ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃរំដួល និងភូមិស្រែត្រោក់ ស្ថិតឃុំសែនដី ស្រុកសំរោងទងខេត្តកំពង់ស្ពឺ បានបង្ហាញចម្ងល់ចំពោះក្រុមអ្នកកាយយកអាជម៍ដីដែលនៅព័ទ្ធជុំវិញអាងទឹកភូមិព្រៃរំដួល។
ក្រុមប្រជាពលរដ្ឋក្នុងភូមិស្រែត្រោក់បានឲ្យបណ្តាញផ្សព្វផ្សាយដឹងថា មុនដំបូងពួកគាត់មានការរីករាយ និងសប្បាយចិត្ត ដែលអាជ្ញាធរបានជួយកាយ និងស្តារអាងស្តុកទឹក ក្នុងភូមិ របស់ពួកគាត់ ប៉ុន្តែបែរជាឃើញគ្រឿងចក្រ បែរជាមកកាយយកអាចម៍ដី ប៉ះពាល់ដល់ដីធ្វើស្រែ របស់ពួកគាត់ ដែលព័ទ្ធជំុវិញអាងទឹកនោះទៅវិញ។
ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋ រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្លែងថា សកម្មភាពកាយយកអាចម៍ដី របស់កហរុមហ៊ុនខាងលើ គឺមានវិសាលភាពធំធេង ហើយមិនដឹងថាមានចំនួនប៉ុន្មានហិចតានោះទេ។ ជាងនេះទៀត ចំពោះចំណុចដែលត្រូវកាយស្តារនោះ បែរជាអាជ្ញាធរ ឬក្រុមហ៊ុនមិនទៅកាយស្តារយកអាចម៍ដី ប៉ុន្តែបែរជាទៅកាយស្តារយកអាចម៍ដី នៅខាងក្រៅផ្ទៃអាងស្តុកទឹកនោះទៅវិញ។
ពលរដ្ឋបន្តទៀតថា សកម្មភាព របស់ក្រុមហ៊ុនខាងលើ គឺមិនត្រឹមតែកាយយកអាចម៍ដី នៅខាងក្រៅអាងទឹកនើទេ ប៉ុន្តែថែមទាំងបានដឹកយកអាចម៍ដី មកចាក់បិទប្រឡាយទឹកថែមទៀតផង។
ក្រុមប្រជាពលរដ្ឋ បានបន្តទៀតថាចំពោះអាចម៍ដី ដែលកាយហើយដឹកចេញនោះខាងក្រុមហ៊ុនមិនបានគ្រប ឬបិតបាំងឱ្យបានត្រឹមត្រូវទេ ហើយបានជ្រុះអាចម៍ដីធ្លាក់រាយប៉ាយពាសពេញផ្លូវជាតិលេខ៤១ នាំឱ្យប៉ះពាល់ដល់អ្នកធ្វើចរាចរ នៅលើផ្លូវជាតិ និងបានធ្វើឱ្យអាចម៍ដី ដែលធ្លាក់នោះ បានហុយធូលី ប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋ និងកុមារតូចៗ ដែលមានផ្ទះជាប់ផ្លូវជាតិលេខ៤១ ចាប់ពីចំណុចគីឡូម៉ែត្រ៨ ទៅដល់លេខ១០។
ប្រជាពលរដ្ឋបន្តថា ចំពោះអាចម៍ដី ដែលបានកាយយកពីទីតាំងក្បែរមាត់អាងភូមិព្រៃរំដួលនោះ ពួកគាត់ឃើញខាងក្រុមហ៊ុនដឹកទៅចាក់នៅតាមក្រុមហ៊ុនពុះដីឡូ និងតាមរោងរោងចក្រជាដើម។ល។
ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋ រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានស្នើទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំថ្នាក់ជាតិ មេត្តាជួយពិនិត្យមើល សកម្មភាព របស់ក្រុមហ៊ុន ដែលមកកាយយកអាចម៍ដី ក្នុងមូលដ្ឋានរបស់ពួកគាត់ ឲ្យបានឆាប់ និងស្នើជួយស្តាអាងទឹកក្នុងមូលដ្ឋាននេះ ឲ្យចំគោលដៅពលរដ្ឋចង់បាន ហើយឈប់ទៅជីកកាយយកអាចម៍ដី ដែលជាដីស្រែ របស់ប្រជាពលរដ្ឋ នៅជាប់មាត់អាងស្តុកទឹកខាងលើជាបន្តទៀត បើមិនដូច្នេះទេ ក្រុមប្រជាពលរដ្ឋចំនួន ២ភូមិ នឹងប្រមូលផ្តុំគ្នាតវ៉ានៅពីមុខ មន្ទីរធនធានទឹក និងឧត្តុនិយម និងពីមុខសាលាខេត្តកំពង់ស្ពឺ កំពុងជំទាស់ចំពោះបញ្ហាខាងលើនេះ ក្នុងពេលដ៏ឆាប់ខាងមុខនេះ។
ទាក់ទិនបញ្ហានេះ លោក មុំ ស៊ន មេភូមិស្រែត្រោក បានឲ្យដឹងតាមទូរស័ព្ទថា ករណីកាយក្រុមហ៊ុន មកយកអាចម៍ដីចេញពីអាងទឹក ក្នុងភូមិព្រៃរំដួល និងភូមិស្រែត្រោក ខាងលើនេះ ស្នើឲ្យប្រជាពលរដ្ឋសួរទៅប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ ជំនទសវិញ ទើបដឹងរឿងច្រើនជាង ព្រោះរូបគាត់មានសិទ្ធិឆ្លើយបំភ្លឺករណីនេះ។
ចំណែកលោក ញ៉ាញ់ ជៀបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម បានណាត់ក្រុមអ្នកយកព័ត៌មានទៅធ្វើបទសម្ភាសន៍នៅកន្លែងធ្វើការ របស់លោកផ្ទាល់។
យ៉ាងណាក៏ដោយចុះ ក្រុមប្រជាពលរដ្ឋ រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានសំណូមពរដល់ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម ឲ្យជួយបញ្ជូនមន្ត្រីឯករាជ្យ ចុះមកពីនិត្យរាល់សកម្មភាពធ្វើការងារ របស់លោក ញ៉ាញ់ ជៀបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ឲ្យបានឆាប់ ដើម្បីឲ្យប្រាកដថា តើសកម្មភាព របស់មន្ត្រីខាងលើ ជាមួយក្រុមហ៊ុនកាយយកអាចម៍ដីនៅជុំវិញអាងទឹក នាស្រុកសំរោងទង មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងបានអនុវត្តស្របតាមកិច្ចសន្យា របស់ផ្នែកពាក់ព័ន្ធ ឬយ៉ាងណាដែរ ៕ ដោយ ៖ ដែន សីមា