ខេត្តមណ្ឌលគិរី ៖ ដំរីមួយក្បាលដែលមានឈ្មោះថា មីឡុត បានធ្លាក់ខ្លួនឈឺហើយទទួលបានការព្យាបាល ប៉ុន្តែដោយសារតែអាយុកាន់ចាស់ជរា រួមផ្សំនឹងអាកាសធាតុចុះត្រជាក់ខ្លាំងផង បានធ្វើឲ្យដំរីដែលមានអាយុ៨៥ឆ្នាំមួយក្បាលនេះ បាត់បង់ជីវិតនៅវេលារសៀលថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ។
នៅពេលដំរីនេះធ្លាក់ខ្លួនឈឺនេះរស់នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី គឺមានបុគ្គលិក អង្គការ ELIE ចំនួន ៧នាក់ រួមមានសម្ភារៈសង្គ្រោះ ឱសថ សេរ៉ូម អេស្កាវ៉ាទ័រ បានទៅដល់កន្លែងកើតហេតុ ជួយពិនិត្យ និងធ្វើចលនាផ្តល់ថ្នាំ ផ្ដល់សេរ៉ូម និងផ្តល់កំដៅយ៉ាងណា ក៏ដោយ ក៏មិនអាចជួយសង្គ្រោះអាយុជីវិតមីឡុតបានឡើយ ។
លោកឃុន ឌីយ៉ូន ប្រធានអង្គការសត្វដំរីខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដំរីឈ្មោះមីឡុតរស់នៅស្រុកអូររាំងបានធ្លាក់ខ្លួនឈឺជាទម្ងន់ដោយសារអាយុកាលនិងអាកាសធាតុត្រជាក់ខ្លាំង។ ក្រុមអ្នកជំនាញចាប់ផ្តើមត្រួតពិនិត្យ ធ្វើចលនា ផ្តល់ថ្នាំផ្ដល់សេរ៉ូមនិងផ្តល់កំដៅ។ ក្រោយពីការជួយសង្គ្រោះប្រមាណ៥ម៉ោង មិនទទួលបានលទ្ធផលឡើយ។
ម្ចាស់ដំរី បានឲ្យដឹងថា មីឡុតបានធ្លាក់ខ្លួនឈឺជាច្រើនថ្ងៃមកហើយ តែនៅព្រឹកថ្ងៃទី២១ សុខភាពរបស់វា ហាក់កាន់តែទ្រុឌទ្រមខ្លាំង រហូតមិនអាចងើបដើររកស៊ីចំណីដូចរាល់ដងបាន ហើយក៏មានក្រុមគ្រូពេទ្យមកជួយព្យាបាលក្តី ក៏មិនអាចជួយសង្គ្រោះបាន ហើយវាក៏ងាប់តែម្តង តាមអាយុចាស់ជរា៕ ដោយ៖បញ្ញាស័ក្តិ