ភ្នំពេញ ៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្តីពី “ការវិវត្តនៃវិស័យអប់រំក្នុងបរិបទឌីជីថល ក្នុងក្របខ័ណ្ឌសកល និងកម្ពុជា” នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែមេសាឆ្នាំ២០១៩នេះ។
សិក្ខាសាលានេះរៀបចំធ្វើឡើងក្នុងគោលបំណងផ្តល់វេទិកាពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍ ចំណេះដឹង ទស្សនាទាន ចំពោះការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដើម្បីឆ្លើយតបការរីកចម្រើនរបស់សង្គមជាតិ ក៏ដូចជាពិភពលោក នៅក្នុងបរិបទបច្ចេកវិទ្យាមានការរីកចម្រើន។ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលានេះ ដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ វាគ្មិនជាតិ អន្តរជាតិជាច្រើន។
លោកបណ្ឌិត បានគូសបញ្ជាក់ថា នេះជាវេទិកាមួយសមស្រប និងត្រូវតាមកាលៈទេសៈ ដើម្បីបង្កឱកាសដល់តួអង្គពាក់ព័ន្ធទាំងឡាយ ក្នុងការចែករំលែកនូវបទពិសោធន៍ល្អៗ ទស្សនទានថ្មីៗ និងការពិភាក្សា ដើម្បីរំលេច និងស្វែងរកនូវគន្លឹះថ្មីៗក្នុងការជួយជ្រោមជ្រែងដល់និស្សិត សិស្សានុសិស្ស មន្ត្រីអប់រំ និងលោកគ្រូអ្នកគ្រូ បើកទូលាយនូវគំនិតថ្មីៗបន្ថែមទៀត និងបង្កើនការយកចិត្តទុកដាក់ទ្វេដង ក្នុងការអភិវឌ្ឍសមត្ថភាព និងចំណេះដឹងដែលអាចឆ្លើយតបទៅនឹងបរិបទសង្គមនាពេលបច្ចុប្បន្ន និងទៅអនាគត ផ្សាភ្ជាប់និងនិន្នាការសកលនៃយុគសម័យឌីជីថល ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងកសាងជាមូលដ្ឋានសំខាន់មួយនៃដំណើរកាេអភិវឌ្ឍ។
លោកបណ្ឌិតអនុប្រធានទី១រដ្ឋសភា មានប្រសាសន៍ថា នៅសតវត្សរ៍ទី២១នេះ ពិភពលោកបានទទួលស្គាល់នូវការវិវត្តយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា និងបច្ចេកវិទ្យាព័ត៌មាន។ ក្នុងទិដ្ឋភាពនេះ រចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមមានការប្រែប្រួល និងមានឥទ្ធិពលយ៉ាងខ្លាំងដល់តម្រូវការជីវភាពជាក់ស្តែងប្រចាំថ្ងៃ រួមទាំងសកម្មភាពផ្តល់ និងទទួលយកការអប់រំ។ ការឆ្លើយតបប្រទេសនានាលើសកលលោក ជាពិសេសប្រទេសមានការអភិវឌ្ឍខ្លាំងផ្នែកសេដ្ឋកិច្ចបានធ្វើការអភិវឌ្ឍ និងរៀបចំកំណែទម្រង់ជាបន្តបន្ទាប់នូវប្រព័ន្ធអប់រំ និងការបណ្តុះបណ្តាលនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីចាប់យកឱកាស ព្រមទាំងចាកចេញឱ្យផុតពីអន្ទាក់នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ លលើមូលដ្ឋាននេះា ព្រះរាជាណាចក្រកម្ពុជាក៏ត្រៀមខ្លួនសម្រាប់ដំណើរឈានទៅយុគ្គសម័យឌីជីថល ដូចដែលយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ បានចែងអំពីអទិភាពការងារសំខាន់ៗក្នុងនីតិកាលទី៦នេះ ដែលពាក់ព័ន្ធការលើកកម្ពស់គុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងការឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤។
លោកអនុប្រធានទី១រដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អ រវាងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការឮ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដែលមាន លោក ហ៊ុន ម៉ានី ជាប្រធាន និងក្រសួងអប់រំ យុវជន និងកីឡា ដែលមានលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ជារដ្ឋមន្ត្រី។ លោកបណ្ឌិត ងួន ញ៉ិល បានស្នើដល់វាគ្មិន អ្នកឯកទេស និងអ្នកចូលរួមទាំងអស់ ចែករំលែកបទបពិសោធន៍ និងការប្រមូលគំនិត យោបល់ ទស្សនៈជាគន្លឹះនានា ក្នុងទិសដៅចូលរួមចំណែកក្នុងការរៀបចំគោលនយោបាយ ការរៀបចំផែនការសកម្មភាព និងវិធានការនានា ក្នុងវិស័យអប់រំឱ្យកាន់តែចំទិសដៅ៕ ដោយ៖កូឡាប