ភ្នំពេញ ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងបញ្ជាក់អំពីសកម្មភាពការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់ឆ្នាំ២០១៧ដែលទទួលពាក្យប្តឹងចំនួន៥៦៥ពាក្យ ។ ចំណែកលោកតុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានដាក់វិធានការយ៉ាងម៉ឺងម៉ាត់និងត្រៀមកសាងសំណុំបែបបទបញ្ជូនទៅតុលាការករណីអ្នករឹងរួសមិនព្រមមកប្រកាសទ្រព្យសម្បត្តិនិងបំណុល។
ក្នុងកិច្ចប្រជុំលើកទី៣០ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២២ខែធ្នូ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៧ អង្គភាពបានទទួលពាក្យប្តឹងចំនួន៥៦៥ពាក្យ (អនាមិក២៤៩ពាក្យ ស្នើនឹង៤៤ភាគរយ) ពីម្ចាស់បណ្តឹងចំនួន៤២០នាក់។ អង្គភាពទទួលបានការបំភ្លឺពីសាមីរងការចោទប្រកាន់ចំនួន៣១០លិខិត បានឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន២២៧ម្ចាស់បណ្តឹង ក្រោយស្រាវជ្រាវពាក្យប្តឹងរបស់គាត់មិនឃើញមានតម្រុយនៃអំពើពុករលួយទេ បានបើកបន្ទប់ស្តាប់ចម្លើយចំនួន២៥៥លើក និងបានចូលរួមសវនាការតុលាការ និងការប្រកាសសាលក្រមចំនួន១៨លើក។
បើតាមលោកទេសរដ្ឋមន្ត្រី បានទទួលការប្រកាសទ្រព្យសម្បត្តិនិងបំណុលសរុបចំនួន៣៣.៧៥០នាក់ ពីបុគ្គលដែលប្រកាសតាមរបប២ឆ្នាំចំនួន២១.៤៤០នាក់ ទទួលបានការតែងតាំងថ្មីចំនួន៧.៩៧៣នាក់ លាលែង ចប់អាណត្តិចំនួន៤.០៧៩នាក់ ចូលនិវត្តន៍ចំនួន១៨២នាក់ និងបញ្ឈប់ពីមុខតំណែងចំនួន១៥នាក់។ អង្គភាពបានសង្កេតការណ៍ការដេញថ្លៃ និងពិគ្រោះថ្លៃលើគម្រោងចំនួន១៥៩ នៅបណ្តាក្រសួង ស្ថាប័នចំនួន២៨។ បានសង្កេតការណ៍ការប្រឡងក្របខ័ណ្ឌនៅក្រសួង ស្ថាប័ន ចំនួន១៦ និងបានសង្កេតការណ៍ការប្រឡងមធ្យមសិក្សាទុតិយភូមិ ដោយមានការចូលរួមពីអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន៤.៥៧៨នាក់។
ក្នុងឱកាសនោះដែរ លោកចេង ប៊ុនឃៀង ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ក៏បានរាយការណ៍ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ផងដែរអំពីលទ្ធផលប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ក្រោយជាប់ឆ្នោតខែមិថុនា ឆ្នាំ២០១៧ ដែលមានចំនួនសរុប៨.៦១៨រូប។ ការងារប្រកាសទ្រព្យសម្បត្តិនិងបំណុលក្រុមប្រឹក្សាឃុំសង្កាត់ខណ្ឌស្រុកក្រុងខេត្តរាជធានី តំណាងរាស្ត្រ ជំនួយការតំណាងរាស្ត្រដែលទើបចូលកាន់តំណែងថ្មី និងដែលត្រូវបានបញ្ចប់មុខងារ ក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។
លោកតុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានអបអរសាទរវិធានការយ៉ាងម៉ឺងម៉ាត់របស់អង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធការប្រកាសទ្រព្យសម្បត្តិនិងបំណុល ហើយគាំទ្រអង្គភាពប្រឆាំងអំពើពុករលួយក្នុងការត្រៀមកសាងសំណុំបែបបទបញ្ជូនទៅតុលាការករណីអ្នករឹងរួសមិនព្រមមកប្រកាសទ្រព្យសម្បត្តិនិងបំណុល។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កត់សម្គាល់ឃើញថា លោកសម រង្ស៊ី ក៏បានធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលជាចុងក្រោយរបស់ខ្លួន ក្រោយពេលបញ្ចប់មុខងាររបស់ខ្លួនរួចរាល់ហើយផងដែរ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទឹកចិត្តអង្គភាពប្រឆាំងអំពើពុករលួយឲ្យបន្តការអំណត់ជម្នះរាល់ការលំបាក និងឧបសគ្គថ្មីៗ ដើម្បីសម្រេចឲ្យបាននូវផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពដែលបានដាកក់ចេញក្នុងអាណត្តិទី២នេះ៕ ដោយ៖កូឡាប