ភ្នំពេញ ៖ ក្រុមការងារអន្តរក្រសួងនៃក្រសួងបរិស្ថាន បានដាក់វិធានការតម្រូវឱ្យម្ចាស់គម្រោងអាជីវកម្មថ្មសំណង់ របស់ក្រុមហ៊ុន អាយស៊ី ប៊ី ខបផូរ៉េហ្សិន យកចិត្តទុកដាក់លើការគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ គោរពច្បាប់ចរាចរណ៍ បរិស្ថាន វប្បធម៌ និងតាមដានការដឹកជញ្ជូនថ្មលើសទម្ងន់ ។
ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោក ទា ជុប អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ស.វ.ហ.ស្ថ. នៅ ថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៧ បានតម្រូវឱ្យម្ចាស់គម្រោងអាជីវកម្មថ្មសំណង់ របស់ក្រុមហ៊ុន អាយស៊ី ប៊ី ខបផូរ៉េហ្សិន អិលធីឌី យកចិត្តទុកដាក់លើការគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ យកចិត្តទុកដាក់ទៅលើប្រពៃណី ជំនឿរសាសនា និងតំបន់ប្រវត្តិសាស្ត្រ យកចិត្តទុកដាក់ទៅលើការគោរពច្បាប់ចរាចរណ៍ និងតាមដានការដឹកជញ្ជូនថ្មលើសទម្ងន់ យកចិត្តទុកដាក់ទៅលើសុវត្ថិភាពក្នុងទីតាំងអាជីវកម្ម និងសុវត្ថិភាពប្រជាជនក្នុងតំបន់ យកចិត្តទុកដាក់ទៅលើការស្តារបរិស្ថានឡើងវិញនៅក្នុងដំណាក់កាលបញ្ចប់គម្រោង។
សូមបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងអាជីវកម្មថ្មសំណង់ លើផ្ទៃដីទំហំ ១១,៣០ ហិកតា ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំចំបាប់ ក្នុងភូមិសាស្ត្រភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ របស់ក្រុមហ៊ុន អាយ ស៊ី ប៊ី ខបផូរ៉េហ្សិន អិលធីឌី ដែលសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា Green Environment Group Co., Ltd.។
កិច្ចប្រជុំនេះដំណើរការដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួងបរិស្ថា តំណាងមកពីក្រសួងរ៉ែ និងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តតាកែវ មន្ទីរបរិស្ថានខេត្តតាកែវ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន តំណាងពីអង្គការ DPA តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ។
លោក ទា ជុប បានថ្លែងថា កិច្ចប្រជុំផ្តោតលើការពិនិត្យ និងពិភាក្សាលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ ការកំណត់បច្ចេកទេសបំផ្ទុះថ្ម និងការកិនថ្ម ដើម្បីកាត់បន្ថយការបំពុលគុណភាពខ្យល់ សម្លេង និងរំញ័រ ការគ្រប់គ្រងសំណល់រឹង-រាវ ការប្រើប្រាស់ ថែទាំផ្លូវ និងការដឹកជញ្ជូនថ្ម សុខភាព និងសុវត្ថិភាពរបស់បុគ្គលិក និងកម្មករដែលបំពេញការងារនៅក្នុងគម្រោង សុខុមាលភាពសាធារណៈ ការកំណត់ចម្ងាយសុវត្ថិភាពលើប៉មបារាំង និងអាស្រមតានន ដើម្បីថែរក្សាប្រពៃណី ជំនឿសាសនា និងតំបន់ប្រវត្តិសាស្ត្រ ការចូលរួមជីកស្រះទឹកដែលជាតម្រូវការចាំបាច់របស់ប្រជាជនមូលដ្ឋាន និងមូលនិធិបរិស្ថាន និងសង្គម ដោយមូលនិធិសង្គមផ្តោតលើ ការជីកស្រះជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់៕ ដោយ ៖ បញ្ញាស័ក្តិ