ភ្នំពេញ ៖ លោកពេជ្រ ស្រស់ បាននិយាយថា ករណីលោកជំទាវសុខរ័ត្ន សុវណ្ណបញ្ចៈសីលា ជាប្រធានប្រតិភូរបស់គណបក្សសាធារណរដ្ឋប្រជាធិបតយ្យ គឺថា លោកជំទាវបានបាត់បង់សិទ្ធិចុះបំពេញភារកិច្ច ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ស្របពេលដែលគណបក្សមួយនេះ បានធ្វើសមាជប្ដូរឈ្មោះទៅជាគណបក្សថ្មីមួយផ្សេងទៀត គឺ គណបក្សនគរប្រជាធិបតេយ្យ ហើយលោកជំទាវនិងសមាជិកដទៃ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសនៅខេត្តព្រះវិហារគឺជារឿងបុគ្គល ដោយមិនជាប់ពាក់ព័ន្ធ នឹង ក្របខ័ណ្ឌរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះឡើយ។
លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សានិងផ្ដល់យោបល់ នៅថ្ងៃទី 18 ខែមេសានេះបានសរសេរលើផេកហ្វេសប៊ុកផ្លូវការរបស់លោកថា ខ្ញុំបាទសូមបញ្ជាក់ទិដ្ឋភាពរួម និង ផ្លូវច្បាប់ ក្នុងនាមរូបខ្ញុំគឺជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់មួយរូបផងដែរនោះចំពោះករណីលោកជំទាវជាប្រធានប្រតិភូរបស់គណបក្សសាធារណរដ្ឋប្រជាធិបតយ្យគឺថាលោកជំទាវបានបាត់បង់សិទ្ធិចុះបំពេញភារកិច្ច ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់គឺតាំងពីខែ ធ្នូ ឆ្នាំ ២០១៨ មកម្ល៉េះ ដោយសមាជគណបក្សរបស់លោកជំទាវគឺត្រូវបានផ្លាស់ប្តូររចនាសម្ព័ន្ធដឹកនាំថ្មី ហើយក្រសួងមហាផ្ទៃក៏បានទទួលស្គាល់នូវរចនាសម្ព័ន្ធដឹកនាំថ្មី និង ការប្តូរឈ្មោះពី ” គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ”ទៅ”គណបក្សនគរប្រជាធិបតេយ្យ”។ ហើយក្នុងរចនាសម្ព័ន្ធថ្មីនោះគឺមិនមានឈ្មោះលោកជំទាវ ជាថ្នាក់ដឹកនាំទៀតនោះឡើយ ។ ម្យ៉ាងវិញទៀត ក្រោយពីក្រសួងមហាផ្ទៃ ទទួលស្គាល់ គឺប្រធានថ្មី នៃគណបក្សនេះ បានបញ្ជូនសមាសភាពថ្មីជំនួសតំណែងរបស់លោកជំទាវ រួមទាំងសហការី០២នាក់ផ្សេងទៀត។ដោយគោរពតាមឆន្ទៈ និង អធិបតេយ្យភាពរបស់គណបក្ស ដែលមានចែងក្នុងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ក៏បានផ្អាកការផ្តល់ជូនលិខិតបេសកកម្មដល់លោកជំទាវតាំងពីពេលនោះមក ពោលគឺលោកជំទាវត្រូវបានរលត់សិទ្ធិបណ្តោះអាសន្នក្នុងការចុះបំពេញនូវភារកិច្ចក្នុងនាមជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺ ចាប់តាំងពីក្រសួងមហាផ្ទៃទទួលស្គាល់នូវរចនាសម្ព័ន្ធថ្មីនៃគណបក្សរបស់លោកជំទាវមកម្លេះ។ ដូច្នេះលោកជំទាវនិងសមាជិកដទៃ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសនៅខេត្តព្រះវិហារគឺជារឿងបុគ្គល ដោយមិនជាប់ពាក់ព័ន្ធ នឹង ក្របខ័ណ្ឌរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះឡើយ..។
សូមសាធារណជនជ្រាបជាព័ត៌មាន ។
អ្នកនាំពាក្យ អគ្គស្នងការ នគរបាល ជាតិ លោក គឹម ខឿន ប្រាប់ បណ្តាញសារព័ត៌មាននៅ ថ្ងៃ ទី១៦ មេសា ថា អ្នក ស្រី សុខ រ័ត្ន សុវណ្ណបញ្ចៈសីលា ប្រធាន គណបក្សសាធារណរដ្ឋ ប្រជាធិបតេយ្យ និង ជា សមាជិក ឧត្តម ក្រុម ប្រឹក្សា ពិគ្រោះ និង ផ្ដល់ យោបល់ ត្រូវ បាន តុលាការ ចេញ ដីកា សម្រេច ឃុំ ខ្លួន បណ្ដោះអាសន្ន នៅពន្ធនាគារ ខេត្ត ព្រះវិហារ ពី បទ ដឹកនាំ ប្រជាពលរដ្ឋ ទៅ ទន្ទ្រាន យក ដី នៅ តំបន់ ឧទ្យាន ជាតិ គូលែន ភ្នំ ទេព។ កងកម្លាំងាំងសមត្ថកិច្ចបានចាប់ខ្លួនជនត្រូវចោទ យោងតាមដីការបស់តុលាការ ដោយចោទប្រកាន់អំពីការ ញុះញង់ទន្ទ្រានយកដីសហគមន៍ ដើម្បីបង្កើតឲ្យមានអំពើហិង្សា ។
ប៉ូលិសចាប់ខ្លួនអ្នកតវាឱ្យដោះលែង ពលរដ្ឋ១៤នាក់ដែលឃុំខ្លួនក្នុងពន្ធនាគារពាក់ព័ន្ធទំនាស់ដីធ្លីនៅខេត្តព្រះវិហារ។
លោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា និងសហការី ត្រូវបានអាជ្ញាធរខេត្តព្រះវិហារចាប់ខ្លួន ពាក់ព័ន្ធករណីដឹកនាំប្រជាពលរដ្ឋទៅសុំឱ្យមានការរំដោះជនសង្ស័យចំនួន ១៤នាក់ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ដែលអាជ្ញាធរចាប់ឃុំខ្លួនពាក់ព័ន្ធនឹងការកាន់កាប់ទន្ទ្រានយកដីរបស់រដ្ឋ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩នេះ៕ ដោយ៖កូឡាប