Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ កោះប្រជុំ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ លើ​គម្រោង​ប្លង់​តំបន់​អភិវឌ្ឍន៍​ប៉ែក​ខាងត្បូង នៃ​កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាល​រាជធានី​ភ្នំពេញ និង​សាលាក្រុង​ប៉ារី​ស និង​ប្លង់​អភិវឌ្ឍន៍​របស់ក្រុមហ៊ុន ING

​ភ្នំពេញ ​៖ ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង នៅ​រសៀល​ថ្ងៃទី​១៩ ខែមេសា នេះ​បាន​កោះប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ លើ​ប្លង់​តំបន់​អភិវឌ្ឍន៍​ប៉ែក​ខាងត្បូង នៃ​កិច្ចសហប្រតិបត្តិការ រវាង រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សាលាក្រុង​បារី​ស និង ប្លង់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ING ដើម្បី​ប្រមូល​មតិយោបល់​មក​ពិភាក្សា​និង​សិក្សា​ឱ្យបាន​ល្អិតល្អន់ មុន​និង​ដាក់បញ្ចូល​ទៅក្នុង​គម្រោង​កសាង​ផ្លូវ​សាធារណៈ និង​ប្រព័ន្ធធារាសាស្ត្រ​ថ្មីៗ​នៃ​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផ្នែក​ភូមិបាល និង មន្ទីរ​ដែនដី​នគររូបនីយកម្ម និង​សំណង់ នៃ​សាលា​រាជធានី​ភ្នំពេញ ក៏បាន​លើក​នូវ​គម្រោង​ប្លង់ ដែល​សិក្សា​ដោយ កិច្ចសហប្រតិបត្តិការ រវាង រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សាលាក្រុង​បារី​ស និង គម្រោង​ប្លង់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ING មក​បង្ហាញ​និង​ពន្យល់​យ៉ាង​ល្អិតល្អន់ ក៏ដូចជា​បាន​ជម្រាបជូន​នូវ​ភាពខុសគ្នា​ខ្លះៗ នៃ​គម្រោង​ទាំងនោះ ដើម្បី​យកមក​ពិភាក្សា និង​រក​ធាតុ​ចូលរួម​គ្នា​មួយ ធ្វើយ៉ាងណា​ឱ្យ​ការអភិវឌ្ឍន៍​ប៉ែក​ខាងត្បូង​រាជធានី​អាច​ប្រព្រឹត្តទៅបាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលយកបាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​កាត់បន្ថយ​នូវ​ផលប៉ះពាល់​ ។

​ឯកឧត្តម ឃួ​ង ស្រេង បាន​ស្នើឱ្យ​មន្ត្រី​បច្ចេកទេស រួមសហការ​គ្នា ជាមួយ​មន្ត្រី​ពាក់ព័ន្ធ បន្ត​សិក្សា ពិគ្រោះ​យោបល់ ឱ្យបាន​ច្បាស់លាស់ និង​យកចិត្តទុកដាក់​បន្ថែម​ទៀត ពិនិត្យ​ទៅលើ​គម្រោង​ប្លង់​ទាំងពី ថា​តើ​មួយ​ណា មាន​ផលប៉ះពាល់​តិចជាង ដើម្បី​យកមក​ពិនិត្យ​ជាថ្មី មុននឹង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ​។​

​លោក អភិបាល បាន​បញ្ជាក់ថា រាល់​ការអភិវឌ្ឍ ចៀស​មិន​ផុតពី​ការប៉ះពាល់ ប៉ុន្តែ​ត្រូវ​កាត់បន្ថយ នូវ​ផលប៉ះពាល់​ទាំងនោះ​ឱ្យនៅ​តិចតួច​បំផុត​តាមតែ​អាចធ្វើ​ទៅបាន មិន​មានន័យថា មាន​ផល​បះ​ពាល់​មិន​អភិវឌ្ឍន៍​នោះទេ គឺ​ត្រូវ​កែសម្រួល ឬ កាត់​តម្រឹម​ឱ្យមាន​តម្លាភាព ពោលគឺ​យក​ប្រយោជន៍​ជាតិ​ធំ​ជាង​ប្រយោជន៍​បុគ្គល។

​ឯកឧត្តម​ក៏បាន​ស្នើឱ្យ​មន្ត្រី​ពាក់ព័ន្ធ​គិតគូ​ជាពិសេស ដោយ​ពិនិត្យ​លទ្ធភាព រក​ទីតាំង​ឱ្យបាន​ត្រឹមត្រូវ បម្រុង​ទុក​សម្រាប់​កសាង​ទ្វារ​ទឹក និង ស្ថានីយ៍​បូមទឹក ដើម្បី​កុំឱ្យ​មានការ​ជន់​លិច​នៅក្នុង​តំបន់​ទាំងនោះ នាពេល​អនាគត តាម​ចក្ខុវិស័យ​របស់​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​៕​ ដោយ​៖​កូ​ឡាប​

×