(តាកែវ) ៖ មូលនិធិចំណតកង់ប្រទេសជប៉ុន បានផ្តល់ជំនួយ កង់ ៤០០ គ្រឿង ដល់ក្រសួងសង្គម កិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការកុកឺសៃ KJO សំរាប់ចែកជូនដល់សិស្សានុសិស្សក្រីក្រ និងកុមារកំព្រា នៅស្រុកកោះអណ្តែត ខេត្តតាកែវ ឲ្យបានធ្វើដំណើរទៅសាលារៀន ងាយស្រួល ជាងមុន។
ពិធីចែកកង់នេះបានធ្វើឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដែលក្នុងនោះមានឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម ហឿង សុផុន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាទា លោក ណាសា ស៊ីណូសាណូ ប្រធានអង្គ ការ ខេ ជេ អូ KJO បាននាំយកកង់ចំនួន ៤០០គ្រឿង ដែលជាជំនួយមូលនិធិចំណតកង់ ប្រទេសជប៉ុន ផ្ដល់ជូនសិស្សទីទ័លក្រ មកពី៥សាលាបឋមសិក្សា ក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ ដែលកម្មវិធីនេះ ប្រារព្ធធ្វើឡើងនៅបរិវេណវត្តជ្រៃធំ ស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ។
ថ្លែងក្នុងពិធីចែកកង់ដល់សិស្សក្រីក្រនាឱកាសនោះដែរឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា មូលនិធិចំណតកង់ ប្រទេស ជប៉ុន ជានិច្ចកាលបានខិតខំអំពាវនាវ និងកៀរគរ ជំនួយពីសប្បុរសជន នៃប្រទេសជប៉ុន ដើម្បីសម្រួល ដល់ការលំបាក ខ្វះខាតរបស់កុមារកំព្រា និងសិស្សានុសិស្សក្រីក្រ សម្រាប់ជាមធ្យោបាយ ធ្វើដំណើរ ទៅសិស្សារៀនសូត្រ ដលើម្បីក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ ពលរដ្ឋល្អ និងជាធនធាន មនុស្សប្រកប ដោយគុណភាព សមត្ថភាព ដល់សង្គមជាតិសម្រាប់ពេលអនាគត។
ជាមួយគ្នានោះ លោក ណាសា ស៊ីណូសាណូ ប្រធានអង្គការកុកឺសៃ បានបង្ហាញពីឆន្ទៈថា ក្រោយទទួលបានកង់នាពេលនេះ អង្គការនឹងបន្តជួយដល់កុមារកំព្រា និងសិស្សានុសិស្សក្រីក្រ កំព្រា ដែលខ្វះមធ្យោបាយ ធ្វើដំណើរ ទៅរៀនសូត្រ។ជាក់ស្តែងដូចថ្ងៃនេះ កង់ចំនួន៤០០គ្រឿង ត្រូវបាន ផ្តល់ជូនទៅដល់ កុមារកំព្រា និងសិស្សានុសិស្សផងដែរ។ ជាមួយនឹងការខិតខំប្រឹងប្រែង លោក សាណុ ប្រធានអង្គការកុកឺសៃ បានជួយចិញ្ចឹម ដល់កុមារដែលកំពុងតែរស់នៅក្នុងមណ្ឌលកុមារអាស៊ី និងសិស្សានុសិស្សក្រីក្រ នៅសាលាកំព្រហ្មសាណុ ខេត្តសៀមរាប តាំងពីខែកក្កដា ឆ្នាំ១៩៩៩ រហូត មកដល់ពេលបច្ចុប្បន្ននេះ រួមនឹងជំនួយផ្សេងៗទៀតនៅពេលដែលលោកធ្វើដំណើរមកកម្ពុជាម្តងៗ។
គួរបញ្ជាក់ថា តាមរយៈកិច្ចសហការនេះ បានធ្វើឲ្យកុមារកម្ពុជា ដែលរងគ្រោះ និងងាយរងគ្រោះ ជាច្រើនមានសិទ្ធិសេរីភាព ទទួលបានការពារ និងទទួលបានឱកាសស្មើគ្នា ក្នុងការរស់នៅ រៀនសូត្រ និងការអភិវឌ្ឍខ្លួនឲ្យក្លាយជាកុមារ ដែលមានអនាគតល្អ ដូចកុមារដទៃទៀត៕ ដោយ ៖ តាកែវ