ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឲ្យបានជ្រាបថា នៅថ្ងៃអាទិត្យ ទី៣១ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំប្រគំតន្ត្រី និងបាញ់កាំជ្រួច អបអរសាទរពិធីឆ្លងឆ្នាំសកល២០១៧ ឈានចូល២០១៨ខាងមុខនេះ នៅលើមហាវិថីព្រះនរោត្តម មុខក្រសួងសាធារណការនិងដឹកជញ្ជូន ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ពិធីនេះនឹងប្រព្រឹត្តទៅចាប់ពីវេលាម៉ោង១៩យប់ ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៧ រហូតដល់វេលាម៉ោង១ ថ្ងៃទី១ខែមករាឆ្នាំ២០១៨ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ លើមហាវិថី ព្រះនរោត្តម ដោយមានការរៀបចំប្រគំតន្ត្រី ដែលមានតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាចូលរួមសម្តែងជាច្រើនរូប និងមានការអុជកាំជ្រួចអបអរសាទរឆ្នាំថ្មីផងដែរ។
ដើម្បីឲ្យពិធីបុណ្យឆ្លងឆ្នាំសកលកាន់តែមានអធិកអធ័ម និងមានការចូលរួមយ៉ាងច្រើនកុះករ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ មេត្តាអញ្ជើញចូលរួមអបអរសាទរឲ្យបានច្រើនកុះករ ដើម្បីញ៉ាំងឲ្យកម្មវិធីកាន់តែសប្បាយរីករាយ។
ដើម្បីឲ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរ នៅតំបន់ជុំវិញកន្លែងប្រារព្ធពិធី រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ចៀស និងបិទសកម្មភាពចរាចរជាបណ្តោះអាសន្ន តាមទីតាំងប្រារព្ធពិធី ចាប់ពីល្ងាចថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៧រហូតដល់ចប់កម្មវិធីត្រូវបានបញ្ចប់៕ ដោយ ៖ កូឡាប