ប្រធានាធិបតីស្រីសង្កា លោក Maithripala Sirisena នៅថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការប្រកាស ដោយហាមមិនឲ្យស្ត្រីទាំងអស់គ្រប ឬបិទបាំងមុខទៀតទេ ដើម្បីឲ្យអាជ្ញាធរងាយស្រួលកំណត់អត្តសញ្ញាណ។ ការដាក់បំរាមបែបនេះ កើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពេលក្រុមរដ្ឋអ៊ីស្លាមបានធ្វើការបំផ្ទុះគ្រាប់បែកជាច្រើន បណ្តាលឲ្យមនុស្សចំនួន ២៥៣នាក់ស្លាប់។
លោកបានថ្លែងថា គាត់បានប្រើប្រាស់អំណាចពិសេស ដើម្បីហាមប្រាមលើការបិទបាំងមុខគ្រប់ទម្រង់ទាំងអស់ នៅទីសាធារណៈ។ បំរាមនេះនឹងចូលជាធរមាននៅថ្ងៃច័ន្ទនេះ។
លោកថ្លែងនៅក្នុងសេចក្តីប្រកាសថា “ការដាក់បំរាមនេះគឺដើម្បីធានាសន្តិសុខជាតិ ហើយគ្រប់គ្នាមិនគួរបិទបាំងមុខ ដើម្បីធ្វើឲ្យពិបាកក្នុងការកំណត់អត្តសញ្ញាណឡើយ”។
ការប្រកាសពីបំរាម បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលបុព្វជិតអ៊ីស្លាមបានជំរុញឲ្យស្ត្រីអ៊ីស្លាមទាំងអស់កុំឲ្យគ្របមុខរបស់ពួកគេ ក្រោយមានការមានការបំផ្ទុះគ្រាប់បែកដោយក្រុមរដ្ឋអ៊ីស្លាម។
សូមបញ្ជាក់ថា ប្រជាជនស្រីលង្កាភាគច្រើនកាន់សាសនាព្រះពុទ្ធ ចំណែកអ្នកកាន់សាសនាអ៊ីស្លាមក្នុងប្រទេសនេះ មានចំនួនប្រហែល ១០ភាគរយប៉ុណ្ណោះ។ បច្ចុប្បន្ន ប្រទេសនេះមានប្រជាជនសរុបជាង ២១លាននាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia