនៃប្រព័ន្ធអនុញ្ញាត EPS បានទទួលស្គាល់លោក ឡេង ណាវ៉ាត់ត្រា ដែលជាតារាចម្រៀង និងជាអតីតពលករនៅក្នុងប្រទេសកូរ៉េបានក្លាយជាឧកញ៉ាហើយ ដោយលោកបានទាំងអបអរដល់តារាចម្រៀងរូបនេះ និងថាលោកជាតារាសិល្បៈវ័យក្មេងមួយរូប ដែលបានវិវត្តន៍ខ្លួនក្លាយជាអ្នកជំនួញ និងក្លាយជាឧកញ៉ាតាមរយៈការរួមចំណែកជួយដល់សង្គមនោះផង។
ប្រភពផ្លូវការបានអះអាងថា គោរមងាររបស់លោកនឹងធ្លាក់ជាផ្លូវការក្នុងពេលឆាប់ៗ អីចឹងហើយទើបអ្នកមុខអ្នកការដែលបានដឹងពីគម្រោងនៃការប្រកាសនោះបានហៅលោក ថា លោកឧកញ៉ា រួចជាស្រេច ជាពិសេសគឺការប្រកាសរបស់លោក ហ៊ុន ម៉ាណែត តែម្ដង។ លោកគឺជាអ្នកសិល្បៈទី២ ដែលបានទទួលងារជាលោកឧកញ៉ា បន្ទាប់ពីតារាកំប្លែងនាយឃ្លោក ដែលមានគុណបំណាច់ជាច្រើនក្នុងការរួមចំណែកជួយដល់សង្គម ក៏បានទទួលគោរមងារមួយនេះផងដែរ។
លោកឡេង ណាវ៉ាត់ត្រា បានអះអាងថា លោកពិតជាត្រូវបានស្នើអោយឡើងជាឧកញ៉ាប្រាកដមែន ប៉ុន្តែមិនទាន់ច្បាស់ថានឹងធ្លាក់លិខិតប្រកាសនោះក្នុងពេលណានោះទេ។ យ៉ាងណាមិញ លោកថាសម្រាប់ថ្នាក់ៗដែលបានមើលឃើញពីសកម្មភាពរបស់លោក បានទទួលស្គាល់ពីការតែងតាំងនោះរួចអស់ហើយ បន្ទាប់ពីលោកបានរួមចំណែកជួយដល់សង្គមនាមួយរយៈចុងក្រោយ ដែលរួមមានជួយសមាគមសិល្បករខ្មែរ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់កាកបាទក្រហមកម្ពុជាជាដើម។
លោកថាទោះជាលោកមានឈ្មោះថា ជាឧកញ៉ា តែលោកមិនបោះបង់ការងារជាតារាចម្រៀងនោះទេ ដោយលោកនឹងនៅតែបន្តបញ្ចេញបទចម្រៀងនៅក្នុងផលិតកម្ម Galaxy ជាហូរហែរ ដោយក្នុងពេលខាងមុខ លោកក៏នឹងត្រលប់មកផលិតភាពយន្តជាថ្មីផងដែរ បន្ទាប់ពីបានផលិតរឿង “កំពូលល្ងង់នៅអាស៊ី” ទទួលបានជោគជ័យ៕ ដោយ-គីម ស្រីរ័ត្ន