បុគ្គលិកបោះឆ្នោតច្រើនជាង ២៧០នាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានស្លាប់ ដោយសារជំងឺផ្សេងៗ ដែលបណ្តាលមកពីការធ្វើការយូរម៉ោងខ្លាំងពេក ដើម្បីរាប់សន្លឹកឆ្នោតរាប់លានសន្លឹក ដោយដៃទទេ ។
លោក Arief Priyo Susanto អ្នកនាំពាក្យគណៈកម្មការបោះឆ្នោតជាតិ បាននិយាយថា បុគ្គលិកចំនួន ១,៨៧៨ បានធ្លាក់ខ្លួនឈឺ។
កាលពីការបោះឆ្នោតនៅថ្ងៃទី ១៧ខែ មេសានេះ មានមនុស្សចំនួន ៧លាននាក់ បានធ្វើការរាប់សន្លឹកឆ្នោត និងធ្វើការពិនិត្យដំណើរការ។ បុគ្គលិកទាំងនោះបានធ្វើការរហូតដល់យប់ ក្នុងបរិយាកាសហប់ខ្លាំង។
មនុស្សចំនួន ១៩៣លាននាក់មានសិទ្ធិបោះឆ្នោត ហើយមានចំនួន ៨០ភាគរយបានទៅបោះឆ្នោត នៅក្នុងការិយាល័យជាង ៨០០.០០០សែន។
សូមបញ្ជាក់ថា បច្ចុប្បន្ន ឥណ្ឌូនេស៊ីមានប្រជាជនសរុបជាង ២៦០លាននាក់ ។ នេះគឺជាលើកដំបូងហើយ ដែលប្រទេសនេះ បានធ្វើការបូកបញ្ជូលគ្នានូវសន្លឹកឆ្នោតនៃការបោះឆ្នោតប្រធានាធិបតី ជាមួយនឹងសន្លឹកឆ្នោតសភាជាតិ និងតំបន់ ដើម្បីធ្វើការសន្សំចៃថវិការ។
ទាំងប្រធានាធិបតី Joko Widodo និងមេដឹកនាំបក្សប្រឆាំង Prabowo Subianto សុទ្ធតែអះអាងពីជ័យជំនះរៀងខ្លួន ទោះបីការរាប់សន្លឹកឆ្នោតបណ្តោះអាសន្នបានបង្ហាញថា លោក Joko Widodo ឈ្នះបានប្រហែល ៩ ទៅ ១០ភាគរយប៉ុណ្ណោះ ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព ៖ BBC