Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរិស្ថាន ៖ ក្រុម​ជនខិលខូច​បាននិងកំពុង​អនុវត្ត​ទ្រឹស្តី ឈ្នះ​បាន​ដី ចាញ់​បាន​លុយ ,​ដល់​ពលរដ្ឋ​ស្លូតត្រង់​កុំ​ចាញ់បោក​មេខ្យល់ និង​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព​ខុសច្បាប់​លើ​ករណី​ឈូ​សឆាយ កាប់ឆ្ការ រុករាន​ទន្ទ្រាន​ដីព្រៃ​

(​ភ្នំពេញ​) ៖ រដ្ឋលេខាធិការ​និង​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថ្លែងប្រាប់​ឲ្យ​ដឹងថា ខណៈ​ទីផ្សារ​ដីធ្លី​នៅ​កម្ពុជា​មានតម្លៃ​ខ្ពស់ ក្រុម​មេខ្យល់​ជា​ជនខិលខូច​មួយចំនួន​បាន​ប្រើប្រាស់​ប្រជាពលរដ្ឋ​ជា​ខែល​ដើម្បី​រំលោភបំពាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ ដែល​ស្ថិតនៅក្នុង​ឧទ្យាន​ជាតិ និង​តំបន់ការពារធម្មជាតិ​នានា​ក្នុងប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​ដើម្បី​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន និង​ពេលខ្លះ​ក្រុម​ជនខិលខូច​បាន​ប្រើប្រាស់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ឱ្យ​បំពាន​ចូលកាន់​កាប់​ដីធ្លី​ដែលមាន​កម្មសិទ្ធិ​ត្រឹមត្រូវ​ដើម្បី​យកមក​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូបនេះ​បាន​លើកឡើងថា ក្រុម​ជនខិលខូច​បាននិងកំពុង​អនុវត្ត​ទ្រឹស្តី «​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​»​។

ពួកគេ​បាន​ភូតកុហក​បោកប្រាស់​ពលរដ្ឋ​ស្លូតត្រង់​ដោយ​យក​ដី​រដ្ឋ ឬ​ដី​ដែល​មានកម្ម​សិទ្ធិមក​ធ្វើជា​របស់ខ្លួន​និង​លក់​ក្នុង​តម្លៃថោកៗ​ឱ្យ​ពលរដ្ឋ​។ ពេលខ្លះ​ពួកគេ​បាន​ញុះញង់​ពលរដ្ឋ​ឱ្យ​សាង​សង់​ខ្ទម​តូចៗ និង​ដាំ​ដំណាំ​ផ្សេងៗ​លើដី​របស់គេ​ដែលមាន​កម្មសិទ្ធិ​ដើម្បី​តវ៉ា​ថា​ខ្លួន​បាន​តាំងទី​លំនៅ​ជា​យូរ​មកហើយ និង​ប្រសិនបើ​ចង់ឱ្យ​រុះរើ​ចេញ​ត្រូវមាន​សំណង ឬ​ផ្តល់​ចំណែក​ដី​ណាមួយ​ដល់​ខ្លួន​ជាដើម​។

​ទន្ទឹមនឹងនេះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ស្លូតត្រង់ សូមកុំ​ចាញ់បោក​មេខ្យល់​ខិលខូច និង​សូមកុំ​ចូលរួម​ក្នុង​សកម្មភាព​រំលោភបំពាន​ច្បាប់​ដែលនាំឱ្យ​មានការ ប្រឈម​ចំពោះមុខ​ច្បាប់ ព្រោះ​គ្មាន​ជនណាម្នាក់​អាចយ​កដី​រដ្ឋ​ទៅ​លក់ដូរ​បានឡើយ​។ លោក​រដ្ឋលេខាធិការ​បា​ន​រំ​ឮ​ក​បងប្អូន​ប្រជាពលរដ្ឋ​ថា មុននឹង​ទិញ​លក់​ដី ត្រូវ​ប្រយ័ត្នប្រយែង​ក្រែង​ប៉ះចំ​ដី​រដ្ឋ ឬ​ដី​ដែលមាន​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ ដែលនាំឱ្យ​បងប្អូន​បាត់បង់​ផលប្រយោជន៍​។ លោក​បាន​គូសបញ្ជាក់ថា​អាជ្ញា​ធរមានសមត្ថកិច្ច​បាននិងកំពុង​តែ​ធ្វើកា​រ​ស៊ើបអង្កេត​វែកមុខ​រក​មេខ្យល់​ទាំងអស់ និង​ចង់​ចង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ក៏ដូចជា​ការពិនិត្យ​និង​ដកហូត​មកវិញ​នូវ​ដី​រដ្ឋ​ដែល​ទន្ទ្រាន​កាន់កាប់ ដោយ​ខុសច្បាប់​ពី​ក្រុម​ជនខិលខូច​។ លោក​បាន​លើកឡើងថា កន្លងទៅនេះ អាជ្ញាធរ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា បាន​ចាត់វិធានការ​ច្បាប់​ប្រឆាំងនឹង​បទល្មើស​នេះ នៃ​ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​នៅក្នុង​តំបន់​ការពារ ហើយ​មេក្លោង​មួយចំនួន​ដែល​នៅ​ពីក្រោយ​បទល្មើស​នេះ​ត្រូវបាន​ចាប់ខ្លួន និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ជំនុំ​ជម្រះក្តី​តាមច្បាប់​បណ្តើរៗ​ហើយ​។

ជាថ្មី​ម្តងទៀត ក្រសួងបរិស្ថាន​បានប្រកាស​ឱ្យ​ជនខិលខូច​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ជាអាទិ៍​ការ​ឈូ​ល​ឆាយ ការកាប់​ឆ្ការ ដុត រុករាន​ទន្ទ្រាន​ដីព្រៃ ការសាងសង់​ខ្ទម ឬ​រោង ការដាំ​ដំណាំ ឬ​ការ​អាស្រ័យ​ផល​លើដី​របស់​រដ្ឋ​។ ជាមួយគ្នានេះ​អាជ្ញាធរ​ក៏បាន​ប្រកាស​ឱ្យ​ឈប់​ជាបន្ទាន់​នូវ​រាល់​ការទិញ​លក់​ដី​រដ្ឋ និង​ការបញ្ជាក់​ការទិញ​លក់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​។ ជន​ដែល​នៅតែ​រំលោភបំពាន នឹងត្រូវ​ប្រឈមមុខ​ច្បាប់​ជា​កំហិត​យោងតាម​ច្បាប់​ស្តីពី​ការការពារ​តំបន់​ធម្មជាតិ ច្បាប់​ព្រៃឈើ និង​ច្បាប់​ភូមិបាល​។ ខាងក្រោម​នេះ​គឺជា​សេចក្តី​ជូនដំណឹង របស់​ក្រសួងបរិស្ថាន​ស្តីពី​ការហាមឃាត់​ការ​ឈូ​ល​ឆាយ ការកាប់​ឆ្ការ ដុត រុករាន​ទន្ទ្រាន​ដីព្រៃ ការសាងសង់​ខ្ទម ឬ​រោង ការដាំ​ដំណាំ ឬ​ការ​អាស្រ័យ​ផល​លើដី​របស់​រដ្ឋ​ ​ដែលមាន​តម្លៃ​ជា​ធរមាន​៕​ ដោយ ​៖​ កូ​ឡាប​

×