ភ្នំពេញ៖ មន្ត្រីយោធាម្នាក់បើករថយន្ដក្នុងល្បឿនលឿនជ្រុលចង្កូតធ្លាក់ចូលទឹកបណ្ដាលឱ្យកៀបជាប់បុរសម្នាក់ស្លាប់នៅក្នុងរថយន្ដ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។ហេតុការណ៍គ្រោះថ្នាក់គួរឱ្យភ្ញាក់ផ្អើលខាងលើនេះកើតឡើងកាលពីម៉ោង១ និង៣០រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ហេង ដារ៉ា អាយុ៤៧ ឆ្នាំ មុខរបរជាទាហាន និងមានទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។
បើយោងតាមបងប្អូនសាច់ញាតិបានប្រាប់ឱ្យដឹងថា៖មុនពេលកើតហេតុជនរងគ្រោះចេញមកពីផ្ទះទៅចូលរួមពិធីមង្គលការកូនរបស់មេគាត់ភ្នំពេញនៅដោយមិនបានបញ្ជាក់ទីតាំងនិងធ្វើដំណើរតែម្នាក់ឯងហើយបើករថយន្ដមួយគ្រឿងម៉ាក 4RUNNER ពាក់ស្លាកលេខ ភ្នំពេញ 2C-8090 ។
អ្នកនៅភូមិកើតហេតុបានឱ្យដឹងដែរថា៖មន្ត្រីយោធាខាងលើបើកបរពីជើងទៅត្បូងតាមបណ្ដោយផ្លូវ២១៧ក្នុងគោលបំណងត្រលប់ទៅផ្ទះស្រាប់នៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលតែមកដល់ចំណុចកើតហេតុមិនដឹងមូលហេតុអ្វីស្រវឹងឬងងុយដេកទេក៏ជ្រុលចង្កូតធ្លាក់ចូលទឹកបណ្ដាលឱ្យក្រឡាប់កៀបជាប់នៅក្នុងរថយន្ដស្លាប់នៅក្នុងរថយន្ដតែម្ដង លុះដល់ព្រឹកឡើងថ្ងៃទី២២ខែធ្នូដដែលនេះកម្លាំងសមត្ថកិច្ចខណ្ឌដង្កោចុះមកដល់កន្លែងកើតហេតុ និងទាក់ទងរថយន្ដស្ទូចដើម្បីស្ទូចរថយន្ដឡើងលើគោក។ក្រោយស្ទូចរថយន្តឡើងគោកហើយបានលើកយកសាពបុរសរងគ្រោះចេញពីរថយន្ដប្រគល់ឱ្យក្រុមគ្រួសារយកទៅទៅស្រុកកំណើត ។
ចំណែករថយន្ដរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោដើម្បីប្រគល់ឱ្យក្រុមគ្រួសារនៅពេលក្រោយ៕ ដោយ ៖ បញ្ញាស័ក្តិ