Tuesday, January 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​របស់​ស្ត្រី​រងគ្រោះ​ស្នើឲ្យ​អាជ្ញាធរ​ចាត់វិធានការ​លើ​ម្ចាស់​ផេ​កមួយ ក្រោយ​ពេល​ចុះ​ផ្សាយ​ពត៌មាន​មិន​ពិត​ពី​ករណី​ប្លន់​សម្លាប់​កាលពី​ជិត ៤ ឆ្នាំមុន នៅ​កោះកុង​

​កូនបង្កើត​របស់​ស្ត្រី​រងគ្រោះ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​លើ​ម្ចាស់​ហ្វេ​ស​បុក​ផេក​មួយឈ្មោះ Like Video Now បន្ទាប់​ពីផេក​នោះ​បាន​ចុះផ្សាយ​ពត៌មាន​មិន​ពិត​ឡើងវិញ ពី​ករណី​ឃាតកម្ម​កាលពី​ជិត ៤​ឆ្នាំមុន នៅក្នុង​ខេត្ត​កោះកុង​។​

​ក្នុងផេក Like Video Now ដែល​បាន​ចុះ​ផ្សាយ​កាលពី​ម្សិលមិញ បាន​សរសេរ​ដូច្នេះ​ថា “​អាសូរ​ណាស់​កូន​អកតញូមិន​នឹកស្មាន​សោះ ថា​ឃាតករ​ដែល​កាប់​សម្លាប់​ស្ត្រី​ម្នាក់ នៅ​ខេត្ត​កោះកុង ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះ ជាក់ស្តែង​គឺជា​កូនប្រុស​ស្រី​ទាំង​៣ របស់​ជនរងគ្រោះ​។ ពេល​ឃើញ​ម្តាយ​ស្លាប់ ធ្វើ​ជា​ស្រែកយំ ដើម្បី​បង្វែរ​ដាន​។ ទីបំផុត សមត្ថកិច្ច​នៅ​តែ​បំបែក​រឿងក្តី​បាន​។ ហ៊ាន​លើក​ដៃ​សម្លាប់​ម្តាយ ដែល​ខំ​ចិញ្ចឹម​បីបាច់​តាំង​ពី​តូច ពួក​កូន​នរក​ប្រេត​” !

​ជុំវិញ​ការចេញផ្សាយ​បែបនេះ ត្រូវបាន​លោក ប៉ាន់ សុភ័​ក្រ ដែលជា​កូនបង្កើត​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ ម៉េង សាយ បាន​ថ្លែង​ប្រាប់ CEN ថា “​វា​គឺជា​ការចុះផ្សាយ​មិន​ពិត​ទាំងស្រុង​។ រឿង​កើត​ឡើង​ជិត ៤​ឆ្នាំ​ទៅ​ហើយ ចំណែក​ឃាតករ​ពិត​ឈ្មោះ ជា មុំ ក៏​ត្រូវ​តុលាការ​កាត់ទោស​អោយ​ជាប់គុក​មួយជីវិត​ហើយ​ដែរ ប៉ុន្តែ​ហេតុ​អ្វី​ម្ចាស់ផេក​មួយ​នេះ​នៅតែ​បន្ត​ដាក់ប​ន្ទុ​ក​លើ​កូនប្រុស​ស្រី​ដែល​គ្មាន​កំហុស​?”

“​គេ​ចោទ​បងស្រី​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ឈឺចាប់​រួចទៅហើយ ព្រោះ​ខ្ញុំ​ដឹង​ថា​គាត់​មិនមែន​អ្នក​ធ្វើ ប៉ុន្តែ​ម្ចាស់ផេក​មួយ​នេះ បាន​ចោទ​ទាំង​ខ្ញុំ រួម​ទាំង​ប្អូន​ខ្ញុំ​ទៀត​ថា​បានសម្លាប់​ម្តាយ​ខ្លួន​ដើម្បី​ប្លន់​យក​ទ្រព្យសម្បតិ្ត ខណៈ​ខ្ញុំ​មិន​បាន​នៅ​កន្លែងកើតហេតុ​សោះ​។ ខ្ញុំ និង​ប្អូនប្រុស​ខ្ញុំ នៅ​ធ្វើការ​នៅ​ភ្នំពេញ ពេល​ឃាតកម្ម​កើតឡើង​”​។​

​លោក សុភ័​ក្រ ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​វែកមុខ​ម្ចាស់ផេក​នេះ​ផង​ដែរ ដើម្បី​យក​មក​កាត់ទោស​តាម​ផ្លូវច្បាប់ ព្រោះ​ម្ចាស់ផេក​នេះ​បាន​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំងស្រុង ដើម្បី​ផលប្រយោជន៍​ខ្លួនឯង ដោយ​មិន​គិត​ពី​ភាពត្រឹមត្រូវ និង​កិត្តិយស​របស់​អ្នកដទៃ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី ២៨ ខែ​ឧសភា ឆ្នាំ ២០១៥ មាន​ករណី​ប្លន់​សម្លាប់​ដ៏​ក៏ក្រើក​មួយ​កើត​នៅ​ស្ថិតនៅ​ឃុំ​ស្ទឹងវែង ស្រុក​ស្មាច់មានជ័យ ក្រុង​ខេ​មរ​ភូមិ ខេត្ត​កោះកុង​។ រឿង​បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​ទូទាំង​ប្រទេស ក្រោយ​ពេល​ស្ត្រី​ឈ្មោះ ជា មុំ ដែល​ជា​ឃាតករ​ពិតប្រាកដ បាន​ទម្លាក់កំហុស​លើ​កូន​ស្ត្រី​បង្កើត​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ ម៉េង សាយ​។​

​សារពត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ធ្វើ​ចុះផ្សាយ និង​ដាក់បន្ទុក​លើ​ស្ត្រី​ឈ្មោះ ប៉ាន់ ណៃ​ស៊ីន ថា​ជា​ឃាតករ​សម្លាប់​ម្តាយ​ខ្លួនឯង​ដើម្បី​ប្លន់​យក​មាស​ប្រាក់ ក្រោយ​ពេល​ស្ត្រី​ឈ្មោះ ជា មុំ បាន​ធ្វើ​ការទម្លាក់​កំហុស​ដាក់​លើ​គាត់​។

​ទោះយ៉ាងណា ក្រោយពេល​មាន​ការស៊ើបអង្កេត​ពី​ខាង​តុលាការ បូក​រួម​ទាំង​មាន​ចូលរួម​ពី​សំណាក់​សាក្សី​យ៉ាងច្រើន​នាក់ ទើប​ការពិត​ត្រូវបាន​លាតត្រដាង ចំណែក​ជន​ដែល​ចោទ​កូនស្រី​បង្កើត​របស់​ស្ត្រី​រងគ្រោះ​នោះ គឺ​ជា​ឃាតករ​ពិតប្រាកដ​។​

​បើ​តាម​ការឆ្លើយ​របស់​ស្ត្រី ជា មុំ នៅក្នុង​សវនាការ បានអោយដឹងថា ស្ត្រី​រូប​នោះ​ជា​ជន​ញាណ​ល្បែង និង​តែងតែ​ទៅ​លេង​ល្បែង​នៅ​កាស៊ីណូ បណ្តាល​ឲ្យ​ចាញ់ និង​ជំពាក់​បំណុល​គេ​ជាច្រើន រហូត​ដល់​ហ៊ាន​ធ្វើ​រឿង​ខាងលើ​៕ ដោយ ៖ សុភ័ក្ត្រ​

×