ប៉ូលីសស្រីលង្កាបាននិយាយថា ពួកគេបានធ្វើការបាញ់ប្រហារលើគ្នាជាមួយនឹងក្រុមប្រដាប់អាវុធមួយក្រុម នៅភាគខាងកើតប្រទេស ខណៈពេលពួកគេកំពុងប្រមាញ់ក្រុមដែលជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែក កាលពីអាទិត្យមុន។
អ្នកនាំពាក្យយោធាស្រីលង្កាបានថ្លែងថា មានការផ្ទះអាវុធដាក់គ្នា ខណៈពេលប៉ូលីសកំពុងធ្វើការវាយឆ្មក់នៅក្នុងទីក្រុង Ampara Sainthamaruthu។
នៅក្នុងការវាយឆ្មក់ផ្សេងគ្នា ប៉ូលីសបានបញ្ជាក់ថា ពួកគេបានរឹបអូសយកគ្រឿងផ្ទុះ និងឯកសណ្ឋាន របស់ក្រុមរដ្ឋអ៊ីស្លាម (IS)។
កាលពីខាងដើម លោកនាយករដ្ឋមន្ត្រីប្រទេសស្រីលង្កាបានធ្វើការព្រមានថា ការវាយប្រហារមិនទាន់ចប់ នៅឡើយទេ។
ចំណែកប្រធានាធិបតីស្រីលង្កាវិញឈ្មោះ Maithripala Sirisena បាននិយាយកាលពីថ្ងៃម្សិលមិញថា ភ្នាក់ងារស៊ើបអង្កេតរបស់ស្រីលង្កាជឿជាក់ថា មានជនសង្ស័យចំនួន ១៣០នាក់ដែលជាបណ្តាញរបស់ក្រុមរដ្ឋអ៊ីស្លាម កំពុងស្ថិតនៅក្នុងប្រទេស ហើយប៉ូលីសកំពុងតែតាមប្រមាញ់ពួកគេ ៧០នាក់ដែលកំពុងរត់គេចខ្លួន។
សូមរម្លឹកថា ការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើនកន្លែងនៅក្នុងប្រទេសស្រីលង្កាកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាលឲ្យមនុស្សជាង ២៥០នាក់ស្លាប់ និងជិត ៥០០នាក់រងរបួស។
ក្រោយការវាយប្រហារ ពួកក្រុមរដ្ឋអ៊ីស្លាមបានចេញមុខអះអាងថា ជាទំនួលខុសត្រូវរបស់ពួកគេ ហើយការវាយប្រហារនោះគឺជាការសងសឹកទៅនឹងការបាញ់ប្រហារទៅលើ ក្រុមអ្នកកាន់សាសនាអ៊ីស្លាម ស្ថិតក្នុងទីក្រុង Christchurch ប្រទេសញូវស៊ីឡែន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC