ភ្នំពេញ៖ ជនជាតិចិនម្នាក់បានគាំងបេះដូងស្លាប់ ពេលនាំស្រីស្នេហ៍ជនជាតិវៀតណាមទៅក្រេបទឹកឃ្មុំ ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៧ ម៉ោង៤និង៣០នាទី ទៀបភ្លឺ នៅសណ្ឋាគារសម្បត្តិទិព្វ បន្ទប់លេខ៤០៨ ផ្លូវជាតិលេខ១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ ជនរងគ្រោះឈ្មោះ Zhang Biao ភេទ ប្រុស កើតឆ្នាំ១៩៨៩ កាន់លិខិតឆ្លងដែនលេខ EA ៨៥៥១៨៩៦ មុខរបរចុងភៅ ស្នាក់នៅខុនដូរ ផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
មន្ត្រីប៉ូលីសនិយាយថា នៅថ្ងៃកើតហេតុម៉ោង២និង២០នាទី រំលងអាធ្រាត្រ ជនរងគ្រោះផឹកស្រាស្រវឹង រួចជិះម៉ូតូកង់បីមកយកសង្សារឈ្មោះង្វៀង ធីង៉ុកហាំង នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ រួចនាំគ្នាមកដេក នៅចំណុចកើតហេតុខាងលើ ពេលនោះជនរងគ្រោះមានអាការៈមិនស្រួលខ្លួន ចុកដើមទ្រូង និងក្អួត រួចឈ្មោះង្វៀង ធីង៉ុកហាំងក៏ហៅអ្នកគ្រប់គ្រងសណ្ឋាគារ ឲ្យជួយហៅរថយន្តពេទ្យមកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យកាល់ម៉ែត ពេលទៅដល់គ្រូពេទ្យពិនិត្យលើជនរងគ្រោះរួច ប្រាប់ថាស្លាប់បាត់ហើយ រួចក៏ដឹកសពមកដម្កល់ទុកនៅវត្តស្ទឹងមានជ័យ។
ការសន្និដ្ឋាន តាមការពិនិត្យរបស់ការិយាល័យ នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ រាជធានីភ្នំពេញ និងការពិនិត្យរបស់ ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសលវិច្ច័យរាជធានីភ្នំពេញ បញ្ជាក់ជំហ៊ានដំបូងថា ជនរងគ្រោះស្លាប់ ដោយសារគាំងបេះដូង និងរង់ចាំលទ្ធផលធ្វើតេស្តឈាមបន្តទៀត។
បច្ចុប្បន្ន សពដម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំក្រុមគ្រួសារមកទទួលយក៕ ដោយ ៖ បញ្ញាស័ក្តិ