មនុស្សចំនួន ១៧នាក់បានស្លាប់ និង ៩នាក់កំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះទឹកជំនន់ និងបាក់ដីបានវាយប្រហារកោះ Sumatra របស់ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរ នៅថ្ងៃអាទិត្យម្សិលមិញនេះ ។
ទឹកជំនន់ និងការរអិលបាក់ដីកើតឡើងដោយសារតែមានភ្លៀងធ្លាក់ខ្លាំងឥតឈប់អស់ជាច្រើនថ្ងៃ ។
មនុស្សចំនួន ១២.០០០នាក់ត្រូវបានជន្លៀសចេញ ខណៈដែលអាគារ ស្ពាន និងផ្លូវរាប់រយបានរងការបំផ្លិចបំផ្លាញដោយគ្រោះធម្មជាតិទាំងនោះ។ គ្រោះទឹកជំនន់ ប៉ះពាល់ដល់ស្រុកចំនួន ៩ នៅក្នុងខេត្ត Bengkulu ។
អ្នកនាំពាក្យភ្នាក់ងារគ្រោះមហន្តរាយជាតិបានធ្វើការព្រមានថា ផលប៉ះពាល់នៃគ្រោះធម្មជាតិនោះអាចនឹងកើតឡើង។ លោកបញ្ជាក់ថា មនុស្សជាច្រើននាក់ផងដែរ បានរងរបួសនៅក្នុងហេតុការណ៍ដ៏អាក្រក់នោះ ។
អ្នកនាំពាក្យដដែលឈ្មោះ Sutopo Purwo Nugroho បញ្ជាក់ថា “ការរអិលបាក់ដី និងគ្រោះទឹកជំនន់ អាចកើតឡើងម្តងទៀត ប្រសិនជាភ្លៀងនៅបន្តធ្លាក់ខ្លាំង” ។
“គ្រោះមហន្តរាយទី ២ ដែលបង្កជាជំងឺស្បែក និងការឆ្លងរោគផ្សេងៗ ដោយសារការខ្វះអនាម័យ និងខ្វះទឹកស្អាត ក៏នឹងអាចកើតឡើងផងដែរ”។
សូមបញ្ជាក់ថា គ្រោះទឹកជំនន់ និងការរអិលបាក់ដី តែងកើតមានជាញឹកញាប់នៅក្នុងប្រទេសដែលមានប្រជាជនជាង ២៦០លាននាក់នេះ ជាពិសេសនៅក្នុងរដូវមូសុងចន្លោះខែ តុលា ដល់ខែមេសា ដោយសារភ្លៀង ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia