ជនបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ២នាក់ ក្នុងចំណោមជាច្រើននាក់ ដែលបានចូលរួមវាយប្រហារក្នុងទីក្រុង Colombo គឺជាសមាជិករបស់គ្រួសារដ៏មានស្តុកស្តម្ភមួយក្នុងប្រទេសស្រីលង្កា។ នេះបើតាមប្រភពបញ្ជាក់ប្រាប់ CNN។
ជនសង្ស័យទាំងពីរនាក់នោះជាបងប្អូននឹងគ្នា ហើយពួកគេមានឈ្មោះថា Imsath Ahmed Ibrahim និង Ilham Ahmed Ibrahim។ ពួកគេស្ថិតក្នុងចំណោមក្រុមភេវរករ ដែលបានចុចបំផ្ទុះខ្លួនអែង នៅក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យ។
ឪពុករបស់ពួកគេឈ្មោះ Mohamed Ibrahim គឺជាស្ថាបនិករបស់ក្រុមហ៊ុននាំចេញគ្រឿងទេសដ៏ធំបំផុត ក្នុងប្រទេសស្រីលង្កា។ លោកត្រូវបានចាប់ខ្លួន ជាមួយនឹងមនុស្សជាច្រើននាក់ ក្រោយពេលមានការវាយប្រហារ។
សូមបញ្ជាក់ថា ការវាយប្រហារជាច្រើនកន្លែងនៅក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃអាទិត្យកន្លងទៅនេះបណ្តាលឲ្យមនុស្សចំនួន ៣៥៩នាក់ស្លាប់ និងជាង ៥០០នាក់រងរបួស។
ក្រុមរដ្ឋអ៊ីស្លាមចេញមុខអះអាងថា វាគឺជាទំនួសខុសត្រូវរបស់ពួកគេ ហើយការវាយប្រហារនោះគឺជាការសងសឹកទៅនឹងការបាញ់ប្រហារនៅវិហារសាសនាអ៊ីស្លាមកន្លងទៅ ក្នុងទីក្រុង Christchurch ប្រទេសញូស៊ីឡែន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN