ខេត្តព្រះសីហនុ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសានេះ បានអញ្ជើញបើកសម្ភោធសមិទ្ធផលនានា នៅវត្តពោធិ៍អណ្តែត ស្ថិតក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមិទ្ធផលទាំងនោះរួមមាន៖មហាកុដិមួយខ្នងមានកម្ពស់២ជាន់ ផ្លូវបេតុងមួយខ្សែ មានប្រវែងជិត៣០០ម៉ែត្រ និងសមិទ្ធិផលព្រះពុទ្ធសាសនាមួយចំនួនទៀត សរុបថវិកាសងសង់ចំនួន ១៥៥.៨៧៥ដុល្លារអាមេរិក ដែលទើបសាងសង់រួច ដើម្បីប្រើប្រាស់ជាសម្បត្តិគរុភណ្ឌ័ក្នុងវត្ត។
ពិធីសម្ភោធសមិទ្ធផលទាំងនេះ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះដែរ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានលើកឡើងពីបច្ចុប្បន្នភាព នៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៏ ក្នុងខេត្តព្រះសីហនុ តាមរយៈការចូលមកបណ្តាក់ទុនវិនិយោគ មកពីក្រៅប្រទេសជាបន្តបន្ទាប់។ លោកបន្តថា ក្នុងនោះវិស័យសាសនា ដោយសារតែសេដ្ឋកិច្ចពលរដ្ឋកើនឡើង នាមូលដ្ឋាននេះ ក៏បានរួមចំណែកក្នុងសកម្មភាពចូលរួមកសាងសមិទ្ធិផលផ្សេងៗ នៅតាមវត្តអារាមព្រះពុទ្ធសាសនា ឬសាសនាផ្សេងៗទៀត នាខេត្តព្រះសីហនុ មានការរីកចំរើនជាបន្តបន្ទាប់ផងដែរ។
ព្រមជាមួយគ្នានេះ ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តព្រះសីហនុ ដែលបានខិតខំធ្វើកិច្ចការជាច្រើន ដើម្បីភាពរីកចំរើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កិច្ចការពារសន្តិសុខទូទៅ និងការកសាងអភិវឌ្ឍន៌គ្រប់ហេដ្ឋារចនាសម្ពន្ធ័សង្គម ក្នុងពេលដែលប្រទេសជាតិមានសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ ៖ ដែន សីមា