ប្រជាជនជប៉ុនរាប់ពាន់នាក់ដែលជាជនរងគ្រោះត្រូវគេបង្ខំឲ្យទទួលយកការវះកាត់ ដើម្បីការពារកុំឲ្យមានកូន នឹងទទួលបានសំណងពីរដ្ឋាភិបាល ក្រោយពេលចាប់ថ្មីទើបតែអនុម័តនៅថ្ងៃពុធម្សិលមិញនេះ។
បើតាមច្បាប់ចាស់ ដែលចូលជាធរមានពីឆ្នាំ ១៩៤៨ ដល់ ១៩៩៦ ប្រជាជនជប៉ុនជាច្រើនត្រូវគេបង្ខំឲ្យទទួលការវះកាត់ដើម្បីការពារកុំអោយមានកូន ហើយច្បាប់នោះចាត់ទុកថាការធ្វើបែបនោះជារឿងតូចតាច។ ជនរងគ្រោះដែលត្រូវគេបង្ខំអោយធ្វើបែបនោះភាគច្រើន មានបញ្ហាកាយសម្បទា បញ្ហាខួរក្បាល ឬបញ្ហារាងកាយផ្សេងៗទៀត និងមានជំងឺរុាំរៃជាដើម។
នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានធ្វើការសុំទោសចំពោះការឈឺចាប់ដែលពួកគេបានជួបប្រទះ។
បើតាមច្បាប់ថ្មី ជនរងគ្រោះដែលនៅរស់រានទាំងអស់នឹងទទួលបានសំណងក្នុងម្នាក់ៗចំនួន ៣,២លានយេន ឬស្មើនឹង ២៨.៦០០ដុល្លាអាមេរិច។
ពួកគេមានរយៈពេល ៥ឆ្នាំ ដើម្បីដាក់ពាក្យស្នើសុំសំណង ហើយសំណើររបស់ពួកគេនឹងត្រូវធ្វើការយល់ព្រម ដោយក្រុមអ្នកជំនាញ។
លោក Shinzo Abe ថ្លែងក្នុងសេចក្តីប្រកាសថា “ក្នុងកំឡុងពេលច្បាប់នៅជាធរមាន មនុស្សជាច្រើនត្រូវបានដាក់ឲ្យទទួលការវះកាត់ ដែលធ្វើឲ្យពួកគេមិនអាចមានកូន ដោយផ្អែកលើកាយសម្បទារមិនគ្រប់លក្ខណៈ ឬដោយសារមានជំងឺរុាំរៃ ដែលធ្វើឲ្យពួកគេទទួលការឈឺចាប់យ៉ាងខ្លាំង”។
“ក្នុងនាមជារដ្ឋាភិបាលដែលធ្វើច្បាប់នេះ ក្រោយពេលមានការឆ្លុះបញ្ជាំងយ៉ាងស៊ីជម្រៅ ខ្ញុំសូមធ្វើការសុំទោសអស់ពីដួងចិត្ត”៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC