ខេត្តស្វាយរៀង ៖ ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងក្នុងរយៈពេល៣ថ្ងៃមានប្រជាពលរដ្ឋមកពីគ្រប់ទិសទីចូលរួមកម្សាន្តសប្បាយ ប្រមាណជិតកន្លះលាននាក់ បានបង្កភាពសប្បាយរីករាយ រាំលេងកម្សាន្ត និងដើរលេងទស្សនាតាមស្តង់លក់ដូរនានាក្នុងក្រុងស្វាយរៀង ដែលញាំងឱ្យពិធីសង្ក្រាន្តឆ្នាំ២០១៩នេះ ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់។
ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងនេះ ធ្វើឡើងដោយទទួលបានភាពជោគជ័យដ៏អស្ចារ្យ ពិតជាមិនអាចខ្វះបាននូវគ្រប់ភាគីពាក់ព័ន្ធរួមមាន ៖ ក្រុមការងារប្រតិបត្តិ គណៈកម្មការ និងអនុគណៈកម្មការទាំងអស់ កងកម្លាំងទាំង ៣ប្រភេទ មន្ត្រីសុខាភិបាល សិល្បករសិល្បការិនី យុវជនស្ម័គ្រចិត្ត ជាពិសេសរដ្ឋបាលខេត្ត ដែលដឹកនាំដោយ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ហេីយកាន់តែពិសេស ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត…ដែលបានរួបរួមគ្នាប្រឹងអស់កម្លាំងកាយចិត្ត បំពេញការងារតាមផ្នែករៀងៗខ្លួន មិនខ្លាចនឿយហត់ ហាលក្តៅ ហាលខ្យល់ អត់ងងុយ ដោយស្មោះអស់ពីចិត្ត ប្រកបដោយមនសិការទទួលខុសត្រូវ និងម្ចាស់ការ។
ក្នុងឱកាសព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង អាជ្ញាធរខេត្តបានលើកឡើងថា ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងមានរយៈពេលចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀងនិង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។ឆ្នាំនេះជាលើកទី៣ហើយ ដែលថ្នាក់ដឹកនាំខេត្ត និង ស.ស.យ.ក ខេត្តស្វាយរៀង បានយកចិត្តទុកដាក់ក្នុងន័យបង្កភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ។
គោលបំណងនៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង នេះឡើងដើម្បី ចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ទទួលទេវតាឆ្នាំថ្មី។ បង្ហាញការថែរក្សា និងលើកស្ទួយនូវវប្បធម៌ប្រពៃណីទំនៀមទម្លាប់ ដ៏រុងរឿងរបស់ខ្មែរ។ ផ្តល់ឱកាសដល់យុវជនក្នុងការចូលរួមស្ម័គ្រចិត្ត ផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចការងារសង្គម និងបង្កើននូវភាពស្និទ្ធស្នាល សាមគ្គីភាព ក្រោមបរិយាកាសសប្បាយរីករាយ។
សូមជម្រាបថា កម្មវិធីនៃព្រឹត្តិការណ៍នេះរួមមាន៖ ការប្រគុំតន្ត្រីបុរាណសម័យ ការតាំងពិព័រណ៍ផលិតផលក្នុងខេត្ត ការលេងល្បែងប្រជាប្រិយ និងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀត៕ ដោយ ៖ វ៉ៃកូ