Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប​. ប្រតិកម្ម​ទៅ​វិទ្យុ​អន​ឡាញ​បម្រើ​នយោបាយ​អាមេរិក​

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) កាលពី​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៧ បាន​សេចក្ដីប្រកាស​ព័ត៌មាន ស្តីពី​ការពិនិត្យ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​បោះឆ្នោត​ដែល​ត្រូវ​លុប​។​

​បើតាម​សេចក្តីប្រកាស​របស់ គ​.​ជ​.​ប​. បញ្ជាក់ថា បន្ទាប់ពី​ធ្វើបញ្ជី​បច្ចុប្បន្នភាព នា​ឆ្នាំ​២០១៧ ចំនួន​អ្នក​ចុះឈ្មោះ​ថ្មី​មាន​ចំនួន ៥​សែន​៣​ម៉ឺន​នាក់ ដែល​ចំនួន​សរុប​នៃ​អ្នកបោះឆ្នោត​គឺ ៨.៣៨០.២១៩ នាក់​។ គ​.​ជ​.​ប បាន​ទុកពេល​១០​ថ្ងៃ ក្នុង​ខែធ្នូ ឆ្នាំ​២០១៧ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​លុប​។ ទន្ទឹមនឹងនេះ​វិទ្យុ អន​ឡាញ (Online) មួយ​បាន​ចុះផ្សាយ កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ ថា “​សង្គម​ស៊ីវិល​ឃ្លាំមើល​ការបោះឆ្នោត​រកឃើញថា មាន​ពលរដ្ឋ​ខ្លះ​បាន​បាក់​ទឹកចិត្ត​លែង​ទៅពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត​… ចំណែក​ពលរដ្ឋ​ខ្លះ​យល់ឃើញថា គ​.​ជ​.​ប គ្រាន់តែ​ជា​ឧបករណ៍​របស់​បក្ស​កាន់អំណាច​…” ។​

​ក្រុម​ប្រតិកម្ម​ព័ត៌មាន​នៃ គ​.​ជ​.​ប សុំ​សួរ​ទៅ​ម្ចាស់​អត្ថបទ​នេះ​ថា តើ​សង្គម​ស៊ីវិល​ដែល​ចាត់តាំង​ខ្លួន ដោយ​ខ្លួនឯង​ថា​ជា​អ្នកឃ្លាំមើល​ការបោះឆ្នោត ជា​សង្គម​ស៊ីវិល​មួយណា ហើយ​ពលរដ្ឋ​ខ្លះ​នោះ ជា​ពលរដ្ឋ​ណា​ដែរ​?

​ក្នុងនាម​ជា​អ្នកសារព័ត៌មាន​អាជីព​មិនត្រូវ​សរសេរ​ព័ត៌មាន​ណា​ដែល​គ្មាន​មូលដ្ឋាន ឬ​គ្រាន់តែ​ឮ​គេ​ថា យកមក​ចុះផ្សាយ​ព័ត៌មាន​នោះទេ​។ ជាងនេះទៀត គ​.​ជ​.​ប មាន​ក្រមសីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ដំណើរការ​បោះឆ្នោត ហើយ​ចំណុច ៦.១២ បានចែង​យ៉ាងច្បាស់​ថា “​ការបញ្ចេញ​ប​ញ្ជូ​ល​នូវ​ទស្សន​ផ្ទាល់ខ្លួន ឬក៏​ធ្វើ​បុរេវិនិច្ឆ័យ​នៅក្នុង​ហេតុការណ៍​កំពុង​កើតមាន​ដែល​ខ្លួន​ធ្វើ​សេចក្តីរាយការណ៍ ” ត្រូវបាន​ហាមឃាត់​។​

​ក្រុម​ប្រតិកម្ម​ព័ត៌មាន​នៃ គ​.​ជ​.​ប យល់ឃើញថា ការសរសេរ​បែបនេះ គឺ​ក្នុង​គោលបំណង​យក​សង្គម​ស៊ីវិល និង​ពលរដ្ឋ​កម្ពុជា​ជា​ចំណាប់ខ្មាំង​នៃ​អត្ថបទ​របស់ខ្លួន ហើយ​មាន​ចេតនា​ធ្វើឱ្យមាន​ការភាន់ច្រឡំ​នាំឱ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​ដែល​ផ្ទុយ​ពី​ការគិត​របស់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​តែងតែមាន​សុភ​វិនិច្ឆ័យ និង​ទទួលស្គាល់​ការងារ​របស់ គ​.​ជ​.​ប ។ ជន​ណាក៏ដោយ​ដែល​ធ្វើបែបនេះ​ត្រូវ​ហាមឃាត់​ក្នុង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មាត្រា ១៤២ ហើយ​ដែល​នឹង​អាច​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី ៥​លាន ទៅ​២០​លាន​រៀល​ដោយ គ​.​ជ​.​ប ដោយ​មិនទាន់​គិតពី​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​។​

​តាមពិត គ​.​ជ​.​ប បាន​សង្កេតឃើញថា​ចំនួន​អ្នកពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​ដែល​នឹងត្រូវ​លុបចេញ​ពី​បញ្ជី​បោះឆ្នោត បាន​ចូល​ពិនិត្យ​តាម​គេហទំព័រ​របស់ គ​.​ជ​.​ប www.voterlist.org.kh ចំនួន​ជាង ២៦,៥​ម៉ឺន​នាក់ គិត​ត្រឹម​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៧​។ ចំនួន​នេះ​មិនបាន​រាប់បញ្ចូល​ពី​ចំនួន​ប្រជាពលរដ្ឋ​ដែល​ទៅពិនិត្យ​ឈ្មោះ​របស់ ខ្លួន​នៅក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​ដែល​បាន​បិទ​ផ្សាយ​នៅ​សាលាឃុំ សង្កាត់ និង​នៅ​ទីប្រជុំជន​ណាមួយ​ក្នុង​ឃុំ សង្កាត់ ទូទាំងប្រទេស​។ គ​.​ជ​.​ប ក៏បាន​សង្កេតឃើញ​ផងដែរ​ថា​ប្រជាពលរដ្ឋ​មួយចំនួន​មាន​ទំនុកចិត្ត​លើ​ការចុះឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ឈ្មោះ​របស់​ពួកគាត់​ត្រូវបាន​កត់ត្រា ផ្ទៀងផ្ទាត់​យ៉ាង​ហ្មត់ចត់ និង​ត្រឹមត្រូវ​តាម​ឯកសារ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដែល​គាត់​ប្រើ​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​។ គ​.​ជ​.​ប ក៏​យល់​ផងដែរ​ថា ការជាប់រវល់​ជាមួយនឹង​មុខរបរ ឬ​អាជីវកម្ម​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​មិនបាន​ចាប់អារម្មណ៍​នឹង​សិទ្ធិ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ ដែល​រឿង​បែបនេះ​បាន​នឹង​កំពុង​កើតមាន​មិន​ខុសពី​បណ្តា​ប្រទេស​អភិវឌ្ឍ​នានា​ក្នុង​ពិភពលោក​៕​​ដោយ​៖​បញ្ញា​ស័ក្តិ​

×